ក្រសួងមហាផ្ទៃទទួលស្គាល់លក្ខន្ដិកៈថ្មីរបស់បក្សសង្គ្រោះជាតិ

ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅក្នុងវេទិកាសន្នីសីទកាសែតព្រឹកថ្ងៃ៧ ខែតុលា នេះ (ប្រភពហ្វេសប៊ុក)

ក្រសួងមហាផ្ទៃទទួលស្គាល់លក្ខន្ដិកៈប្រការ៤៧ថ្មីរបស់បក្សប្រឆាំង ប៉ុន្ដែមិនទទួលស្គាល់អនុប្រធានបីរូបទេ ទោះបីគណបក្សនេះបានធ្វើសមាជជ្រើសរើសសមាសភាពអនុប្រធានបក្សតាមការស្នើឡើងក៏ដោយ។​

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ស ខេង បានប្រកាសទទួលស្គាល់ទទួលស្គាល់លក្ខន្ដិកៈប្រការ៤៧ថ្មី របស់គណបក្សសង្គ្រោះជាតិ ដែលគណបក្សប្រឆាំងបានធ្វើសមាជវិសាមញ្ញ កាលពីចុងខែមេសា ឆ្នាំ២០១៧ ដោយកែប្រែឲ្យទៅជាប្រការ៤៧ថ្មី(មួយ)វិញ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ឲ្យ VOD ដឹងនៅថ្ងៃពុធនេះថា តាមសេចក្ដីប្រកាសព័ត៌មានស គឺក្រសួងមហាផ្ទៃទទួលស្គាល់ និងយកទៅតម្កល់តែលក្ខន្ដិកៈប្រការ៤៧ថ្មី របស់គណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។ ប៉ុន្ដែលោកថា ក្រសួងមិនទាន់ទទួលស្គាល់សមាសភាពអនុប្រធាន៣រូបទេ ដោយលោកថា ព្រោះគណបក្សប្រឆាំងមិនបានស្នើសុំ។

លោកថា៖ «តាមលិខិតព្រឹកមិញ យើងបានសម្រេចទទួលហើយ ទទួលតម្កល់ទុកជាផ្លូវការ ហ្អ អត់មានទេ អត់មានទទួលសមាសភាពនោះទេ អត់មានទទួលស្គាល់ អត់មានពាក់ព័ន្ធឯណា គ្រាន់តែទទួលលក្ខន្ដិកៈទុកជាផ្លូវការតើ ប្រធានទាំង៣រូប អត់មានទេ អត់មានចែងក្នុងលិខិតនោះទេ គាត់អត់មានស្នើមកយើងទេ សួរទៅខាងសង្គ្រោះជាតិទៅ»

តំណាងរាស្ដ្រគណបក្សប្រឆាំង លោក សុន ឆ័យ បានសាទរចំពោះប្រកាសទទួលស្គាល់លក្ខន្ដិកៈប្រការ៤៧ថ្មីរបស់គណបក្សសង្គ្រោះជាតិនេះ ដោយលោកថា គណបក្សប្រឆាំងនឹងមានកិច្ចប្រជុំជាមួយគណៈកម្មាធិការនាយកជាបន្ដ ដើម្បីដោះស្រាយលើបញ្ហាដែលនៅសល់។ លោកថា៖ «បាទ! បើគេទទួលស្គាល់វិសោធនកម្មលក្ខន្ដិកៈហ្នឹងគេទទួលស្គាល់ហើយ។ អានោះគាត់រើសអនុប្រធានគាត់ទៅ វាស្របតាមលក្ខន្ដិកៈថ្មីទៅ វាត្រូវហើយ បានវាអាចអញ្ចឹងហើយ»

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិបានរៀបចំធ្វើសមាជវិសាមញ្ញជាថ្មីម្ដងទៀត ប៉ុន្ដែមិនបានរុះរើសមាសភាពអនុប្រធានបក្ស៣រូប រួមមានលោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង នោះទេ។ កាលនោះ ក្រសួងមហាផ្ទៃលើកហេតុផលថា ការជ្រើសរើសអនុប្រធាន៣រូប កាលពីថ្ងៃទី២ មេសា ឆ្នាំ២០១៧ គឺខុសនឹងលក្ខន្ដិកៈថ្មីរបស់គណបក្សប្រឆាំងត្រង់ប្រការ៤៧ថ្មី ដោយក្រសួងថា ការជ្រើសរើសនេះបានហួសរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃលោក សម រង្ស៊ី លាលែងពីតំណែង។

យ៉ាងណាក៏ដោយ បើតាមលក្ខន្តិកៈគណបក្សសង្គ្រោះជាតិត្រង់ប្រកាស៤៧ថ្មី(មួយ) ថេរវេលានៃការជ្រើសរើសអនុប្រធានថ្មីនឹងមិនមានរយៈពេល៣០ថ្ងៃ ដូចប្រកាស៤៧ថ្មីឡើយ គឺមានន័យថា លែងមានការកំណត់ថេរវេលាដូចមុនហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ