អ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា ស្ថាប័ននេះបានម្រេចជ្រើសរើសបេក្ខជនចំនួន ៣រូប ដើម្បីជំនួសតំណែងសមាជិក គ.ជ.ប. ៣រូប ដែលបានលាលែងពីតំណែង កាលពីថ្ងៃទី២០ ខែវិច្ឆកា ក្រោយពីតុលាការសម្រេចរំលាយគណបក្សប្រឆំាង។
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់ VOD នៅថ្ងៃទី៣០ ខែវិច្ឆិកានេះថា គណៈកម្មាធិការអចិន្រ្តៃយ៍នាព្រឹកថ្ងៃនេះ បានប្រជុំសម្រេចជ្រើសរើសបេក្ខជន លោក នុត សុខុម មកពីគណបក្សហ៊្វុនស៊ិនប៉ិចសម្រាប់តំណែងអនុប្រធាន គ.ជ.ប. លោក ហ៊ែល សារ៉ាត់ មកពីគណបក្សសញ្ជាតិកម្ពុជា និងលោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃសាលាក្ដីខែ្មរក្រហម សម្រាប់តំណែងសមាជិក គ.ជ.ប.។ លោកបន្ថែមថា សមាជិកថ្មីទំាងបីរូបនោះ មានគ្រប់លក្ខណៈសម្បត្តិ ដែលអាចធ្វើការងារនៅក្នុងស្ថាប័ន គ.ជ.ប. បាន។
លោក ប៉េងឡុង បានបញ្ជាក់ថា បេក្ខជននៃសមាជិក គ.ជ.ប. ថ្មីទំាងបីរូបនេះ នឹងត្រូវសភាអនុម័តជាផ្លូវការ នាពេលសភាប្រជុំពេញអង្គនៅពេលខាងមុខនេះ ប៉ុន្តែ លោកមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នោះទេ។
សភាបានសម្រេចជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ ៣រូបថ្មីសម្រាប់ គ.ជ.ប. បន្ទាប់ពីអនុប្រធាន គ.ជ.ប. លោក គួយ ប៊ុនរឿន សមាជិក គ.ជ.ប. លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង មកពីកូតាគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ដោយថា ពួកគេមិនអាចបន្តក្បត់ឧត្តមគតិ មនសិការ និងជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រកម្ពុជា។
ក្រោយមកបានពីរថ្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបឲ្យដឹងថា សមាជិក គ.ជ.ប ថ្មី នឹងមានសមាជិកភាព ចេញពីបក្សនយោបាយពីរ និងចេញពីមន្ត្រីសង្គមស៊ីវិលម្នាក់៕