នៅទីបំផុតការប្រកួតអន្តរជាតិដណ្ដើមខ្សែក្រវាត់ដែលបានធ្វើឡើងនៅស្ដាតអូឡាំពិករវាងកីឡាករល្បីឈ្មោះ សេន ប៊ុនថេន និងកីឡាករវ័យក្មេងមកពីប្រទេសអ៊ុយក្រែន ត្រូវបានបញ្ចប់ក្នុងលទ្ធផលខុសពីការគ្រោងទុកយ៉ាងខ្លាំង ដោយសារតែកីឡាករកម្ពុជាដែលត្រូវគេស្គាល់ជាម្ចាស់ខ្សែក្រវាត់រាប់មិនអស់ជាអ្នកទទួលបរាជ័យ ដែលធ្វើអោយខ្សែក្រវាត់ជើងខ្លាំងបានធ្លាក់ទៅលើគូប្រកួត។
នេះជាការប្រកួតដែលបានរៀបចំឡើងដោយសហព័ន្ធគុនខ្មែរអន្តរជាតិ ក្រោមការចាប់ដៃទាំងស្រុងរវាងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងគណៈកម្មការអូឡាំពិកកម្ពុជា ដើម្បីស្វែងរកក្នុងពិភពគុនខ្មែរនិងដើម្បីផ្សព្វផ្សាយក្បាច់ប្រដាល់ខ្មែរទៅកាន់ឆាកអន្តរជាតិ។
នេះជាការប្រកួតដែលកម្ពុជាធ្វើឡើងជាលក្ខិណៈអន្តជាតិលើកទី១ ដោយមានការកីឡាករមកពីពាសពេញពិភពលោករហូតដល់១១ប្រទេសមកប្រកួត ដែលការប្រកួតនេះត្រូវបានរៀបចំឡើងនៅស្ដាតអូឡាំពិកតាំងពីថ្ងៃទី៨ធ្នូ និងគ្រោងបញ្ចប់នៅថ្ងៃទី១០ធ្នូ។ ការប្រកួតទាំង៣ថ្ងៃនេះ ក្នុងមួយថ្ងៃមាន៩គូ ដោយគូខ្លះជាការប្រកួតរវាងកីឡាករកម្ពុជា និងបរទេស និងគូខ្លះជាការប្រកួតរវាងកីឡាករបរទេស និងបរទេស។
ក្នុងនោះគូខ្លះជាការប្រកួតលក្ខណៈមិត្តភាពដើម្បីស្ទាបស្ទង់សមត្ថភាព តែគូខ្លះគឺជាគូដណ្ដើមខ្សែក្រវាត់ ដោយគូខ្សែក្រវាត់សម្រាប់អ្នកឈ្នះទទួលបានទឹកប្រាក់១ពាន់ដុល្លារ និងខ្សែក្រវាត់ជើងឯកមួយដែលចេញអោយដោយសហព័ន្ធគុនខ្មែរអន្តរជាតិ។ កីឡាករបរទេសភាគច្រើន មកពីបណ្ដាទ្វីបអឺរ៉ុប និងអ៊ីរ៉ង់ នេប៉ាល់ និងប្រទេសឡាវជាដើម ដោយក្នុងនោះក៏មានការប្រកួតរវាងកីឡាការិនីនិងកីឡាការិនីផងដែរ។
យ៉ាងណាក៏ដោយការប្រកួតមួយនេះ មិនតម្រូវអោយកីឡាករកម្ពុជាប៉ះប្រកួតជាមួយកីឡាករនោះទេ ដោយកំណត់អោយកីឡាករកម្ពុជាប៉ះប្រកួតជាមួយកីឡាករបរទេស តែចំពោះកីឡាករបរទេសគឺគូត្រូវប៉ះជាមួយបរទេស ជាក់ស្ដែងក៏មានការប្រកួតរវាងកីឡាករអ៊ុយក្រែន និងអ៊ុយក្រែនផងដែរ។
ដោយឡែកសម្រាប់ការប្រកួតកាលពីថ្ងៃទី៩ ធ្នូ គេឃើញកីឡាករជនជាតិនេប៉ាល់ អ៊ីរ៉ង់ អ៊ុយក្រែន ជនជាតិបារាំង សុទ្ធតែបានប្រឹងប្រែងការប្រកួតជាមួយកីឡាករកម្ពុជា និងកីឡាករជាជនបរទេសដែលជាគូប្រកួត។ នៅក្នុងថ្ងៃនោះ ក៏មានការប្រកួតដណ្ដើមខ្សែក្រវាត់ដ៏ជក់ចិត្តរវាងកីឡាករជើងខ្លាំង សេន ប៊ុនថេន និងកីឡាករជាគូប្រកួត។
ការប្រកួតដែលបានធ្វើឡើងនាថ្ងៃនោះ កីឡាករ សេន ប៊ុនថេន ត្រូវបានគេប្រកាសថាជាគូប្រកួតដណ្ដើមខ្សែក្រវាត់ក្នុងប្រទេសទម្ងន់៧៥គីឡូក្រាមជាមួយនឹងកីឡាករមកពីប្រទេសអ៊ុក្រែនឈ្មោះ Kolibenko Valentyn តែគេប្រកួតក្នុងនាមជាកីឡាករពាក់កណ្ដាលអាជីពប៉ុណ្ណោះ ដោយមិនមែនប្រកួតក្នុងនាមជាកីឡាករអាជីពឡើយ។
អ្វីដែលគួរអោយភ្ញាក់ផ្អើលគឺទោះជាត្រូវប្រកួតពាក់កណ្ដាលអាជីពទៅហើយ ក៏កីឡាករល្បីឈ្មោះដែលធ្លាប់ផ្ទុះជម្លោះជាមួយជើងខ្លាំង វ៉ន វីវ៉ា រូបនេះនៅតែទទួលបរាជ័យលើគូប្រកួតវ័យក្មេងក្នុងទឹកទី៥។ កីឡាករអ៊ុយក្រែនត្រូវបានគេប្រកាសថាទើបតែប្រកួតបាន៤៥លើក ឈ្នះ៤០លើក ចាញ់៣លើក និងស្មើ២លើកប៉ុណ្ណោះ ប៉ុន្តែក្រឡេកទៅមើលការប្រកួតរបស់គេ គឺខ្លាំងហើយអាចវាយត្រូវលើកីឡាករ សេន ប៊ុនថេន តាំងពីទឹកទី៣រហូតដល់ទឹកទី៥ រហូតទទួលបានខ្សែក្រវាត់អន្តរជាតិ អមដោយទឹកប្រាក់១ពាន់ដុល្លារ ក្នុងពេលដែល សេន ប៊ុនថេន
ត្រូវបានគេដឹងថាមិនត្រឹមតែធ្លាប់ឆ្លងកាត់ការប្រកួតដល់ខ្ទង់រយដងប៉ុណ្ណោះទេ តែក៏ជាគ្រូបង្វឹកនាពេលចុងក្រោយនោះផង។
យ៉ាងណាមិញ កីឡាករ សេន ប៊ុនថេន បានអះអាងថាហេតុផលដែលលោកបរាជ័យ គឺដោយសារតែលោកមិនព្រមប្រើកែង ព្រោះតែខ្លាចកីឡាករអ៊ុយក្រែន មានគ្រោះថ្នាក់ ទើបបណ្ដាលអោយលោកក្លាយជាអ្នកចាញ់វិញ។
លោកថាលោកមានឱកាសប្រើកែងច្រើនដង ប៉ុន្តែអោយតែលោកតែរៀបនឹងបញ្ចេញក្បាច់នេះ លោកស្រម៉ៃដល់រូបភាពថានឹងធ្វើអោយកីឡាករអ៊ុយក្រែនសន្លប់ឬមានគ្រោះថ្នាក់ ទើបលោកបានត្រឹមតែប្រើម៉ាត់ និងទាត់ធ្វេងស្ដាំ ដែលបច្ចេកទេសទាំងនេះគឺលោកចាញ់ប្រៀប។
លោកក្រោយការបរាជ័យលោកទទួលបានតែតម្លៃខ្លួនជា៤០០ដុល្លារ ប៉ុន្តែសម្រាប់អ្នកឈ្នះគឺបានខ្សែក្រវាត់ និងទឹកប្រាក់១ពាន់ដុល្លារ។ លោកក៏សម្ដែងការខកចិត្តផងដែរ ដោយអះអាងថាបើកុំតែលោកអាណិតគូប្រកួត
ក៏ប្រហែលជាលោកមិនមានលទ្ធផលបែបនេះ។
គណៈកម្មការរៀបចំការប្រកួតបានអះអាងថាការប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិនេះ មានការប្រកួត៣ប្រភេទ គឺការប្រកួតរបស់កីឡាករស្ម័គ្រចិត្តកម្ពុជា និងបរទេស ការប្រកួតពាក់កណ្ដាលអាជីព និងការប្រកួតអាជីព។ លោក វ៉ាត់ ចំរើន អគ្គលេខាគណកម្មការអូឡាំពិកបញ្ជាក់ថា ពាក់កណ្ដាលអាជីពគឺសំដៅទៅលើកីឡាករដែលប្រកួត២នាទី សម្រាក៣នាទី ហើយការប្រកួតអាជីពគឺប្រកួត៣នាទី សម្រាក២នាទី
ចំណែកលក្ខណ្ឌគឺតែមួយប៉ុណ្ណោះ។
លោកថានេះជាព្រឹត្តិការណ៍ប្រដាល់ធំនៅកម្ពុជាដែលមានដល់ទៅ១១ប្រទេស ហើយការប្រកួតនេះក៏បានសហការទាំងស្រុងដោយប៉ុស្ដិ៍លេខ៥ដែលទទួលបន្ទុកផ្សព្វផ្សាយ និងផ្សាយបន្តផ្ទាល់ទាំង៣ថ្ងៃផងដែរ៕