អ្នកឃ្លាំមើលថាបើកែច្បាប់គណបក្សនយោបាយគឺរំលោភរដ្ឋធម្មនុញ្ញ

អ្នកឃ្លាំមើលការបោះឆ្នោតនិងសិទ្ធិមនុស្ស ស្នើឲ្យរដ្ឋសភាផ្អាកការអនុម័តសេចក្តីស្នើច្បាប់ ស្តីពីគណ​បក្សនយោ​បាយ ដែ​លស្នើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអះអាងថា ច្បាប់ថ្មីនោះនឹងបើកផ្លូវឲ្យ​រំលោ​ភរ​ដ្ឋធម​​​នុ​ញ្ញ​ និងថាឈានទៅដឹកនាំបែបឯកបក្ស។

សេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី១៧ ខែកុម្កៈនេះ សម្ព័ន្ធកំណែងទង្រង់ការបោះឆ្នោត និងអង្គការធ្វើការផ្នែក​លើកស្ទួ​យសិ​ទ្ធិ​​មនុស្សនិងនយោបាយ ជាង២០ផ្សេងទៀត បានលើកឡើថា មាត្រាមួយចំនួ​នក្នុង​សេចក្តីស្នើច្បា​ប់​នោះ​ ពួកគេថា បានរំលោភសេរីភាពបុគ្គលដែលចូលរួមក្នុងគណបក្សនយោបាយ  និងសិទ្ធិបុគ្គលចូលរួមយ៉ា​ង​ស​​ក​ម្ម​​​​ក្នុ​ងជីវិតនយោបាយ ដែលធានាដោយរដ្ឋធម្មនុញ្ញ។

សេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយ បានទៅដល់ដៃរដ្ឋសភាហើយ ក្រោយពីលោក ហ៊ុន សែន ជំ​រុញ​ឲ្យ​​តំ​​ណា​ងរាស្ត្រ ដែលមានសំឡងភាគច្រើន របស់លោកពិនិត្យ និងធ្វើវិសោធនកម្ម។

សេចក្តីស្នើច្បាប់មាត្រា៣៨ ចែងពីការផ្តល់អំណាចឲ្យក្រសួងមហាផ្ទៃ និងតុលាការកំពូលអាចចាត់វិធានការបាន ដូចជា​ចំនុចមួ​យចែ​ងថា «ក្រសួងមហាផ្ទៃ​សម្រេចផ្អាក់​សកម្មភាពរបស់គ​ណបក្សនយោបាយនោះ​ជាបណ្តោះអាស​ន្នក្នុងរយៈ​ពេលជា​ក់​លា​ក់។ ប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សនយោបាយនោះ ក្នុងករ​ណីកំហុ​សមាន​លក្ខណៈធ្ងន់ធ្ងរ»។

មាត្រា៦ចែងពីទោសកំហុសនោះថា «គ្រប់គណបក្សនយោបាយ មិនត្រូវធ្វើសកម្មភាពណាមួយ ធ្វើឲ្យមានអបគមន៍ ដែលនាំ​​ឲ្យ​អន្តរាយដល់ឯកភាពជាតិ និងបូរណភាពទឹកដី។ ធ្វើវិទ្ធំង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ​ សេរីពហុ​បក្សនិ​ងរបបរាជានិ​យ​មអាស្រ័យរដ្ឋធម្មនុញ្ញ។ ធ្វើឲ្យប៉ះពា​ល់ដល់សន្តិនៃរដ្ឋ​។បង្កើតកម្លាំ​ងប្រដាប់អា​វុធ។​និ​ងធ្វើកា​រញុះញង់ដែលអាចនាំឲ្យបែកបាក់ជាតិ»។

អ្នក​ឃ្លាំមើលបានលើកឡើងទៀតថា ការហាមឃាត់ ដែលមានចែងក្នុងបញ្ញត្តិនេះ បានបង្ហាញពី​ការជ្រៀ​តជ្រែក រប​ស់​​​រដ្ឋាភិ​បាល ទៅលើកិច្ចការផ្ទៃក្នុងរ​បស់គណបក្សផ្សេ​ងៗទៀត និងរឹង​ត្បិ​ត​ស​ក​ម្មភា​ព​គ​ណបក្សនយបោយដទៃទៀត។

ក្រុមអ្នកឃ្លាំមើលបង្ហាញការព្រួយបារម្ភថា ការឲ្យអំណាចទៅក្រសួងមហាផ្ទៃបញ្ឈប់ ឬផ្អាកសកម្មភាព​គណ​ប​​ក្សដែ​​​លប្រ​​កួតប្រជែង ​អាចធ្វើឲ្យ​ការអនវុត្តច្បាប់បែបនេះមិនត្រឹមត្រូវ និងក្រោមសម្ពាធនយបាយ ដោយថាចៅក្រម និងមន្រ្តីតុលាការមួយចំនួនជាស​មា​ជិ​​កគណបក្សនោះ ។

សេចក្តីថ្លែងការណ៍ដដែលឲ្យដឹងទៀតថា  ការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់នេះ នឹងឈានទៅដល់កា​រលុបបំ​បាត់​ឆន្ទះន​យោបាយរបស់ប្រជាពលរដ្ឋដែលផ្តល់ឲ្យ តំណាងជាប់ឆ្នោត របស់ខ្លួនតាមរយៈការបោះឆ្នោត និងការ​ឈា​នទៅការរំលាយនូវអាសនៈជាអ្នកតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។

សេចក្តីថ្លែងការណ៍រួមនេះបានធ្វើឡើងមុន៣ថ្ងៃ នៃកិច្ចប្រជុំសភាពេញអង្គ ដែលគ្រោងធ្វើនៅថ្ងៃទី២០សប្តាហ៍ក្រោយនេះ។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ម៉េងឡុង អះអាងថា ការលើកឡើងរបស់អង្គការសង្គមស៊ីវិល ជាសេរីភាព​បញ្ចេញ​មតិ​។​ ប៉ុន្តែលោកថា ការព្រមកែច្បាប់នេះ ឬមិនព្រម វាជាសិទ្ធិសម្រេ​ច របស់​តំណាងរាស្ត្រ​ ដែលចូលប្រជុំស​ភាពេញ​អង្គ​។ លោកថា៖ «តាមធម្មតាគណបក្សកាន់អំណាចគេមានសិទ្ធិធ្វើច្បាប់អញ្ចឹងហើយ គេធ្វើច្បាប់ជារឿងត្រឹមត្រូវ ជាប្រជា​ធិត​​បតេយ្យ។ ហើយអ្នកដែលថាខុសថាត្រូវ គឺប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យ ហើយប្រ​ជាពលរដ្ឋវិនិច្ឆយតាមការបោះឆ្នោត ហើ​​យ​បើព​លរដ្ឋបោះឆ្នោតឲ្យគណបក្សណា គណបក្ស​ហ្នឹងធ្វើដូចតែគ្នាហ្នឹង»។

សម្រាប់សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា សេចក្តីស្នើច្បាប់នេះ បើគ្មាន​ការ​កែ​​ប្រែ​ទេ លោ​កវិភាគថា នឹងបង្ករ​ឲ្យមានការបែកបាក់ជាតិផងនិងបង្ករគ្រោះថ្នាក់ដល់ ប្រជាធិ​បតេយ្យ​ដ៏​ក្មេ​​ងខ្ចី​នៅកម្ពុជា។

លោកថា៖ «ជារួមខ្ញុំគិតថាចំនុចទាំងអស់នេះ វានឹងប៉ះពាល់ដល់ការប្រកួតប្រជែង បែបប្រជាធិបតេ​យ្យនៅ​កម្ពុជា ជាពិសេសគណបក្សណាដែលមានកា​​រប្រឈមខ្លាំងជាមួយគណបក្សកាន់អំណាចនោះ។ ​អញ្ចឹង​ខ្ញុំគិ​តថា​ បើច្បាប់នេះរឹតត្បិតបែបនេះ ខ្ញុំគិតថាវាជាគ្រោះថ្នាក់នៃលទ្ធិប្រ​ជាធិបតេយ្យដ៏ក្មេងខ្ចីនៅ​កម្ពុជា​ទាំ​ងពេ​លនេះ​និងទៅអនាគត»។

ប្រហាក់ប្រហែលគ្នានេះដែរ សមា​ជិ​ក​សភា​សហ​រដ្ឋអាមេរិក និងជាសហប្រធាន​នៃក្រុមសភា​តំណាងរាស្រ្ត​ ទទួល​បន្ទុ​ក​ប្រទេស​កម្ពុជា លោ​ក អាឡាន ឡូវិនថល (Alan Lowenthal) បាន​​ប្រតិ​កម្ម​​​​តប​ទៅនឹ​ងគ​ម្រោង​​វិសោធ​នកម្ម​ច្បាប់​​ស្តីពីគ​ណ​បក្ស​​នយោបាយ​ថា ច្បាប់​នេះ​នឹង​បើ​ក​សិទ្ធិ​ឲ្យ​រដ្ឋា​ភិ​បាល មាន​អំណាច​កាន់​​តែ​ខ្លាំង​ឡើ​ង​ក្នុង​​ការ​រារាំង​បក្ស​នយោ​បាយ​ដទៃមិន​ឲ្យ​ធ្វើ​នយោបាយ។ លោក​ថា ប្រសិន​ជា​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​មែន​នោះ វា​ជា​គ្រោះ​ថ្នាក់​មួយ​ដល់​ប្រជា​ធិបតេយ្យ​នៅកម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ