គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជិត៤ភាគរយ ឬស្មើនឹងជាង៣០ម៉ឺននាក់បានដាក់បញ្ចាំអត្តសញ្ញាណប័ណ្ណនៅគ្រឹះស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលធ្វើឲ្យគ.ជ.ប ត្រូវមានរៀបចំនីតិវិធីថ្មីសម្រាប់ពួកគេដើម្បី ឲ្យអ្នកទាំងនោះបានបោះឆ្នោត។
អគ្គលេខាធិការរងគ.ជ.ប លោក សោម សូរីដា មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំមួយជាមួយគណបក្សសង្គ្រោះជាតិនាព្រឹកនេះថា រហូតមកទល់នឹងពេលបិទបញ្ជីឈ្មោះបោះឆ្នោតថ្មីបានឲ្យដឹងថា ពលរដ្ឋជាង៣២ម៉ឺននាក់នៃអ្នកចុះឈ្មោះបោះឆ្នោតសរុបបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណដើម្បីបម្រើឲ្យការចុះឈ្មោះបោះឆ្នោត។ លោកបន្ថែមថា តាមការផ្ទៀងផ្ទាត់ និងឆ្លើយតបពីក្រសួងមហាផ្ទៃបានឲ្យដឹងថា ភាគច្រើននៃពលរដ្ឋ៤ភាគរយនោះមានអត្តសញ្ញាណប័ណ្ណរួចរាល់ហើយ តែមូលហេតុដែលពួកគេចុះឈ្មោះដោយពុំមានអត្តសញ្ញាណប័ណ្ណនេះព្រោះពួកគេបានបញ្ជាំអត្តសញ្ញាណប័ណ្ណ។
លោកថា៖ «ជាតួលេខខ្ញុំអត់ទាន់បានទទួលព័ត៌មានទេប៉ុន្តែ បើពិនិត្យជាទូទៅនៅក្នុងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតមាន៤%។ តួលេខមានបួនភាគរយ ប៉ុន្តែនៅពេលដែលយើងផ្តល់ព័ត៌មាននោះទៅក្រសួងមហាផ្ទៃ ក្រសួងបានឆ្លើយមកវិញថានៅក្នុង៤%នៃអ្នកប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតមានមួយចំនួនធំមានអត្តសញ្ញាណប័ណ្ណសញ្ញាតិ្តខ្មែររួចទៅហើយ។ ប៉ុន្តែអត្តសញ្ញាណសញ្ជាតិខ្មែរនោះត្រូវបានប្រើប្រាស់ជារបស់បញ្ចាំនៅស្ថាប័នមីក្រូហិរញ្ញវត្ថុ » ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានថ្លែងប្រាប់អ្នកសារព័ត៌មាននាព្រឹកនេះថា គណបក្សសង្គ្រោះបានស្នើដល់គជប ឲ្យជួយអន្តរគមន៍ទៅលើស្ថាប័នមីក្រួហិរញ្ញវត្ថុណាដែលទទួលយកអត្តសញ្ញាណប័ណ្ណជាទ្រព្យបញ្ចាំ ដោយថាស្ថាប័នមីក្រួហិរញ្ញវត្ថុទាំងនោះកំពុងល្មើសនឹងច្បាប់កម្ពុជាហើយ។
លោកថា៖ « ម្យ៉ាងទៀតយើងក៏បាននិយាយអំពីអត្តសញ្ញាណប័ណ្ណដែលធនាគារឬមីក្រូហិរញ្ញវត្ថុយកអត្តសញ្ញាណប័ណ្ណនោះយកទៅធ្វើជាទ្រព្យតំកល់ដើម្បីខ្ចីលុយ។ ទង្វើនេះខុសច្បាប់ហើយ គឺមិនអាចធ្វើអញ្ចេសបានទេដូចច្នេះសុំឲ្យ មីក្រូហិរញ្ញវត្ថុនោះឆាប់ប្រគល់អត្តសញ្ញាណប័ណ្ណទាំងនោះមកឲ្យប្រជាពលរដ្ឋវិញ ដើម្បីឲ្យគាត់បានទៅបោះឆ្នោត យ៉ាងណាមិញខាងធនាគារជាតិក៏មានសមត្ថកិច្ចខាងគ្រប់គ្រងមីក្រូហិរញ្ញវត្ថុនោះក៏ត្រូវចេញលិខិតណែនាំឲ្យបានច្បាស់ជាបន្តទៀត ដើម្បីប្រគល់អត្តសញ្ញាណប័ណ្ណទៅឲ្យប្រជាពលរដ្ឋដើម្បីគាត់អាចទទួលអត្តសញ្ញាណប័ណ្ណទៅបោះឆ្នោតបាន » ។
ជាការឆ្លើយតបលោក សោម សូរីដា មានប្រសាសន៍ថានាពេលខាងមុខគជប មានកិច្ចប្រជុំមួយដើម្បីចេញលិខិតស្នើសុំដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ឲ្យប្រគល់អត្តសញ្ញាណប័ណ្ណដល់អ្នកបោះឆ្នោតវិញផងដែរ ហើយលទ្ធផលយ៉ាងណានោះគ.ជ.ប នឹងជូនដំណឹងតាមពេលក្រោយ។
លោកបានបញ្ជាក់ថាដើម្បីអាចបោះឆ្នោតបានគឺតម្រូវឲ្យអ្នកដែលមានឈ្មោះក្នុងបញ្ជីទាំងអស់ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើដល់ការបោះឆ្នោត។ ការបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតគឺចាប់ផ្តើមធ្វើនៅតាមឃុំ សង្កាត់ចាប់ពីថ្ងៃទី៤ ឧសភា រហូតដល់២ មិថុនាឆ្នាំ២០១៧នេះ។
គួរបញ្ជាក់ផងដែរថា ចំនួនអ្នកដែលបានចុះឈ្មោះរួចហើយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧នេះ មានប្រមាណជិត៨លាននាក់(៧.៨៦៥.០៣៣នាក់)៕