តុលាការ​ខ្មែរ​ក្រហម​ប្រកាស​សាលដីកា​​បិទ​ផ្លូវ​តវ៉ាសំ​ណុំ​រឿង​ ០០២/០១ ក្នុងសប្តាហ៍នេះ

តុលាការខ្មែរក្រហម នឹងសម្រេចប្រកាសសាលដីកាបិទផ្លូវតវ៉ាលើសំណុំរឿង ០០២/០១ ទៅលើលោក ខៀវ សំផន និង នួន ជា នៅថ្ងៃពុធ ទី២៣ វិច្ឆិកានេះ បន្ទាប់ពីសហព្រះរាជអាជ្ញានិងមេធាវីការពារក្តី ប្តឹងសារទុក្ខជំទាស់នឹងសាលក្រមថ្ងៃទី៧ សីហា ២០១៤។

លោក នួន ជា និងខៀវ សំផន ត្រូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ប្រកាសសាលក្រមក្នុងសំណុំរឿង ០០២/០១ ដោយកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤។ រហូតមកដល់ថ្ងៃនេះ សាលក្រមនេះនៅមិនទាន់ចូលជាស្ថាពរនៅឡើយ ដោយរង់ចាំរហូតដល់មានការប្រកាសសាលដីការបស់តុលាការកំពូល។

ក្នុងសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី២១ វិច្ឆិកានេះ មន្រ្តីតុលាការកូនកាត់មួយនេះ បានឲ្យដឹងថាពីការប្រកាសសាលដីការស្ថាពរទៅលើលោក ខៀវ សំផន និងលោក នួន ជា ក្នុងសំណុំរឿង ០០២/០១ និងត្រូវបានប្រកាសនៅថ្ងៃទី២៣ វិច្ឆិកាខាងមុខ។

លោក ឡាស អូលសិន មន្ត្រីផ្នែកច្បាប់នៃសាលាក្តីបានឲ្យដឹងថា ការប្រកាសនេះគឺជាការផ្តល់ឲ្យឱកាសដល់ភាគីនៃបណ្តឹងសម្រាប់ទទួលនូវយុត្តិធម៌និងការប្រើប្រាស់សិទ្ធិដែលខ្លួនមាននៅក្នុងតុលាការ។

លោកថ្លែងតាមរយៈអ្នកបកប្រែថា៖ «ពីថ្ងៃទី៣ ខែកក្កដាឆ្នាំមុន ដល់ថ្ងៃទី៣ កុម្ភៈ ឆ្នាំនេះ យើងឃើញហើយៗក៏សរុបទៅ គឺមានសវនាការ៧ថ្ងៃចំពោះបណ្តឹងសារទុក្ខនេះ។ … តើចំពោះ នួន ជា និង ខៀវ សំផន នឹងទទួលយកទេនោះ? ខ្ញុំក៏មិនដឹងថា ចិត្តគាត់យ៉ាងណានោះទេ យើងមិនដឹងថា តើលទ្ធផលនៃការសម្រេចតុលាការយ៉ាងណាដែរ គាត់យល់យ៉ាងមិចដែរ ចឹងបើគាត់ជោគជ័យនូវបណ្តឹងសារទុក្ខរបស់គាត់នោះ គាត់នឹងរីករាយ ក៏ប៉ុន្តែមិនជោគជ័យនោះទេ លោក លោកស្រីអាចទៅសួរមេធាវីការពារក្តីថា ពួកគាត់យល់យ៉ាងណា»។

បណ្តឹងសារទុក្ខរបស់ លោក នួន ជា និង ខៀវ សំផន បានប្តឹងសុំឲ្យតុលាការច្រានចោលសាលក្រម និងឲ្យគាត់ពួកគាត់រួចខ្លួនទាំងអស់ ឬសុំបន្ថូរបន្ថយការផ្តន្ទាទោសពីទោសមួយជិវិត មកនៅត្រឹមរយៈពេលកំណត់ណាមួយ។ ពួកគេមានមូលដ្ឋានក្នុងការជំទាស់ទៅលើសាលក្រមរបស់សាលាដំបូងចំនួន៣៧១ទឡ្ហីករណ៍ ទាក់ទងទៅនឹងដំណើរការនីតិវិធី សំអាងហេតុ និងការទទួលខុសត្រូវព្រហ្មទណ្ឌជាលក្ខណៈបុគ្គលរបស់ជនជាប់ចោទ និងការលើកឡើងពីទឡ្ហីករណ៍របស់ លោក ខៀវ សំផន។

គួររំលឹកផងដែរថាក្នុងការដំណើរការរឿងក្តីក្នុងដំណាក់កាល០០២/០១កាលពីឆ្នាំ២០១៤ លោក នួន ជា បានថ្លែងថា ខ្មែរក្រហមមិនឃោឃៅដូចអ្វីដែលសាលាក្តីចោទប្រកាន់រូបលោកនោះទេ ដោយលោកទម្លាក់កំហុសទាំងនេះទៅកាន់វៀតណាម។

លោកថា៖ «កុំយល់ច្រឡំថាប្រជាជនខ្មែរ និយមយួន ថាប្រជាជនខ្មែរជាឧក្រិដ្ឋកម្មសង្គ្រាម ជាអីៗ ដូចសេចក្តីចោទអំបាញ់មិញនេះ ខ្ញុំថាមិនមែនខ្មែរទេ គឺនៅក្រោមការបញ្ជាដឹកនាំរបស់យួនទាំងអស់ ពីហាណូយ ពីហូជីមិញ មកទាំងអស់។ ដូច្នេះទម្លាក់ឧក្រិដ្ឋកម្មសង្គ្រាមប្រល័យពូជសាសន៍ សង្គ្រាមអីៗនេះ វាមិនមែនខ្មែរនិងខ្មែរទេ  វាយួន និងខ្មែរ យួនសម្លាប់ខ្មែរ»។

សូមរំលឹកថា សំណុំរឿង០០២/០១ គឺជាការជំនុំជម្រះលើកទីមួយនៃការជំនុំជម្រះយ៉ាងតិចពីរប្រឆាំងមេដឹកនាំជាន់ខ្ពស់ក្នុងរបបខ្មែរក្រហម ខៀវ សំផន និង នួន ជា។ បទចោទនៅក្នុងសំណុំរឿង ០០២/០១ គឺផ្តោតលើបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តនៅក្នុងអំឡុងពេលជម្លៀសនៅទីក្រុងភ្នំពេញក្នុងខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំងការកាប់សម្លាប់អតីតមន្ត្រីរដ្ឋការសម័យ លន់ នល់ នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ