គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ឲ្យដឹងថា ស្ថាប័ននេះ បានបែងចែអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ របស់អតីតគណបក្សសង្គ្រោះជាតិ ជាង៥ពាន់អាសនៈ ឲ្យទៅបក្សចំនួន៧ ដោយថា គណបក្ស ដែលទទួលបានច្រើនជាងគេ គឺបក្សកាន់អំណាច ខណៈបក្ស៤ទៀត ប្រកាសមិនទទួលយក។
គណបក្ស ដែលទទួលបានអាសនៈទំាងនោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្ស ហ្វ៊ុន ស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។ ដោយឡែក គណបក្ស ដែលប្រកាសមិនទទួលយក អាសនៈរួមមាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សអំណាចខ្មែរ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា បានប្រាប់ VOD នៅថ្ងៃទី១ខែធ្នូនេះថា បើតាមលទ្ធផលក្រៅផ្លូវការ គឺ គ.ជ.ប បានសម្រេចបែងចែកអាសនៈរបស់អតីតបក្សប្រឆំាងជាង៥ពាន់អាសនៈ ឲ្យទៅគណបក្សចំនួន៧នោះ ដោយថា ក្នុងនោះបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនជាងគេ ពោលប្រមាណជា៩០ភាគរយ នៃអាសនៈបក្សប្រឆំាង ជាង៥ពាន់អាសនៈ។
លោក សោម សូរីដា បានពន្យល់ពីរបៀបនៃការចែកអាសនៈដូចនេះថា «ប្រសិនបើឃុំសង្កាត់ ជាប់តែគណបក្សមួយ គឺបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតរបស់គណបក្សនោះ នឹងទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ ជាមេឃុំ ចៅសង្កាត់ និងជំទប់ទី១ ទី២ នៅក្នុងឃុំសង្កាត់ហ្នឹង! ប៉ុន្តែ ក្នុងករណីឃុំសង្កាត់ហ្នឹង មានតែគណបក្សពីរជាប់ឆ្នោត នោះប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ឬមេឃុំ ចៅសង្កាត់គឺបានទៅគណបក្សដែលមានអាសនៈច្រើនជាងគេ ហើយជំទប់ទី១ ក៏ត្រូវបានទៅគណបក្សដែលមានអាសនៈច្រើនជាងគេ ចំណែកឯជំទប់ទី២ គឺបានទៅគណបក្សដែលជាប់លំដាប់ទី២»។
ទោះជាយ៉ាងណាលោក សូរីដា អះអាងថា លទ្ធផលផ្លូវការ គ.ជ.ប អាចនឹងប្រកាសនៅថ្ងៃនេះ ឬយ៉ាងយូរ នៅថ្ងៃស្អែក។
VOD មិនអាចសុំការបំភ្លឺពី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងលោក សួស យ៉ារ៉ា បានទេ នៅថ្ងៃនេះ។
អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញេប ប៊ុនជិន មានប្រសាសន៍ថា គណបក្សរបស់លោក នៅមិនទាន់ទទួលបានចំនួនតួរលេខ ជាលាយលក្ខណ៍អក្ស ពីគ.ជ.ប ជុំវិញការបែងចែកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់នៅឡើយទេ។
លោក ប៊ុនជិន អះអាងទៀតថា គណបក្សរបស់លោក ប្រហែលជាទទួលបានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឬ ជំទប់ទី១ និងទី២ ពីអតីតគណបក្សប្រឆំាង ដោយថា នឹងយកសិទ្ធិអំណាចនោះ ជួយផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរ ស្របតាមគោលនយោបាយរបស់គណបក្ស ហ្វ៊ុន ស៊ិន ប៉ិច និងច្បាប់។
លោកនិយាយថា «យើងអនុវត្តតាមគោលការណ៍ច្បាប់ ប៉ុន្តែក្រៅពីនេះ ដែលយើងថា ជាគោលនយោបាយរបស់គណបក្ស យើងត្រូវយកចិត្តទុកដាក់ជំរុញ[មេឃុំ ចៅសង្កាត់]ធ្វើការ នៅការិយាល័យនៅក្នុងក្រុមប្រឹក្សាឃុំ គេធ្វើអត្តសញ្ញាណប័ណ្ណ ឬក៏ធ្វើប័ណ្ណស្នាក់នៅ ឬធ្វើសៀវភៅគ្រួសាររយៈពេលមួយអាទិត្យ យើងខំរុញ ធ្វើយ៉ាងម៉េចកុំឲ្យវាដល់មួយអាទិត្យ…ក្រុមប្រឹក្សាឃុំយើងត្រូវតែរួតរះ បើបានហើយ យើងអាចធ្វើបាន យើងធ្វើយកទៅជូនដល់គាត់ដល់ផ្ទះកុំឲ្យគាត់ ធ្វើដំណើរខាតពេលវេលារបស់គាត់ ជាគោលនយោបាយមួយបន្ថែម លើគោលនយោបាយរបស់រដ្ឋ»។
មន្ដ្រីជាន់ខ្ពស់ នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា លោកហាក់មិនមានជំនឿថា ក្រោយចែកអសនៈនេះ អាចជួយប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើ ដូចកាលពីមន្ត្រីអតីតបក្សប្រឆំាង ដោយសារបក្សតូចៗ ដែលនឹងទទួលបានអាសនៈឃុំសង្កាត់ មិនមែនកើតចេញពីឆន្ទៈប្រជាពលរដ្ឋបោះឆ្នោតឲ្យ។
លោកយល់ថា «បើសិនជា មិនមានអ្វីកែប្រែទេ ដូចជារឿងរដ្ឋបាលឃុំសង្កាត់ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ការដោះស្រាយផ្សេងៗ បើសិនជាអត់មានការប្រែប្រួល [ដូចពីអាណត្តក្រុមប្រឹក្សាឃុំសង្កាត់ទី១ ទី២ និងទី៣]នៅតែដូចដើមទេ មានន័យថា ប្រជាពលរដ្ឋលោក នៅតែអស់ជំនឿដដែលទេ»។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់គ្រប់គ្រងតំណែងមេឃុំនិងចៅសង្កាត់ ចំនួន ១ ៥៩២ កាលពីឆ្នាំ២០១២នោះ បានថយចុះនៅត្រឹម ១១៥៦ វិញ នៅឆ្នាំ២០១៧នេះ។ ចំណែក គណបក្សប្រឆាំង ដែលធ្លាប់គ្រប់គ្រង តំណែងមេឃុំនិងចៅសង្កាត់ចំនួន៤០នៅឆ្នាំ២០១២ បានកើនឡើងដល់ ៤៨៩ នៅឆ្នាំ២០១៧នេះ។
ការបែងចែកអាសនៈរដ្ឋសភាទាំង៥៥ និង អសនៈឃុំសង្កាត់ជាង៤០០ របស់អតីតបក្សសង្គ្រោះជាតិ ឲ្យទៅបក្សផ្សេងៗ ធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ខែវិច្ឆកា តាមបណ្តឹងក្រសួងមហាផ្ទៃ។
ទាក់ទងបញ្ហានេះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានព្រមានដាក់ទណ្ឌកម្មនានាលើប្រទេសកម្ពុជា ដោយថា ប្រទេសនេះ បានឃ្លាតចាកពីគន្លងប្រជាធិបតេយ្យ ក្រោយពីរំលាយ និងបង្ក្រាបទៅលើបក្សប្រឆាំង៕