លោក ញឹក ប៊ុនឆៃ គ្រោងមកធ្វើជាប្រធានគណបក្សខ្មែររួបរួមជាតិ

អតីតប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ កាលពីពេលកន្លងទៅ (រូបថត ហួត វុទ្ធី)

អតីតឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ ដែលទើបត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅព្រឹកនេះ គ្រោង​នឹង​មក​កាន់​​តួនាទី​ជាប្រធានបក្សខ្មែររួបរួមជាតិវិញ នេះ​បើតាមការបញ្ជាក់​របស់​ប្រធាន​គណបក្សដែលកាន់តំណែង​បច្ចុប្បន្ន។

ប្រាប់ VOD នៅថ្ងៃនេះ ប្រធានគណបក្សខ្មែររួបរួមជាតិ ​លោក សឹង គីរី មានប្រសាសន៍ថា សមាជិកបក្ស​ទាំង​​អស់បានត្រៀមប្រគល់តំណែងប្រធានបក្សជូន លោក ញឹក ប៊ុនឆៃ នៅពេលសុខភាពរបស់លោកល្អឡើងវិញ។

លោកមានប្រសាសន៍ថា៖ «សមាជិកទាំងអស់នោះគេយល់ថា លោក ញឹក ប៊ុនឆៃ គាត់ជាប្រធានស្ថាបនិកខ្មែររួបរួមជាតិ​តាំងពីដំបូងទីមកហើយ ពេលដែលគាត់រួចពីការចោទប្រកាន់របស់តុលការ តុលាការដែលលែងមកហើយហ្នឹង​សមាជិកទាំងអស់​ក៏មានគំនិតរួមគ្នាថា​នឹងប្រគល់​តួនាទីប្រធាននេះជូនទៅគាត់វិញ។ ប៉ុន្តែឥឡូវនេះគាត់នៅមិនទាន់ទទួល​ដោយសារសុខភាព​គាត់មិនទាន់​ស្រួល»។

នៅពេល VOD សួរបញ្ជាក់ពីថ្ងៃប្រគល់តំណែងផ្លូវការ លោក សឹង គីរី ឆ្លើយតបថា​គណបក្ស​លោកនៅមិនទាន់កំណត់​នៅឡើយទេ ដោយថាចាំមើលសុខភាព លោក ញឹក ប៊ុនឆៃ។​ លោកបន្តថា លោក ញឹក ប៊ុនឆៃ បានយល់ព្រមថា​នឹង​ទទួល​យកតំណែងនេះវិញហើយ។

លោក គីរី ក៏បានបញ្ជាក់បន្ថែមដែរថា គណបក្សខ្មែររួបរួមជាតិ នឹងទៅចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅថ្ងៃទី៤ ឬទី៥ ឧសភាខាងមុខនេះ។

លោក ញឹក ប៊ុនឆៃ ត្រូវ​បានចាប់​ខ្លួន​កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដោយ​សមត្ថ​កិច្ច​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​​កាល​ពី១០​ឆ្នាំ​មុន ខណៈ​មជ្ឈដ្ឋាន​ទូទៅ បានដាក់ការសង្ស័យថា ការ​ចាប់​ខ្លួន​​លោក ញឹក ប៊ុនឆៃ ទំនងត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លេច​ធ្លាយ​ដំណឹង​ថា ឧត្ដមសេនីយ៍​ផ្កាយ៤​រូប​នេះ មាន​បំណង​ចុះ​ចូល​ជាមួយ​អតីតគណបក្ស​សង្គ្រោះ​ជាតិ ដែល​​នាំ​ឲ្យ​មាន​ការ​ចោទ​ថា លោក​មិន​ស្មោះ​ត្រង់​នឹង​គណបក្ស​កាន់​អំណាច។

ប៉ុន្តែ លោក ញឹក ប៊ុនឆៃ បានបដិសេធ ភ្លាមៗ និងធ្លាប់បានសារភាពកំហុស ដោយថា​លោក​បាន​​ប្រព្រឹត្ត​​មិន​គប្បី​ចំពោះ លោក ហ៊ុន សែន ហើយ​នាំមក​នូវការលំបាក​និងខូចខាត​ប្រយោជន៍​​​រួ​មរបស់​គណបក្ស​ខ្មែររួបរួមជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ