ប៉ុន្មានឆ្នាំចុងក្រោយនេះមានប្រជាពលរដ្ឋរាប់លាននាក់បានប្រើប្រាស់សេវាទូទាត់ថ្លៃទឹកនិងភ្លើង តាមភ្នាក់ងារ Wing (វីង)។ ការទូទាត់ថ្លៃសេវាទឹកនិងភ្លើងនេះ ក្រោម១០ម៉ឺនរៀល ត្រូវបង់ថ្លៃសេវា១ពាន់រៀល។ បើគិតចាប់ពី១០ម៉ឺនរៀលឡើងទៅ ត្រូវបង់ថ្លៃសេវា២ពាន់រៀល ក្នុងមួយលើក។
ប៉ុន្តែកាលពីថ្ងៃទី១៥កុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋរាប់លានគ្រួសារដែលប្រើទឹក ភ្លើង អស់ក្រោម១០ម៉ឺនរៀល អាចទៅទូទាត់ថ្លៃសេវានេះតាមភ្នាក់ងារ Wing (វីង) ដោយមិនគិតថ្លែសេវាដែលផ្ញើនោះទេ។
លោកមានប្រសាសន៍ថា «កាលពីដើមគេមិនយកសេវា ឥឡូវក្រោម១០ម៉ឺនរៀលគេអត់យកសេវាទេ វាពាក់ព័ន្ធជាមួយប្រជាពលរដ្ឋច្រើនចូលដល់លានគ្រួសារ ដែលប្រើប្រាស់ភ្លើងក្រោម១០ម៉ឺនរៀលនោះ អគុណណាស់ប្រឹងប្រែងធ្វើបន្តទៀត ដើម្បីចូលរួមចំណែក ធ្វើឲ្យតម្លៃអគ្គិសនីធ្លាក់ចុះ មិនគ្រាន់តែក្នុង វិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺការប្រើប្រាស់របស់ប្រជាជន»។
ទោះជាបែបនេះក្តី ពលរដ្ឋមួយចំនួនបានអះអាងប្រហាក់ប្រហែលគ្នាថា ពួកគេនៅតែចំណាយថ្លៃសេវា ជាថ្នូរនឹងបង់ថ្លៃទឹក ភ្លើងដដែលបើទោះជាពួកគេត្រូវបង់វិក័យបត្រ ក្រោម១០ម៉ឺនរៀលក៏ដោយ។
ឈរនៅមុខតូប Wing (វីង) មួយកន្លែងម្តុំផ្សារដើមគរ លោក ជា សុភ័គ្រ បានរៀបរាប់អ្នកយកព័ត៌មានថា នៅពេលគាត់យកវិក័យបត្រភ្លើងយកទៅបង់នៅសាខា Wing (វីង) ក្រោម១០ម៉ឺនរៀល ត្រូវបានអ្នកផ្តល់សេវានោះ តម្រូវឲ្យគាត់បង់ថ្លៃសេវា១៥០០រៀល។
លោកនិយាយថា «គ្រាន់តែយើងហុចក្រដាសទៅ[វិក័យបត្រភ្លើង]គេមើលថ្លៃភ្លើង យើងដឹងតែបង់អស់មួយម៉ឺនជាង គេដឹងថាយកថ្លៃសេវា១៥០០រៀល គ្មានឆ្លើយអីលុយ១៥០០រៀល»។
យ៉ាងណាក៏ដោយ លោក សុភ័គ្រ បានឲ្យដឹងទៀតថា លោកមិនធ្លាប់ឮអ្នកផ្តល់សេវា Wing (វីង) ប្រាប់ពីព័ត៌មាន ដែលថា អ្នកបង់ទឹក ភ្លើង ក្រោម១០ម៉ឺនរៀល មិនតម្រូវឲ្យបង់ថ្លៃសេវានោះទេ។
អង្គុយក្រោមសំយ៉ាបផ្ទះលក់គ្រឿងទេស អ្នកស្រី សេង ដានី បានរៀបរាប់ថា ដើមចមដែលអ្នកផ្តល់សេវា Wing (វីង) មិនពន្យល់ប្រាប់ពីរបៀបនៃការបង់ទឹកភ្លើងក្រោម១០ម៉ឺនរៀល ដោយមិនឲ្យបង់ថ្លៃសេវា១ពាន់រៀលក្នុងមួយលើក ទំនងជាពួកគេចង់ឲ្យអតិថិជនបង់ថ្លៃសេវានោះ ដើម្បីទទួលបានផងប្រយោជន៍ ឬប្រាក់ចំណេញ។
លោកនិយាយ «ថ្លៃបង់ទឹកភ្លើង សម្តេចប្រកាសថា មិនបាច់បង់ មិនបាច់ឲ្យលុយថ្លៃសេវា១ពាន់រៀល ប៉ុន្តែខ្ញុំយកទៅបង់ គេមែនមិនដឹង គេដឹង ប៉ុន្តែគេនៅតែយក អ្នកជិតខាងទំាងឆ្វេង ខាងស្តំា សុទ្ធតែអ្នកជិតខាងតែមួយ យើងស្គាល់ យើងអត់ហ៊ាននិយាយ ដ៏ពេលនិយាយទៅខ្លាចគេ អាក់អន់ចិត្តជាមួយយើង ព្រោះអីផ្ទះគេបើករកស៊ី ដ៏ពេលយកទៅ យើងមិនឲ្យផលប្រយោជន៍គេ គេចំណាយពេលវេលាមកលើយើង»។
អតិថិជន Wing (វីង) មួយចំនួនបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេចង់ឲ្យក្រុមហ៊ុន Wing (វីង) ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសតាមទូរទស្សន៍ ឲ្យបានទូលំទូឡាយ រួមទំាងប្រាប់ទៅភ្នាក់ងាររបស់ខ្លួនគ្រប់សាខាទំាងអស់នៅទូទំាងប្រទេស ឲ្យពន្យល់អតិថិជនពីការបង់ថ្លៃភ្លើង ទឹក ក្រោម១០ម៉ឺនរៀល មិនចំាបាច់ចំណាយលើថ្លៃសេវា១ពាន់រៀល ទើបទទួលបានផលវិជ្ជមាន និងធ្វើឲ្យប្រជាពលរដ្ឋកាន់តែចាប់អារម្មណ៍ពីការប្រើប្រាស់សេវា Wing (វីង) នោះ។
ដើរចេញពីកន្លែងបង់ទឹកភ្លើងនៅផ្តុំសំណង់១២ រាជធានីភ្នំពេញ លោក សំាង សំអន បាននិយាយថា លោកចង់ឲ្យសាខា Wing (វីង) ទំាងអស់ ត្រូវប្រាប់ពួកគេពីនីតិវិធី ធ្វើយ៉ាងណាកុំឲ្យពួកគេបង់ថ្លៃសេវាទឹកភ្លើង ដោយថាជាការរួមចំណែកកាត់បន្ថយ ការចំណាយថវិកាមួយចំនួនដល់អ្នកមានជីវភាពក្រីក្រ។ លោកនិយាយថា «ម្ចាស់វីងគួរតែណែនាំប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋគ្នាមិនសូវដឹងការបង់ប្រាក់[ការបង់ថ្លៃសេវា] គួរតែណែនាំពន្យល់ប្រាប់គាត់មែនទែន ពីបញ្ហាបង់លុយ សេវាភ្លើងអត់អស់លុយចំពោះគ្នាអ្នកមានមិនសូវអីទេ ចំពោះរូបខ្ញុំអ្នកអត់ច្រើនដែរ តិចតួចៗ ១ពាន់ ២ពាន់»។
VOD បានសាកសួរភ្នាក់ងារ ផ្តល់សេវា Wing (វីង) នៅតាមសាខាជាង១០សាខា ក្នុងរាជធានីភ្នំពេញដែរ ក្នុងនោះមានតែមួយសាខាតែប៉ុណ្ណោះដែលព្រមឆ្លើយប្រាប់អ្នកយកព័ត៌មាន។
លោក មុយ ហុងលាង ភ្នាក់ងារផ្តល់សេវា Wing (វីង) នៅម្តុំសំណង់១២ បានអះអាងថា លោកមិនដែលទទួលបានព័ត៌មានពីក្រុមហ៊ុន Wing (វីង) ប្រាប់ពីការបង់ទឹកភ្លើងក្រោម១០ម៉ឺនរៀល មិនឲ្យទូទាត់យកថ្លៃសេវា១ពាន់រៀលនោះទេ។ លោកថា ដរាបណាក្រុមហ៊ុនមិនប្រាប់គាត់ នោះគាត់នៅតែយកថ្លៃសេវាបង់ថ្លៃទឹកភ្លើងដដែល។
លោកនិយាយថា «ខ្ញុំអត់ទាន់ឮខាងលើ គេប្រាប់មកថា យើងអត់មានគិតថ្លៃ ពីសេវា ពី១០ម៉ឺនរៀលចុះមក អត់គិតសេវាខាងគេ[ក្រុមហ៊ុនវីង]អត់ទាន់ប្រាប់ តែខាងគេអត់ប្រាប់ យើងអត់មានសិទ្ធិទៅបញ្ចុះបានទេ»។
មន្ត្រីផ្តល់សេវ៉ាបំរើអតិថិជននៅក្រុមហ៊ុន Wing (វីង) បានឲ្យដឹងថា អតិថិជនទំាងអស់ដែលទៅបង់ថ្លៃទឹក ភ្លើង ក្រោម១០ម៉ឺនរៀល មិនអស់ថ្លៃសេវា១ពាន់រៀល លុះត្រាតែអតិថិជននោះមានគណនេយ្យ Wing (វីង) ផ្ទាល់ខ្លួនជាមុនសិន។ កញ្ញាថា រាល់ព័ត៌មានពាក់ព័ន្ធនឹងការមិនគិតថ្លៃសេវាទឹក ភ្លើង នេះ ក្រុមហ៊ុន Wing (វីង) បានប្រាប់ទៅភ្នាក់ងាររបស់ខ្លួនទំាងអស់រួចហើយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីប្រកាស កាលពីពាក់កណ្តាលខែកុម្ភៈឯណោះ។
មន្ត្រីរូបនោះបន្តទៀតថា បើអតិថិជនដែលមានគណនេយ្យ Wing (វីង) ហើយទទួលបានព័ត៌មាន ឬជួបភាពមិនប្រក្រតីនៅពេលទៅបង់ទឹក ភ្លើង ក្រោម១០ម៉ឺនរៀល ត្រូវបានភ្នាក់ងារ Wing (វីង) ទូទាត់យកថ្លៃសេវា១ពាន់រៀល ត្រូវរាយការណ៍មកក្រុមហ៊ុន Wing (វីង) ជាបន្ទាន់។
មន្ត្រីរូបនោះនិយាយថា «បើសិនជាខាងអតិថិជនគាត់មានបញ្ហា កើតឡើងគាត់អាចទាក់ទងមកខាងយើងខ្ញុំ ដើម្បីធ្វើការត្រួតពិនិត្យបានបង [ទាក់ទង តើគាត់គួរតែទាក់ទងតាមរយៈណាដែរ] គាត់អាចទាក់ទងនិងខាងយើងខ្ញុំតាមរយៈលេខ ០២៣ ៩៩៩៩៨៩ ឬក៏គាត់អាចទាក់ទងមកលេខ ០១២ ៩៩៩ ៤៨៩»។
តើត្រូវធ្វើដូចម្តេច ដើម្បីបង្កើតគណនេយ្យ Wing (វីង) បាន? មន្ត្រីផ្តល់សេវ៉ាបំរើអតិថិជននៅក្រុមហ៊ុន Wing (វីង) បានពន្យល់ថា អតិថិជនទំាងអស់ដែលចង់បង្កើតគណនេយ្យ Wing (វីង) ដើម្បីបង់ទឹក ភ្លើង ក្រោម១០ម៉ឺនរៀល មិនឲ្យអស់ថ្លៃសេវា១ពាន់រៀលនោះ ពួកគេត្រូវបំពេញបែបបទដូចជា ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬ ប៉ាស់ស្ព័រ ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារជាដើម អាចយកទៅឲ្យភ្នាក់ងារ Wing (វីង)គ្រប់សាខាទំាងអស់ ដើម្បីបង្កើតគណនេយ្យ Wing (វីង) ដោយមិនគិតថ្លៃផងដែរ ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ដើម្បីអនុវត្តប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលថាការបង់ទឹកភ្លើង ក្រោម១០ម៉ឺនរៀល មិនគិតថ្លៃសេវានោះ ឲ្យមានប្រសិទ្ធិភាពបាន លុះត្រាតែក្រុមហ៊ុន Wing (វីង) កុំកំណត់ឲ្យអតិថិជនរបស់ខ្លួនបង្កើតគណនេយ្យ Wing (វីង) ពោលនៅពេលពួកគេកាន់វិក័យបត្រទៅបង់លុយទឹក ភ្លើង មិនត្រូវយកថ្លៃសេវ៉ាពីអតិថិជននោះទេ។
លោកយល់ថា «នៅកម្ពុជាហាក់ដូចជាមានការលំបាក ឬក៏ការចាប់អារម្មណ៍មួយទៅលើការបង្កើតគណនេយ្យនៅតាមវីង ខ្ញុំថាយកល្អ ក្រុមហ៊ុនវីងគួរតែដកចេញនូវលក្ខណ្ឌហ្នឹងទៅ អតិថិជនណាក៏ដោយឲ្យតែត្រូវបង់លុយ ឲ្យតែមានវិក័យបត្រភ្លើងយកទៅបង់លុយតាមរយៈវីង ហើយតម្លៃពួកគេដែលបានប្រើប្រាស់ក្រោម១០ម៉ឺនរៀល ឲ្យដោយឥតគិតថ្លៃ បានន័យថាមិនចំាបាច់បង្កើតគណនេយ្យវីងទេ ទើបវាជាប្រសិទ្ធភាពមួយ»៕