ប្រជាពលរដ្ឋមួយចំនួនរស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាបស្នើឲ្យអាជ្ញាធរអន្តរាគមន៍បញ្ឃប់ក្រុមហ៊ុនសំអាតក្រុងហ្គាអ៊ីយ៉ា ចាក់សំរាមក្បែរភូមិដោយថា ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។
ពលរដ្ឋនៅភូមិអន្លង់ធំ ឃុំត្រពាំងធំ លោក ឡឹង មុន អោយដឹងនៅថ្ងៃនេះថាក្រុមហ៊ុនសំអាតក្រុងសៀមរាប បានដឹកសំរាមទៅចាក់ចោលនៅក្បែរផ្ទះរបស់ពួកគាត់ជាច្រើនឆ្នាំមកហើយ ប៉ុន្ដែគ្មានអាជ្ញាធរដោះស្រាយនោះទេ។លោកបានបន្ដទៀតថា គំនរសំរាមនោះ បានហូរទឹកកខ្វក់ជ្រាបចូលទឹកអណ្ដូងរបស់ពួកគាត់។ លោកបន្ដថា លោក និង អ្នកភូមិបានទាមទារអោយក្រុមហ៊ុនហ្គាអ៊ីយ៉ានោះប្ដូរទីតាំងទៅចាក់សំរាមនៅកន្លែងផ្សេង។
ពលរដ្ឋមួយរូបទៀតអ្នកស្រី ឡឹង ឃុន អោយដឹងថា ក្លិនស្អុយដែលជះចេញពីកាកសំណល់ក្បែរផ្ទះនោះ ធ្វើអោយពួកគាត់ពិបាករស់នៅ ជាពិសេសនៅពេលទទួលទានបាយម្ដងៗត្រូវចងមុងដើម្បីកុំអោយរុយរោម ហើយអ្នកភូមិកើតជំងឺច្រើនដោយសារសំរាម។ អ្នកភូមិព្រមានថា ពួកគេនឹងកាត់ផ្ដាច់ផ្លូវមិនអោយរថយន្ដដឹកជញ្ជូនសំរាមទៅចាក់ចោលក្បែផ្ទះរបស់ពួកគាត់បន្ដទៀត បើសិនគ្មានដំណោះស្រាយទេនោះ។
ករណីនេះ អភិបាលរងខេត្ដសៀមរាបលោក ទៀ សីហា មានប្រសាសន៍ថា គំនរសំរាមនៅទីនោះពិតជា ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋមែន ហើយថា ពេលនេះអាជ្ញាធរនិងក្រុមកំពុងរៀបចំដូរទៅទីតាំងថ្មី ប៉ុន្តែថា ត្រូវការពេល៦ខែទៀត។
មេឃុំត្រពាំងធំ លោក សយ សីហា មានប្រសាសន៍ថា ពលរដ្ឋដែលរងផលប៉ះពាល់មានពីរភូមិ ដែលស្មើនឹងប្រមាណ៨០០គ្រួសារ៕