តុលាការថាសវនាការនៅសប្ដាហ៍ក្រោយមិនមានវត្តលោក កឹម សុខា

សមត្ថកិច្ចឈរយាមប្រចាំការនៅមុខតុលាការកំពូល កាលពីពេលកន្លងទៅ។

មន្ត្រីជាន់ខ្ពស់តុលាការកំពូលអះអាងថា សវនាការនៅថ្ងៃទី​៧ ខែឧសភា ខាងមុខនេះ មិនមានវត្តមានលោក កឹម សុខា ចូលរួមទេ ដោយថា សំណុំរឿងនេះ ជារឿងមុនអង្គរសេចក្ដី។

អ្នកនាំពាក្យតុលាការកំពូល លោក នៅ មុន្នីជោត ប្រាប់វីអូឌីនៅថ្ងៃនេះថា  តុលាការមិនបានចេញ ដីកាកោះឲ្យខាងពន្ធនាគារនាំខ្លួនលោក កឹម សុខា មកចូលរួមសវនាការនោះទេ ដោយសារ នេះជាសវនាការមុនអង្គរសេចក្ដី។

លោកថា៖«ខ្ញុំបានទទួលដំណឹងហើយ ខាងតុលាការយើងអត់បានហៅគាត់មកទេ ដោយសារ តែរឿងរបស់ គាត់នៅថ្ងៃទី៧ ខែឧសភា ខាងមុខនេះ គឺរឿងមុនអង្គរសេចក្ដីទេ ។ អញ្ចឹងយើងអត់នាំគាត់ មកទេ ដោយសារ វាអត់មានការចាំបាច់»។

ប៉ុន្តែលោក ចាន់ ចេន សហមេធាវីម្នាក់ដែលការពារក្ដីឲ្យលោក កឹម សុខា នៅតែទទូចឲ្យតុលាការ កំពូលយកកូនក្ដីមកចូល រួមសវនាការនៅថ្ងៃទី ៧ ខែឧសភា ខាងមុខនេះ ដោយថា ដើម្បីកូនក្ដីធ្វើ ការឆ្លើយតបជាមួយក្រមចៅ និងប្រាប់ពីមូលហេតុដែលកូនក្ដីមិនសុខចិត្តចំពោះការសម្រេចរបស់ចៅក្រម សាលាដំបូងរាជធានីភ្នំពេញដែលបន្តឃុំលោក ៦ខែ បន្តទៀតនោះ។

លោកថា៖«ជាយោបល់របស់ខ្ញុំ! ខ្ញុំមានបំណងចង់ឲ្យកូនក្ដីរបស់ខ្ញុំឯកឧត្តមលោក កឹម សុខាបានចូលនៅ ចំពោះមុខតុលាការកំពូល ដើម្បីបានកូនក្ដីលោកមានយោបល់ ក៏ជាថ្លែង ឬក៏អំណះអំណាននៅ ចំពោះមុខក្រុមប្រឹក្សា»។

កាលពីថ្ងៃទី ២៧ ខែមីនា កន្លងមក សាលាឧទ្ធរណ៍ បានបើកសវនាការលើ​​​បណ្តឹង​​ប្រឆាំង​នឹង​ការ​សម្រេច​ពន្យារ​ពេល​ឃុំ​ខ្លួន​របស់មេធាវីការពារក្ដីឲ្យលោក កឹម សុខា ប៉ុន្តែសវនាការនោះមិនមានវត្តមានលោក កឹម សុខា ចូលរួមឡើយ បើទោះជាបីសាលាឧទ្ធរណ៍អះអាងថា តុលាការបានចេញដីកាទៅ ខាងពន្ធនាគារ ឲ្យនាំខ្លួនលោក កឹម សុខា មកចូលរួមសវនាការក៏ដោយ។

បើតាមអ្នកជំនាញច្បាប់លោកមេធាវីសុក សំអឿន មានប្រសាសន៍ថា លោកពិបាកយល់ ចំពោះការ អនុវត្តច្បាប់នៅប្រទេសកម្ពុជា ប៉ុន្តែបើតាមច្បាប់អន្តរជាតិលោកថា តុលាការត្រូវតែនាំខ្លួនជន ត្រូវចោទមកចូលរួមសវនាការ ដើម្បីជនដែលត្រូវចោទមានសិទ្ធិធ្វើការឆ្លើយ ចំពោះការចោទមកលើខ្លួន។

លោកថា៖«ទោះបីជាគាត់មានវត្តមានឬមិនមានវត្តមានក៏ជាការសម្រេចរបស់តុលាការដែរ ព្រោះមុនអង្គរសេចក្ដី មេធាវីទេជាអ្នកនិយាយ ទោះបីជាគាត់មានវត្តឬ មិនមានវត្តក៏អត់ខាតប្រយោជន៍អីដែរ។ ប៉ុន្តែបញ្ហា សំខាន់ បើសិនជាតុលាការយើងកាត់ក្ដីដោយមានជនជាប់ មានវត្តមានវាធ្វើឲ្យប្រជាជនមានកា រទុកចិត្តច្រើនទៅ លើតុលាការយល់នូវព្រោះបើយើងមិនបានស្ដាប់ហេតុផលគេ ម៉េចយើងចេះ តែកាត់អញ្ចេះ កាត់អញ្ចុះវាខុសពីការពេញចិត្តរបស់យើង  ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុក ចិត្តលើតុលាការ»។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ខែកញ្ញា និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីបនៃការថ្លែងរបស់លោកនៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដែលត្រូវបានរដ្ឋាភិបាលចោទថា «បានឃុបឃិតជាមួយបរទេសមានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ