សពអតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ប៉ែន សុវណ្ណ ត្រូវបានគណបក្សសង្រ្គោះជាតិហែមកតម្កល់ទុកនៅវត្តថាន់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បន្ទាប់ពីលោកបានទទួលមរណភាពកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ក្បួនដង្ហែដែលមានអ្នកចូលរួមរាប់ពាន់នាក់ភាគច្រើនជាសមាជិកនិងតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិនោះ បានចេញដំណើរពីក្រុងដូនកែវ នៅម៉ោង៨ព្រឹក តាមផ្លូវជាតិលេខ២ ឆ្ពោះមកកាន់វត្តថាន់ តាមបណ្តោយផ្លូវព្រះនរោត្តម។
បើតាមកម្មវិធីបុណ្យ សពលោក ប៉ែន សុវណ្ណ គ្រោងបូជានៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ តែមិនទាន់កំណត់ទីតាំង ដោយសារសាលារាជធានីភ្នំពេញមិនឲ្យបូជានៅមុខវត្តបុទុមវត្តី។
លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីដំបូងក្រោយរបបខ្មែរក្រហម បានទទួលមរណភាពនាថ្ងៃទី២៩ ខែតុលា ដែលមានអាយុ៨០ឆ្នាំ ដោយរោគាពាធ។
លោកធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទីមួយនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ចន្លោះឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨១ ដែលលើកបន្ទុបដោយរដ្ឋាភិបាលទីក្រុងហាណូយ។ ប៉ុន្តែក្រោយមកលោកត្រូវបានវៀតណាមចាប់ដាក់គុកងងឹត១០ឆ្នាំ ដោយសារតែអ្វីដែលលោក ប៉ែន សុវណ្ណ បញ្ជាក់ថាមកពីលោកមិនចង់ស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងហាណូយ៕