ក្មួយបង្កើត​លោក ​ហ៊ុន សែន ជា​ប់​ពន្ធនាគារ​១៨​ខែ​ក្រោយ​បាញ់​រះជាង១០​គ្រាប់​

ឧត្កមសេនីយ៍ ​ហ៊ុន ជា ត្រូវជាក្មួយបង្កើត លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន (ប្រភពរូបភាពពី Facebook)

ក្មួយ​ប្រុសបង្កើត​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោកឧត្កមសេនីយ៍ ​ហ៊ុន ជា​ ត្រូវ​បាន​តុលាការ​កាត់​ទោសឲ្យ​ជាប់​ពន្ធនា​គារ​ចំនួន​១៨​ខែ​ បន្ទាប់​ពី​លោកបានផ្ទុះអាវុធ​ជាង​១០​គ្រាប់​កាល​ពី​យប់​​ថ្ងៃ​ទី​០១​ខែឧសភា នៅរាជធានីភ្នំពេញ ខណៈ​អ្នកតាម​ដាន​​បង្ហាញ​ការសារទរ​និងជម្រុញ​ឲ្យអាជ្ញាធរអនុវត្ត​ចាប់ឲ្យ​មាន​ប្រសិទ្ធភាព​។

បើតាមភ្នំពេញប៉ុស្តិ៍ លោក ហ៊ុន ជា បានដកកាំភ្លើងបាញ់រះប្រមាណជា១០គ្រាប់ កាល​ពីវេលា​ម៉ោង​ប្រមាណ១០និង២០នាទី យប់ថ្ងៃអង្គារ នៅភូមិ១១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ នៅខាងមុខផ្ទះវេរលុយមួយកន្លែង តែថាពុំបណ្តាល​ឲ្យ​មនុស្ស​ណា​ស្លា​ប់ ​ឬ រងរបួសទេ។ ក្រោយ​កើត​ហេតុ នៅ​ព្រឹក​ថ្ងៃ​០២ខែឧសភា​ លោក ហ៊ុន ជា ​ត្រូវ​បាន​សមត្ថកិច្ច​ក្រសួង​មហា​ផ្ទៃ​ឃាត់​ខ្លួន​យក​ទៅ​សាក​សួរនិង​បាន​បញ្ជូន​ខ្លួន​​ទៅ​តុលាការ​ភ្លាមៗនៅថ្ងៃ​ដដែលដើម្បីបន្តនីតិវិធី។

អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ ប្រាប់​វីអូ​ឌី នៅ​ថ្ងៃ​នេះ​​ថា បន្ទាប់​ពីលោក ​ហ៊ុន ជា​ ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​កាល​​ពី​ល្ងាច​ម្សិល​មិញ​​ តុលាការ​ក៏​បាន​បើក​សវនាការ​​កាត់ក្តីភ្លាម​ៗ​ ដោយ​​សម្រេច​ចោ​ទ​ប្រកាន់​លោកពី​បទគំរាម​កំហែង​​ ​សម្លាប់ និង​បទ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​ តាម​មាត្រា​២៣៣និង​មាត្រា​៤​១០​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ហើយ​តុលាការសម្រេច​ឲ្យ​​លោក ​ហ៊ុន ជា ជាប់ទោសនិងដាក់ពន្ធ​នាគារ​ចំនួន១៨​ខែ​។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​លី​ការ​ដូ លោក អំ សំអាត អប​អរ​សាទរ​ចំពោះ​ចំណាត់​ការ​របស់​តុលាការ​ ​ តែ​លោក​បាន​កត់​​​សម្គាល់​ថា គំរូ​នៃ​ភាពយុត្តិ​ធម៌នេះ ​ហាក់​មាន​ខ្លះ ​នៅពេលការ​​បោះឆ្នោតកាន់​តែ​ខិត​ជិត​មក​ដល់​។ ទោះ​ជា​យ៉ាង​ណា​ លោក​​​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថិកិច្ច​គួរ​តែ​អនុវត្តន៍​ច្បាប់​ជាជាង​ចាំ​តែ​ស្តាប់​បញ្ជារពី​ថ្នាក់​លើ។

លោក​ថា៖ «ប្រមុខ​រាជ​រដ្ឋាភិបាល​ក៏​លោក​បាន​លើក​ឡើង​ដែរ​ថា​កុំ​ចាំ​តែបទ​បញ្ជារ។ បាន​ន័យ​ថា ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ភារកិច្ច​រៀង​ៗខ្លួន ក្នុង​ការ​អនុវត្តន៍​ច្បាប់​នីតិវិធី ដើម្បី​ឲ្យ​ប្រទេស​យើង​ហ្នឹង​វា​មាន លទ្ធិ​ប្រជា​ធិបតេយ្យ​បាន​ន័យ​ថា​ពង្រឹង​នៃ​ការ​អនុវត្តន៍​ច្បាប់ »។

លោក ហ៊ុន ជា ដែលត្រូវជាកូនលោក ហ៊ុន សាន បងបង្កើតលោក ហ៊ុន សែន ត្រូវបាន លោកហ៊ុន សែន ស្នើទៅ​កាន់​ព្រះ​មហាក្សត្រ​​ឲ្យតម្លើងឋានន្តរស័ក្កិពីឧត្តមសេនីយទោផ្កាយ២ ទៅជាឧត្តមសនីយ៍ឯកផ្កាយ៣ ក្នុង​ក្រប​ខណ្ឌ​ក្រសួង​មហា​ផ្ទៃ កាល​​ពីចុង​ខែ​ធ្នូឆ្នាំ​២០១៧​កន្លង​មក​។

កាលពីឆ្នាំ២០១០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានថ្លែងជាសាធារណៈឲ្យក្មួយប្រុស គឺលោក ហ៊ុន ជា ត្រឡប់​ចូលផ្ទះវិញ ក្រោយ​មានការចោទប្រកាន់ថាបានបោកប្រាស់ប្រពន្ធនិងប្រើប្រាស់គ្រឿងញៀន។ ចំណែកក្នុងឆ្នាំ២០១២ លោក ហ៊ុន ជា ជាមួយលោក ហ៊ុន តូ ក៏ត្រូវ​បានជាប់ចោទពីករណីបាញ់បោះ ដែលធ្វើឲ្យរបួសមនុស្ស២នាក់ តែត្រូវ​បាន​ទម្លាក់​បទ​ចោទ​ចោល​វិញ ដោយសារគ្មានភស្តុតាងគ្រប់គ្រាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ