តុលាការបន្តសំណុំរឿងសកម្មជនដីធ្លីតំបន់បឹងកក់ ខណៈដើមបណ្ដឹងឈប់ប្តឹង

សកម្មជនដីធ្លីតំបន់បឹងកក់

សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ បានបើកសវនាការលើសំណុំរឿងសកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន៦នាក់ ពាក់ព័ន្ធនឹងបទចោទថា ជេរប្រមាថជាសាធារណៈនិងគំរាមសម្លាប់ ប៉ុន្តែសវនាការនេះត្រូវបានលើកពេលទៅថ្ងៃក្រោយ ខណៈដើមបណ្តឹងដកពាក្យបណ្តឹងវិញ។

ការលើកពេលសវនាការនេះ បន្ទាប់ពីមេធាវីការពារក្ដីឲ្យសកម្មជនដីធ្លីទាំងនោះ បានស្នើទៅតុលាការសុំផ្អាកសវនាការ ដោយសារអវត្តមានសាក្សី មេធាវី និងដើមបណ្ដឹង។ ប៉ុន្តែព្រះរាជអាជ្ញា លោក តុប ឈុនឡុង ស្នើឲ្យចៅក្រមបន្តសវនាការករណីនេះបន្តទៀត បើទោះបីគ្មានដើមបណ្ដឹងនិងសាក្សីចូលរួមក៏ដោយ ដោយលើកហេតុផលថា បើទោះសាក្សីនិងដើមបណ្ដឹង​មិនមកចូលរួម ក៏អាចបន្តសវនាការបានដែរ  ដោយសារសាក្សីនិងដើមបណ្ដឹងបានបំភ្លឺនៅដំណាក់ចៅក្រមស៊ើបសួររួចហើយ។

បន្ទាប់ពីសម្រាកប្រហែល​ជា១០​នាទី ​ក្រោយ​មក​ទៀត ​ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន ធី បានប្រកាសលើកពេលសវនាការទៅថ្ងៃក្រោយវិញ ដោយសំអាងថាការស្នើសុំរបស់មេធាវីការពារក្ដីឲ្យសកម្មជដីធ្លីធ្វើឡើងមានមូលហេតុត្រឹមត្រូវ។

សកម្មជនដីធ្លីម្នាក់ក្នុងចំណោម៦នាក់ គឺ អ្នកស្រី គង់ ចាន់ថា  ប្រាប់អ្នកសារព័ត៌មានបន្ទាប់ចេញពីសវនាការថា អ្នកស្រី លី មុំ ដែលជាអ្នកប្ដឹងពួកគាត់នោះ បានដកពាក្យបណ្ដឹងពីតុលាការយូរហើយ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគាត់នៅជាប់បណ្ដឹងមួយទៀត គឺព្រះរាជអាជ្ញារជាអ្នកចោទ។ អ្នកស្រីស្នើឲ្យតុលាការទម្លាក់ការចោទប្រកាន់មកលើពួកគាត់ ខណៈដែលដើមបណ្ដឹងឈប់ប្ដឹងហើយនោះ។

អ្នកស្រីថា «គាត់បានសំណូមពរឲ្យតុលាការឈប់ថា សូមឲ្យតុលាការកុំកោះហៅពួកទាំង៦នាក់ទៀតអី ចឹងពួកខ្ញុំ៦នាក់មិនជាប់បណ្ដឹង លី មុំ ទេ តែមកជាប់បណ្ដឹងព្រះរាជអាជ្ញារវិញ ហើយព្រះរាជអាជ្ញានេះ គាត់អត់បានដោះលែងពួកខ្ញុំទេ គាត់នៅយកសំណុំរឿង លី មុំ មកធ្វើការចោទប្រកាន់ដល់ពួកខ្ញុំ។ នៅថ្ងៃនេះ គាត់អត់បានបើកសវនាការ ដោយសារ សាក្សី​អត់មាន ហើយអ្នកដែល លី មុំ ប្ដឹង២នាក់ទៀតគាត់មកយឺតចឹងគាត់លើកថ្ងៃទៅវិញ»។

អ្នកស្រី លី មុំ ដែលជាដើមបណ្ដឹងប្រាប់អ្នកសាព័ត៌មានវីអូឌីថា អ្នកស្រីបានដកពាក្យបណ្ដឹងយូរ ប៉ុន្តែអ្នកស្រីមិនបានប្រាប់ពីមូលហេតុនៃការដកពាក្យបណ្ដឹងវិញនោះឡើយ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគម​អាដហុក លោក សឹង សែនករុណា លោកស្នើឲ្យតុលាការធ្វើការពិចារណាចំពោះសំណុំរឿងនេះ ដោយដោះលែងសកម្មជនដីធ្លីទាំងនោះឲ្យមានសេរីភាព ខណៈម្ចាស់​បណ្តឹង​ឈប់​ប្តឹងហើយនោះ។ លោកថា «ខ្ញុំគិតថាតុលាការគួរពិចារណាក្នុងការដោះលែងគាត់ឲ្យមានសេរីភាពហើយ ពីព្រោះអង្គហេតុនៃការកើតឡើងឬការចោទហ្នឹង យើងពិនិត្យឃើញថាវាមានភាពមិនប្រក្រតីច្រើនណាស់ដែលគួរតែតុលាការយកមកពិចារណាដើម្បីឲ្យគាត់មានសេរីភាព»។

កាល​ពី​ថ្ងៃ​១៦ មីនា ឆ្នាំ​២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់សកម្មជនដីធ្លីទាំង៦នាក់មាន អ្នកស្រី ទេព វន្នី អ្នកស្រី ហេង មុំ អ្នកស្រី គង់ ចាន់ថា លោកយាយង៉ែត ឃុន អ្នកស្រី ឆេង លាភ និងអ្នកស្រី តុល ស្រីពៅ ពីបទជេរប្រមាថជាសាធារណៈ និងគំរាមថានឹងសម្លាប់ តាមបណ្ដឹងរបស់អ្នកស្រី លី មុំ ដែលអតីតតំណាងបឹងកក់កន្លងមក។

មេធាវីការពារក្ដីឲ្យសកម្មសជនដីធ្លីទាំង៤នាក់ គឺ លោកស្រី សាម សុគន្ធា មានប្រសាសន៍ថា កូនក្ដីរបស់អ្នកស្រីមិនបានប្រព្រឹត្តបទល្មើសដូចតុលាការចោទប្រកាន់ឡើយ។ លោកស្រី បង្ហាញក្ដីសង្ឃឹមថា តុលា​ការ​នឹងទម្លាក់ចោលការចោទប្រកាន់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ