សកម្មជនបរិស្ថាននៅឯខេត្តកោះកុង បានឲ្យដឹងថា ក្រុមយុវជន ប្រជាសហគមន៍ និងបុគ្គលិកអង្គការសង្គមស៊ីវិលជិត ៣០០នាក់ នៅថ្ងៃនេះ ត្រូវបានអាជ្ញាធរខេត្តរារាំង មិនឲ្យរៀបចំពិធីបុណ្យរំលឹកព្រៃកោងកាងនោះឡើយ ដែលនេះវាផ្ទុយទៅនឹងការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំមុន។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក ម៉ូត គឹមរី បានប្រាប់វីអូឌីនៅព្រឹកថ្ងៃនេះថា អង្គការរបស់លោកបានជូនដំណឹងទៅសាលាខេត្តកោះកុងរួចហើយ អំពីពិធីជួបជុំនេះ ដែលគ្រោងរៀបចំធ្វើឡើងនៅលើកោះស្រឡៅ ហើយក៏ទទួលបានការអនុញ្ញាតផងដែរ។
លោកអះអាងថា ប៉ុន្តែ អាជ្ញាធរឃុំកោះស្រឡៅ បានរារាំងសកម្មភាពជួបជុំនេះ ដោយប្រាប់ថា បារម្ភខ្លាចប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ។
លោក ម៉ូត គឹមរី បញ្ជាក់ថា៖ “ប្រព័ន្ធរដ្ឋបាលរបស់សាលាខេត្តហ្នឹងគឺមានភាពស្មុគស្មាញ ការិយាល័យធិបតេយ្យ ដែលយើងធ្លាប់និយាយថា ផ្ដល់ភាពស្មុគស្មាញដល់ភាគីដែលរៀបចំអីហ្នឹង គឺមានន័យថា ពួកគាត់តែងរារាំងសកម្មភាពយុវជនដែលធ្វើការទាក់ទងនឹងបរិស្ថាន ឬធនធានធម្មជាតិ”។
លោកបានចាត់សកម្មភាពរបស់អាជ្ញាធរឃុំកោះស្រឡៅថា ជាទង្វើផ្ទុយទៅនឹងឆន្ទៈរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគាំទ្រដល់យុវជន ឲ្យចូលរួមការពារធនធានធម្មជាតិ។
កាលពីខែកក្កដាឆ្នាំមុន ក្នុងពិធីសំណេះសំណាលមួយទាក់ទងនឹងបរិស្ថាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅអាជ្ញាធរឲ្យលើកទឹកចិត្តដល់មហាជន ជាពិសេសយុវជន ឲ្យចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ៕