ក្រសួងព្រមានពីភ្លៀងកក់ខែអាចនាំមកជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ប្រទេសកម្ពុជានឹងទទួលរងភ្លៀងកក់ខែបន្តទៀតក្នុងរដូវក្តៅនេះ ហើយក៏អាចនាំឲ្យមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់មកជាមួយផង។ នេះបើតាមការព្យាករណ៍របស់ក្រសួធនធានទឹក និងឧតុនិយម។

ការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍គិតពីថ្ងៃទី១៧ដល់២៣ ​មីនា ២០១៧ របស់ក្រសួងធនធានទឹកនិងឧតុនិយមម្សិលមិញ ឲ្យដឹងថា កម្ពុជាកំពុងគ្របដណ្តប់ដោយកំរិតសម្ពាធទាប ហើយភ្លៀងកក់ខែ​បន្តធ្លាក់នៅតាមបណ្តារខេត្តតំបន់វាលទំនាបមានដូចជាខេត្តពោធិសាត់​ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងខេត្តព្រៃវែង។ ចំណែកបណ្តារខេត្តតំបន់ខ្ពង់រាបភាគខាងជើង និងឦសាន្តមានដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី។ តំបន់មាត់សមុទ្រដែលអាចមានភ្លៀងកក់ខែដែរ គឺមានតែខេត្តកោះកុងមួយទេ។

ការព្យាករណ៍ឲ្យដឹងដែរថា កំរិតកំដៅខ្ពស់បំផុតក្នុងសប្តាហ៍ខាងមុខនេះ គឺពី៣២ទៅ៣៥អង្សាសេ។

ក្រសួងក៏បានរំលឹកឲ្យប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានឡើង នៅពេលមេឃរកកលភ្លៀង។

កាលពីសប្តាហ៍មុន នៅឯភាគ្យពាយព្យប្រទេសកម្ពុជា រួមមានខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានទទួល​រងភ្លៀងកក់ខែធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ធ្វើឲ្យខូចផ្ទះនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមួយចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ