លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃនេះបានបញ្ជាឲ្យច្របាច់បញ្ចូលគ្នានូវរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២ទៅក្នុងមន្ទីរកសិកម្មខេត្តនិងរាជធានី ដែលលោកបញ្ជាក់ថាដើម្បីជំរុញប្រសិទ្ធភាពនៃការគ្រប់គ្រងនិងទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ។
ថ្លែងនៅវេទិកាការការពារនិងអភិរក្សបរិស្ថានធម្មជាតិនៅឯវិមានសន្តិភាពនៅព្រឹកថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាលោកបានណែនាំទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សុខុន ឲ្យបញ្ចូលរដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើនៅទូទាំងប្រទេសឲ្យស្ថិតនៅក្រោមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តនិងរាជធានី ដោយលោកបញ្ជាក់ថាដើម្បីជំរុញប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសជលផលនិងការកាប់បំផ្លាញព្រៃឈើ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសផងដែរ អំពីការរៀបចំជំនួបជាប្រចាំរវាងស្ថាប័នរដ្ឋាភិបាល ដែលទទួលខុសត្រូវលើការងារការពារនិងអភិរក្សបរិស្ថានធម្មជាតិនិងដៃគូពាក់ពាក់នានា ជាពិសេសអង្គការសង្គមស៊ីវិលដែលធ្វើការងារលើការពារបរិស្ថាននិងធនធានធម្មជាតិ។
វេទិកាថ្ងៃនេះត្រូវបានរៀបចំធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ ខែកក្កដាកន្លងមក បានប្រកាសគាំទ្រនិងជំរុញចលនាការពារធនធានធម្មជាតិរបស់សាធារណជន៕