អាជ្ញាធរកម្ពុជាអះអាងថាខ្លួនមិនទាន់ទទួលបានព័ត៌មានស្តីពីការចាប់ខ្លួនបុរសជនជាតិខ្មែរម្នាក់ដែលបានបង្ហោះអត្ថបទរិះគន់នាយករដ្ឋមន្ត្រីថៃពីរឿងសាំងឡើងថ្លៃដែលបានចុះផ្សាយក្នុងការសែតបាំងកកប៉ុស្តិ៍នៅឡើយទេ។
សារព័ត៌មានបាំងកកប៉ុស្តិ៍របស់ថៃផ្សាយកាលពីម្សិលមិញថា បុរសជនជាតិខ្មែរម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ហោះព័ត៌មានក្លែងក្លាយអំពីនាយករដ្ឋមន្ត្រីថៃតាមអ៊ិនធឺណែត ខណៈជនជាតិថៃ៦នាក់ទៀត ត្រូវបានគេឃុំឃាំងនៅក្នុងទីក្រុងបាំងកកដោយសារតែពួកគេចែករំលែកព័ត៌មាននេះបន្ត។
សារព័ត៌មានដដែលផ្សាយបន្តថា លោក ហេង រតនៈ ដែលបានចុះផ្សាយអត្ថបទនៅលើវេបសាយរបស់លោកកាលពីសប្តាហ៍មុនថា នាយរដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់ជនជាតិថៃឱ្យចាក់ទឹកជំនួស នៅពេលសួរពីតម្លៃប្រេងឡើងថ្លៃ។ ប៉ុន្តែលោកប្រាយុទ្ធបដិសេធថាលោកមិនបាននិយាយដូច្នេះទេ។ តាមប្រភពដដែលលោក ហេង រតនៈ ត្រូចោទប្រកាន់ក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័ររបស់ប្រទេសថៃពីបទនាំចូលព័ត៌មានដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ឬបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមសាធារណៈជនថៃ ដែលទោសនេះអាចប្រឈមនឹងការជាប់គុក៥ឆ្នាំ និងពិន័យប្រាក់មួយសែនបាត។
សារព័ត៌មានផ្សាយបញ្ជាក់ទៀតថា ក្រុមអ្នកស៊ើបអង្កេតថៃនឹងធ្វើដំណើរមកប្រទេសកម្ពុជានៅថ្ងៃសុក្រនេះ ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់គាត់ ហើយប្រសិនបើវិជ្ជមាន ពួកគេនឹងបន្តធ្វើបត្យាប័ន។
ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់ VOD នៅព្រឹកនេះថា លោកមិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងករណីនេះទេ និងថាគ្មានច្បាប់ណាបញ្ជូនពលរដ្ឋខ្លួនឯងទៅកាត់ទោសនៅប្រទេសគេទេ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
ទោះបីជាយ៉ាងណាក៏ដោយ កាលពីឆ្នាំ២០០៧ អតីតព្រះចៅអធិការវត្តភ្នំដិន ស្រុកគិរីវង្ស ខេត្តតាកែវ ព្រះតេជគុណ ទឹម សាខន ត្រូវបានអាជ្ញាធរខ្មែរចាប់ផ្សឹក រួចបញ្ជូនទៅឲ្យអាជ្ញាធរវៀតណាមពីបទចូលរួមក្នុងសកម្មភាពខ្មែរក្រោម ដែលអាជ្ញាធរកម្ពុជាអះអាងថា ធ្វើអោយខូចទំនាក់ទំនងកម្ពុជាវៀតណាម៕
ប្រភព៖ www.bangkokpost.com