សមត្ថកិច្ចថាចាប់បានខ្មាន់កាំភ្លើងទាំងពីរដែលសម្លាប់មន្ត្រីអភិរក្សព្រៃឈើ

ខ្មាន់កាំភ្លើងទាំងពីរដែលសម្លាប់មន្ត្រីអភិរក្សព្រៃឈើ ឈ្មោះ ផល ពេញ និង កើត វេហា (រូបភាពពីហ្វេសប៊ុក)

សមត្ថកិច្ចខេត្តមណ្ឌលគិរីអះអាងថា បុរសពីរនាក់ដែលសង្ស័យថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់មន្ត្រីអភិរក្សព្រៃឈើពេលចុះល្បាតកាលពីថ្ងៃទី៣០ខែមករានោះចាប់បាន ហើយពេលនេះ​កំពុងរៀបចំឯកសារពាក់ព័ន្ធត្រៀមបញ្ជូនទៅតុលាការបន្តនីតិវិធីតាមច្បាប់។​

សមត្ថកិច្ចខេត្តមណ្ឌលគិរីអះអាងថា បុរសពីរនាក់ដែលសង្ស័យថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់មន្ត្រីអភិរក្សព្រៃឈើពេលចុះល្បាតកាលពីថ្ងៃទី៣០ខែមករានោះចាប់បាន ហើយពេលនេះ​កំពុងរៀបចំឯកសារពាក់ព័ន្ធត្រៀមបញ្ជូនទៅតុលាការបន្តនីតិវិធីតាមច្បាប់។​

មន្ត្រី​អាវុធ​ហត្ថលោក សេក វឌ្ឍនា មន្ត្រី​ឧទ្យានុរក្ស​​នៃ​មន្ទីរ​បរិស្ថាន​ លោក តឺន សុខណៃ និង​បុគ្គលិក​នៃ​សមាគម​អភិរក្ស​ធនធាន​ធម្មជាតិ WCS លោក ថុល ខ្នា ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា​កន្លង​ នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ស្ថិត​ក្នុង​ស្រុក​អូររាំងខេត្ត​មណ្ឌលគិរី។​

​ស្នងការរងនគរបាល​ខេត្តមណ្ឌលគិរីលោក សូ សុវណ្ណ ប្រាប់វីអូឌីថា នៅថ្ងៃនេះ សមត្ថកិច្ចបានចាប់ខ្លួនមន្ត្រីនគរបាលប៉ុស្តិ៍អូររលែ ឈ្មោះ ផល ពេញ។ ការចាប់ខ្លួ​នធ្វើនៅក្នុង​ខេត្តត្បូងឃ្មុំ ខណៈជននោះកំពុងធ្វើដំណើរទៅស្រុកកំណើត ។​

លោកថា៖«ចាប់បានហើយ ចាប់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ  វាប្រុងគេចមកព្រៃវែងស្រុកកំណើត»។

លោក សូ សុវណ្ណ បន្តថា ជនសង្ស័យម្នាក់ទៀតឈ្មោះ កើត វេហា សមត្ថកិច្ចឃាត់ខ្លួនកាលពីម្សិលមិញ នៅពេលទៅសារភាពចំពោះមុខសមត្ថកិច្ច។​ លោក​បន្តថា សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងនេះ បញ្ជូនទៅកាន់តុលាការ ប៉ុន្តែនៅមិនទាន់ដឹងថ្ងៃណាជាក់លាក់នៅឡើយ។​

ម​ន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរី លោក សុខ រដ្ឋា ជំរុញឲ្យសមត្ថកិច្ចគួរតែធ្វើការស្រាវជ្រាវ បន្ថែមទៀត ដោយលោកថា អ្នកដែលជាប់ពាក់ព័ន្ធករណីការបាញ់សម្លាប់នេះ មិនមែនមានតែពីរនាក់នោះទេ។

លោកថា៖«មែនទែនទៅអ្នកដែលធ្វើការនៅប៉ុស្តិ៍ព្រំដែនតែ ២ ឬ ៣ នាក់ហ្នឹងទេ ប៉ុន្តែដោយសារ តែករណីហ្នឹង វាមានការជាប់ ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ អញ្ចឹង​ គឺមិនមែនមនុស្សតែម្នាក់ទេដែលជាប់ពាក់ព័ន្ធនៅក្នុងករណីអស់ហ្នឹង។ ការដែលឈានទៅ ដល់ការសម្លាប់មនុស្សបំបិតមាត់ហ្នឹង វាអាចជាប់នឹងមានការជាប់ពាក់ព័ន្ធទៅដល់អ្នកធំៗផ្សេងៗទៀត ឬក៏ផលប្រយោជន៍របស់ អ្នកធំៗមួយចំនួនទៀតហ្នឹង ហើយក៏បុគ្គលដែលបានប្រព្រឹត្តផ្ទាស់ដែរ»។

ទាក់ទងឃាតកម្មលើអ្នកអភិរក្សព្រៃឈើគឺកាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១២ អ្នកការពារព្រៃឈើសកម្មម្នាក់គឺលោក ឈុត វុទ្ធី ត្រូវបានកម្លាំងកងរាជអាវុធហត្ថបាញ់សម្លាប់ពេលចុះល្បាតនៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាតំបន់ដែលរងការចោទថាក្រុមហ៊ុនកាប់បំផ្លាញឈើជាទ្រង់ទ្រាយធំ។​ ចំណែកសកម្មជនការពារព្រៃឈើទាំងតំបន់ព្រៃឡង់ ក៏ដូចជាតំបន់ផ្សេងៗក៏បានលើកឡើងជាបន្តបន្ទាប់ដែរថា ពួកគេរងការគំរាមកំហែងពីក្រុមហ៊ុនធំៗដែលមានសមត្ថកិច្ចជួយការពារ។​ ​

នាយកអង្គការ WCS ជាអង្គការអភិរក្សសត្វព្រៃ និង ព្រៃឈើ លោក កែន សេរីរដ្ឋា មានប្រសាសន៍ក្នុងសេចក្តីថ្លែងការមួយនៅថ្ងៃនេះថា  រាល់ថ្ងៃមន្ត្រីឧទ្យានុរក្ស បានយកអាយុជីវិតការពារសត្វព្រៃ និង ព្រៃឈើ។ លោកអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធចូលរួមទប់ស្កាត់កុំឲ្យមានឃាតកម្មលើមន្ត្រីអភិរក្សតទៅទៀត៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។