មន្ត្រីកើតពីរាស្ត្រនិងរស់ដោយសារប្រាក់ខែរដ្ឋ ដែលបានពីចំណូលពន្ធ និងបង់ពន្ធដោយរាស្ត្រទោះឋានៈណាក៏ដោយ។ មន្ត្រីគ្រប់គ្នាដែលរាស្ត្របោះឆ្នោតគាំទ្រឲ្យធ្វើជាអ្នកតំណាង ជាប្រមុខដឹកនាំ ត្រូវតែបំពេញកាតព្វកិច្ចរាជការបម្រើរាស្ត្រវិញប្រកបដោយចំណេះដឹង សតិសម្បជញ្ញៈ មនសិការ ស្មោះត្រង់ និងយុត្តិធម៌។ តែផ្ទុយស្រឡះមន្ត្រីភាគច្រើនបែរជាអនុវត្តផ្ទុយពីកាតព្វកិច្ចខាងលើទៅវិញ។ មន្ត្រីខ្លះ បានឋានៈ បានតួនាទី ក៏ចាប់ផ្តើមឡើងទ្រើង សម្ញែងឬក បង្អួតរាង អួតក្អេងក្អាង សំដីថ្លោសដាក់រាស្ត្រ។ មន្ត្រីខ្លះបម្រើការងារមិនបានដិតដល់ ហើយឆ្លៀតយកឋានៈ តួនាទីទៅរកស៊ីក្រៅ ប្រជែងនឹងអាជីវករ និងពាណិជ្ជករ ហើយខ្លះទៀតរំលោភយកដីរាស្ត្រទាំងបំពានដោយឥតអៀនខ្មាស។ ពេលរាស្ត្រប្តឹងទៅតុលាការកម្រឃើញទទួលបានយុត្តិធម៌ណាស់ បើទោះពួកគាត់ជាម្ចាស់កម្មសិទ្ធិពិតប្រាកដក៏ដោយ។
អ្នកប្រាជ្ញ បណ្ឌិត អ្នកស្នេហាជាតិ មានតាំងពីព្រះសង្ឃ តារាសម្តែង សកម្មជនបរិស្ថាន ប្រធានសហជីព អ្នកវិភាគសង្គម និងប្រជាជនសាមញ្ញបានខិតខំយ៉ាងសកម្មដើម្បីបម្រើប្រយោជន៍រួមបស់ជាតិ។ ទង្វើល្អប្រកបដោយធម៌ និងមនសិការរបស់ពួកគាត់ ធ្វើឲ្យប្រជារាស្ត្រទូទៅគោរពស្រលាញ់ពួកគាត់អស់ពីចិត្ត។ រដ្ឋាភិបាលមិនត្រឹមតែមិនបានជួយគាំពារសុវត្ថិភាព និងផ្តល់តម្លៃដល់ការងាររបស់ពួកគាត់ប៉ុណ្ណោះទេ បែជាបណ្តែតបណ្តោយឱ្យពួកជនទុច្ចរិតបាញ់ប្រហារពួកគាត់ទាំងកណ្តាលថ្ងៃចែស ដោយឥតខ្លាចញញើតច្បាប់បន្តិចសោះឡើយ។ ហើយនៅពេលពួកគាត់រងនូវអំពើឃាតកម្មពីពួកឧក្រិដ្ឋជន អជ្ញាធររដ្ឋាភិបាលមិនដែលរកមុខឃាតករពិតឃើញឡើយ រីឯតុលាការក៏មិនបានផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះនិងគ្រួសារជនរងគ្រោះដែរ។ ការបង្កភាពអយុត្តិធម៌នៅផ្ទាល់នឹងភ្នែកម្តងហើយម្តងទៀតដដែលជាដដែល ធ្វើឱ្យ គ្រួសារ សាច់ញាតិ មិត្តភក្តិ និងសាធារណជនទូទៅឈឺចាប់ហួសថ្លែង។
បន្ថែមលើសនេះ មនុស្សស្អាតស្អំដែលធ្លាប់ជួយប្រជាពលរដ្ឋ រួមមានសកម្មជនដីធ្លី មន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងមន្ត្រីអង្គការសហប្រជាជាតិ ត្រូវបានតុលាការផ្តន្ទាទោសយ៉ាងអយុត្តិធមម៌បំផុត។ បើទោះជាប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល អង្គការជាតិ អង្គការអន្តរជាតិ និងរហូតដល់អង្គការសហប្រជាជាតិ ដែលជាអង្គការកំពូលរបស់ពិភពលោក ទាមទារឱ្យដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់នោះចេញវិញក៏ដោយ ក៏រដ្ឋាភិបាលនិងតុលាការកម្ពុជាមិនខ្ចីស្តាប់និងអនុវត្តតាមឡើយ។ ទង្វើផ្គើនរបស់រដ្ឋាភិបាលនិងតុលាការធ្វើប្រជាពលរដ្ឋទូទៅរឹតតែឈឺចាប់បន្ថែមទៀត។
រាស្ត្រឈឺណាស់ ឈឺរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំជាប្រចាំ គឺឈឺដោយសារការរងនូវអំពើអយុត្តិធម៌ ពីពួកមន្ត្រីអសមត្ថភាព មន្ត្រីទុច្ចរិត និងមន្ត្រីពុករលួយ។ តើនៅដើម្បីបញ្ឈឺចិត្តរាស្ត្រដល់ណាទៀត? រាល់ថ្ងៃរាស្ត្ររស់បៀមការឈឺចាប់នេះ ទុកក្នុងទ្រូងគឺបន់ឱ្យតែដល់ថ្ងៃបោះឆ្នោតទេ នឹងអាលទៅបោះឆ្នោតព្យាបាលការឈឺចាប់នេះចេញពីទ្រូង៕