អ្នកទេសចរណ៍ទៅកំសាន្ដនៅខេត្តសៀមរាបកើនឡើងក្នុងរដូវភ្ជុំឆ្នាំនេះ

ប្រាសាទអង្គរវត្ត ខេត្តសៀមរាប (ដោយ មាស មុនី)

ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ទៅកំសាន្ដនៅខេត្ដសៀមរាប នារដូវបុណ្យភ្ជុំឆ្នាំនេះ មានចំនួនជិត១៤ម៉ឺននាក់ គឺកើនឡើងប្រមាណជាង១១% បើប្រៀបធៀបនៅឆ្នាំ២០១៥កន្លងទៅ ខណៈពលរដ្ឋអះអាងថា តម្លៃសេវាម្ហូបអាហារ មានតម្លៃខ្ពស់ ។

ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាបលោក ង៉ូវ សេងកាក់ ថ្លែងប្រាប់VODនៅព្រឹកថ្ងៃចន្ទនេះថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នៅតំបន់ទេសចរណ៍ ខេត្ដសៀមរាប មានភ្ញៀវជាតិចំនួន១២ម៉ឺននាក់ ខណៈភ្ញៀវទេសចរណ៍អន្ដរជាតិមានចំនួនជាង១ម៉ឺននាក់(១៧,០៩១)។លោកថា បើធៀបនឹងឆ្នាំ២០១៥កន្លងមក  ទាំងភ្ញៀវជាតិ និងអន្ដរជាតិ កើនឡើងជាង១១%។លោកបន្ដថា ការកើនឡើងនៃភ្ញៀវទេសចរណ៍នេះ ដោយសារទីតាំងកំសាន្ដនិមួយៗ រៀបចំបានល្អ និងមានស្ថេរភាពនយោបាយ គួបផ្សំនិងអាកាសធាតុអំណោយផលផងដែរ។

លោក ង៉ូវ សេងកាក់ ឲ្យដឹងទៀតថា តម្លៃសេវាកម្ម និងម្ហូបអាហារ មិនមានការឡើងថ្លៃនោះទេ ប៉ុន្ដែលោកថា កន្លែងស្នាក់នៅតាមសណ្ឋាគារនិងផ្ទះសំណាក់ឡើងថ្លៃបន្ដិតបន្តួច ដោយសារពួកគាត់ស្នាក់នៅក្នុងបន្ទប់លើសចំនួនកំណត់។លោកបន្ដថា នៅបារាយណ៍ទឹកថ្លាកន្លងមកម៉ាខ្ចុះអីហ្នឹងតែ៥០០០រអីទេតែយើងកំណត់ហើយបុណ្យឲ្យយកត្រឹមតែ១០០០០ម៉ឺនរៀល ហួសពី១ម៉ឺននោះគាត់ទទួលការពិន័យពីអ្នកគ្រប់គ្រងយើងហាមចឹងម៉ងអត់ឲ្យមានការឡើងថ្លៃអីទេ។ប៉ុន្ដែយើងនៅជួបបញ្ហាបរិស្ថានអីខ្លះដូចជានៅភ្នំគូលេនមួយថ្ងៃជាងមួយម៉ឺននាក់វាពិបាកដែរ ក្នុងការគ្រប់គ្រងចឹងយើងត្រូវការផ្សព្វផ្សាយបន្ថែមទៀត។

ទោះជាយ៉ាងណា ពលរដ្ឋនៅខេត្ដសៀមរាប ដែលដើរកំសាន្ដនានៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ឲ្យដឹងស្រដៀងគ្នា ដោយមិនបញ្ចេញឈ្មោះថា ម្ហូបអាហារ និងកន្លែងអង្គុយលេងនៅតំបន់ទេសចរណ៍មួយចំនួនក្នុងខេត្ដនេះ នៅតែមានតម្លៃខ្ពស់ជាងថ្ងៃធម្មតា ដែលថា តម្លៃមាន់ដុតមួយតម្លៃចាប់ពី៥ម៉ឺនរៀល ឡើងទៅ។ពួកគេបន្ដថា ការតម្លើងថ្លៃនេះ វាជាទម្លាប់របស់អ្នកលក់ដូរនៅថ្ងៃបុណ្យជាតិធំៗ ។ពួកគេបន្ថែមថា៖មានទូទៅតម្លៃ៥ម៉ឺន ប៉ុន្ដែយកក្យុសថែម។តម្លៃហ្នឹងរាងខ្ពស់ដែរសម្រាប់ជីវភាពដូចយើងប៉ុន្ដែអាងថាយូៗភ្ជុំម្ដង យើងស្ងៀមទៅប៉ុន្ដែបើឲ្យរាល់ថ្ងៃរៀងថ្លៃដែរ។មាន់ដុតមួយថ្លៃ៥ម៉ឺនរៀលហើយបុកក្ដាមសណ្ដែកគួរមួយម៉ឺនប្រាំសរុបអស់៨៩០០០រ)

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំង កាលពីម្សិលមិញ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍លោក ថោង ខុន ថ្លៃងថា នៅខេត្ដកែប និងខេត្ដកំពត ក្នុងពិធីបុណ្យជាតិនេះ គ្មានការតម្លើងតម្លៃម្ហូបអាហារនិងកន្លែងស្នាក់នោះទេ។ប៉ុន្ដែសម្រាប់ខេត្ដផ្សេងទៀតដូចជានៅខេត្ដទេសចរណ៍សំខាន់ៗមានខេត្ដព្រះសីហនុ និងសៀមរាបលោកថាគ្មានរបាយការណ៍បញ្ជាក់នោះឡើយ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ