ប្រជាពលរដ្ឋចំនួន ១៣គ្រួសារ នៅខេត្ដសៀមរាប បានស្នើសុំអន្ដរាគមន៍ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យជួយដោះស្រាយជម្លោះដីធ្លីរបស់ពួកគេ បន្ទាប់ពីអាជ្ញាធរក្រុងសៀមរាប ចេញលិខិតអោយរុះរើផ្ទះពលរដ្ឋម្នាក់ក្នុងចំណោម ១៣គ្រួសារនោះ ដោយចោទថា សង់លំនៅឋានលើដីមានជម្លោះ។
ពលរដ្ឋនៅភូមិភ្នំក្រោម អ្នកស្រី គង់ សុភា ឲ្យដឹងថា អាជ្ញាធរក្រុងសៀមរាប បានចេញលិខិតឲ្យរុះរើផ្ទះពលរដ្ឋម្នាក់ក្នុងចំណោម ១៣គ្រួសារ កាលពីថ្ងៃអង្គារកន្លងមកនេះ តាមពាក្យបណ្ដឹងរបស់លោក ព្រំ ឡាង អាណិកជនខ្មែរមកពីប្រទេសកាណាដា ដោយចោទថា សង់ផ្ទះលើដីជម្លោះ ប៉ុន្ដែ អ្នកស្រីថា លំនៅឋានដែលសង់ថ្មីនោះ គ្រាន់តែសង់បន្ថែមលើដីចាស់ប៉ុណ្ណោះ។
អ្នកស្រីបានអះអាងថា ពលរដ្ឋចំនួន ១៣គ្រួសារ បានរស់នៅ និងកាន់កាប់ដីធ្លីរបស់ពួកគេតាំងពីឆ្នាំ១៩៩៥ មកម៉្លេះ ប៉ុន្ដែ អ្នកស្រីថា វិវាទដីធ្លីបានផ្ទុះឡើងកាលពីឆ្នាំ១៩៩៩ បន្ទាប់ពីលោក ព្រំ ឡាង បានចោទពលរដ្ឋថា បានរំលោភយកដីគាត់។
ពលរដ្ឋមួយរូបទៀត លោក ទា ស៊ុយផេង បានចោទអាណិកជនរូបនេះថា បានធ្វើប្លង់ដីជាន់លើដីពលរដ្ឋចំនួន ១៣គ្រួសារ ខណៈដែលប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគាត់ ត្រូវបានទទួលស្គាល់ដោយអាជ្ញាធរត្រឹមត្រូវ។
ពលរដ្ឋរូបនេះ បានប្រាប់ថា ពលរដ្ឋចំនួន ១៣គ្រួសារ ទាមទារទៅអាជ្ញាធរក្រុង និងស្ថានប័នជំនាញ ឲ្យសិក្សាឡើងវិញលើដីមានជម្លោះនោះ ដោយពួកគាត់ស្នើសុំលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធជួយផ្ដល់យុត្ដិធម៌ដល់ពួកគាត់ប្រកបដោយតម្លាភាព។
វីអូឌីមិនអាចទាក់ទងលោក ព្រំ ឡាង និងអភិបាលក្រុងសៀមរា លោក សូ ប្លាតុង ដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋបាននៅឡើយទេ ដោយសារទូរស័ព្ទរបស់លោកមិនអាចហៅចូលបាន។
បើតាមពលរដ្ឋបានឲ្យដឹងថា មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ខេត្ដសៀមរាប បានទទួលស្គាល់ដីពលរដ្ឋចំនួន ១៣គ្រួសារមានភាពស្របច្បាប់ និងមានបង្កាន់ដៃ និងប័ណ្ណទទួលពាក្យកាន់កាប់កម្មសិទ្ធិដីធ្លីពីភូមិឃុំត្រឹមត្រូវ៕