យោងតាមការបញ្ជាក់របស់ផលិតករដែលបានចំណាយទុនផលិតរឿង «ធនញ្ជ័យ» ជាថ្មីបានអះអាងថាដើម្បីច្នៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរដ៏ល្បីល្បាញមួយនេះអោយក្លាយជាភាពយន្តភាគបាន គឺការចំណាយនឹងអាចឈានដល់យ៉ាងហោចជាង១២ម៉ឺនដុល្លារឯណោះ ដែលការចំណាយនេះ គឺខ្ពស់ជាងការទទួលបានពីស្ថានីយទូរទស្សន៍ដែលលោកផលិតអោយ ដែលលោកបានហៅការដំឡើងរឿងនេះថាខាតដើម១០០ភាគរយ។
យ៉ាងណាក៏ដោយលោកថាសុខចិត្តបោះទុនខាតចោល ដើម្បីកុំអោយភាពយន្តដែលបានផលិតឡើងមានភាពដដែលៗ និងដើម្បីទុកជាស្នាដៃអោយកូនខ្មែរបានស្គាល់ បានដឹងនូវខ្លឹមសាររឿង «ធនញ្ជ័យ» ស្របតាមកម្មវិធីសិក្សាផង។
លោក ប៊ុន ស៊ា ចាងហ្វាងផលិតកម្ម B&S Good Day Video បានអះអាងថា ក្នុងចំណោមរឿងភាគដែលលោកផលិតអោយប៉ុស្ដិ៍លេខ៥ លោកចាត់ទុកថានេះជារឿងទី១ដែលលោកសុខចិត្តបោះទុនទាំងខាតតែម្ដង ដោយសារតែនៅប៉ុស្ដិ៍លេខ៥គេមានកំនត់ក្នុងការផ្ដល់តម្លៃអោយមួយភាគៗ ដែលតម្លៃដែលលោកទទួលបាននោះលោកអះអាងថាមិនស្មើនឹងការចំណាយក្នុងការផលិតរឿងនេះទេ។
លោកថាភាពយន្តកន្លងមកលោកផលិតអស់ត្រឹមតែ៤ទៅ៦ម៉ឺនដុល្លារប៉ុណ្ណោះ ដោយតម្លៃដែលបានចំណាយនោះគឺក្រោយពីប៉ុស្ដិ៍លេខ៥ផ្ដល់អោយគឺសល់តិចតួចប៉ុណ្ណោះ ដោយមិនមែនចំណេញកប់ក្ដោងនោះឡើយ។
លោកមិនទាន់ទម្លាយថាក្នុងភាគដែលផលិតអោយប៉ុស្ដិ៍លេខ៥ទទួលបានប៉ុន្មានអោយច្បាស់នោះទេ ដោយគ្រាន់តែអះអាងថាសម្រាប់រឿងភាគបែបសម័យ គឺតម្លៃដែលប៉ុស្ដិ៍លេខ៥ផ្ដល់អោយអាចលោកបានស៊ី តែសម្រាប់ការផលិតរឿង «ធនញ្ជ័យ» នេះ គឺដឹងតែខាតតែម្ដង។
គ្រាន់តែជាគម្រោង លោកអះអាងថាចំណាយអស់១២ម៉ឺនដុល្លារទៅហើយ ដោយសារតែរឿងមួយនេះត្រូវទៅថតនៅខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ ដែលចំណាយច្រើនលើការស្នាក់នៅ ពិសេសលើកការជួលផ្ទះបុរាណធំៗ
និងចំណាយលើការរៀបចំប្លង់ផង ដើម្បីអោយសមជារឿងបុរាណ។
ក្នុងនោះក៏ចំណាយលើការគូសក្រាហ្វឹកក្នុងកំព្យុទ័រ អោយចេញជាសំពៅ៥០០របស់ចិនចូលមកកម្ពុជា និងត្រូវរៀបចំស្ទីឌីយោអោយសមជាវាំងចិន និងចំណាយលើការទិញ និងផលិតសម្ភារៈរាប់មិនអស់អោយត្រូវនឹងទម្រង់រឿងផងដែរ។
លោកថាមួយរឿងនេះមិនទាន់ច្បាស់ថា១២ម៉ឺនដុល្លារដែលគ្រោងចំណាយនឹងគ្រាន់នោះទេ ដោយសារតែភាពជាក់ស្ដែងគឺអោយតែលោកដាក់គម្រោងថាគួចំណាយអស់ប៉ុណ្ណេះឬប៉ុណ្ណោះ តែដល់ពេលដំណើរការក៏លើកចំនួនកំណត់។
លោកអះអាងថាផលិតមួយរឿងនេះ នឹងត្រូវខាតដើមដែលទទួលបានពីប៉ុស្ដិ៍លេខ៥ច្រើនម៉ឺនដុល្លារ តែលោកបញ្ជាក់ថាបើមិនសុខចិត្តខាតគឺភាពយន្តភាគនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នឹងមានតែរឿងបែបសម័យដដែលដែលលោកយល់ថាខ្វះភាពទាក់ទាញ។
លោកថាការខាតបង់មួយរឿងនេះ ហោចណាស់ក៏ជួយអោយស្នាដៃអក្សរសិល្ប៍មួយត្រូវបានលេចចេញជារូបរាងនៅលើកញ្ចក់ទូរទស្សន៍ ដើម្បីអោយកូនខ្មែរនិងអ្នកសិក្សាបានដឹងកាន់តែច្បាស់នៅពេលភាពយន្តមួយនេះត្រូវបានដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥នៅដើមឆ្នាំ២០១៨។
លោក ប៊ុន ស៊ា បន្តថាការផលិតរឿងដែលមានលក្ខណៈជាទម្រង់ជាអក្សរសិល្ប៍បែបនេះ គឺគ្រាន់តែរត់ការសុំច្បាប់ក៏ត្រូវចំណាយខ្ពស់ផងដែរ ជាពិសេសមុនពេលដំឡើងឆ្អឹងរឿង គឺខាងនាយកដ្ឋានភាពយន្តតម្រូវអោយសិក្សាតាំងពីសំលៀកបំពាក់តួអង្គ និងបរិយាកាសនៅក្នុងផ្ទៃរឿងឡើង ទើបអនុញ្ញាតិអោយលោកចេញផលិតជារឿងភាគនេះ។
លោកថាមួយរឿងនេះទទួលបានបទពិសោធន៍ច្រើនណាស់ ជាពិសេសគឺរឿងរត់ច្បាប់ ការចំណាយទៅការសិក្សាស្រាវជ្រាវ និងការរៀបចំឆ្អឹងរឿងជាដើម ដែលលោកអះអាងថាគឺមួយប្លង់ៗសុទ្ធតែមានការតាមដានពីអ្នកជំនាញ ដែលផ្ទុយពីការផលិតរឿងថ្មីនិពន្ធផ្ទាល់ដៃ គឺមិនមានត្រូវចំណាយលើការសើរើឯកសារ ឬត្រូវចំណាយលើការរត់ច្បាប់តាំងពីលើដល់ក្រោមនោះឡើយ។
យ៉ាងណាមិញ លោកនៅតែអះអាងថាការផលិតមួយរឿងនេះ នឹងទទួលបានជោគជ័យដោយលោកយល់ថាយ៉ាងហោចណាស់ក៏ឈុតឆាកដែលបានដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍រួចរាល់ ក៏នឹងត្រូវគេយកទៅបង្ហោះនៅលើ YouTube ដើម្បីអោយកូនខ្មែរក្នុងស្រុក និងក្រៅស្រុកបានទស្សនាដើម្បីដឹងច្បាស់ពីខ្លឹមសាររឿងនោះដែរ។
លោកថាមួយរឿងនេះគ្រាន់តែតួសំខាន់ៗគឺជាង៥០នាក់ ដោយតួនីមួយៗក៏តម្រូវអោយកាត់សក់ និងតម្រូវអោយកុងត្រាក្នុងពេលដំណើរការថតនោះផងដែរ ដើម្បីកុំអោយការសម្រុកចេញថតស្ថិតក្នុងការពង្រឹងគុណភាពអោយឆាប់ចប់ស្រាប់ តែតួជាប់រវល់ដែលបង្កកដល់ដំណើរត្រូវដាក់ផ្សាយនៅដើមឆ្នាំក្រោយ។
លោកថារឿងនេះលោកបានជ្រើសយកនាយព្រែក អោយសម្ដែងតួឯក និងជ្រើសយកតារាជាច្រើនទៀតរួមមាន លោក ទេព រិន្ទដារ៉ូ កញ្ញា ពៅ លីដា កញ្ញា មាស សម្ផស្ស និងតួអង្គដែលមានទម្រង់មុខបែបខ្មែរបុរាណជាច្រើនទៀតអោយសម្ដែងរួមគ្នា ដោយភាពយន្តនេះនឹងកំណត់យក៤០ភាគ ហើយគ្រោងចេញថត៤ខែនៅខេត្តកំពង់ស្ពឺ កំពង់ធំ និងខេត្តមួយចំនួនទៀតដែលមានទិដ្ឋភាពដែលបន្លំធ្វើសម័យកាលពីបុរាណបាន៕