អតីតគណបក្សសង្គ្រោះជាតិបញ្ជាក់ជំហរមិនចូលរួមជាមួយគណបក្សបង្កើតថ្មីៗ

ក្រុមការងាររុះរើស្លាក និង ពាក្យស្លោកនៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ(រូបដោយ លី វេហា)

អតីតគណបក្សសង្គ្រោះជាតិ ប្រកាសថា ខ្លួនមិនចូលរួមជាមួយគណបក្សដែលទើបបង្កើតថ្មីៗនោះទេ ដោយ ថា គណបក្សនេះនៅតែរក្សារជំហរគោរពឆន្ទៈពលរដ្ឋខិតខំស្វែងរកដំណោះស្រាយនយោបាយដើម្បីបានចូលរួម ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅពេលខាងមុខ។

ការប្រកាសជំហររបស់អតីតគណបក្សសង្គ្រោះជាតិនេះ ធ្វើឡើងក្រោយពីកូនប្រុសរបស់ លោក គង់ គាំ បាន បង្កើតបក្សថ្មីមួយឈ្មោះ «គណបក្ស​ឆន្ទៈ​ខ្មែរ»ដើម្បីចូលរួមការបោះឆ្នោតខាងមុខនេះ ហើយអតីតមន្រ្តីគណបក្សសង្គ្រោះជាតិរូបនោះ អះអាង ថា ការបង្កើតបក្សថ្មីនោះ ជា​ផ្នែក​មួ​យជួយឲ្យគណបក្ស​សង្គ្រោះជាតិមានឱកាសចូលរួមប្រកួត​ប្រជែង​នយោបាយ​ជាមួយ​បក្ស​កាន់​​​អំណាច​ និងបក្សនយោបាយផ្សេងៗទៀត​។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ អតីតគណបក្សសង្រ្គោះជាតិ អះអាងថា ខ្លួនមិនជាប់ ពាក់ព័ន្ធជាមួយគណបក្សដ៏ទៃ ឬបុគ្គលដែលទៅបង្កើតគណបក្សថ្មីនោះទេ។

សេចក្តីថ្លែងការណ៍ដដែល អតីតគណបក្សសង្រ្គោះជាតិ បានអំពាវនាវទៅសមាជិក សមាជិកាគណបក្ស និង សកម្មជន រួមទាំងប្រជាពលរដ្ឋត្រូវពង្រឹងស្មារតី និងបន្តការតស៊ូដោយអហិង្សាជាមួយគណបក្សសង្គ្រោះ ជាតិដើម្បីឈានទៅរកការផ្លាស់ប្តូរជាវិជ្ជាមានតាមបែបបទប្រជាធិបតេយ្យ។

ប្រធានគណបក្ស គណបក្ស​ឆន្ទៈ​ខ្មែរ​ ដែលជាកូនប្រុសពៅ លោក គង់ គាំ និងជាអតីតសមាជិកគណបក្ស សង្គ្រោះជាតិ គឺ លោក គង់ មុនីកា មានប្រសាសន៍ថា ការលើកឡើងរបស់អតីតគណបក្សសង្គ្រោះជាតិនេះ វាសិទ្ធិ ហើយថា អ្វីដែលលោកបង្កើតបក្សថ្មីនេះ គឺមិនស្ថិតក្រោមបក្សណាមួយនោះទេ។

លោកបន្ថែមថា«នេះយើងគ្រាន់តែអនុវត្តនៅសិទ្ធិនយោយរបស់យើង ហើយចង់ឲ្យគណបក្សសង្គ្រោះជាតិដែលជា គណបក្សប្រជាធិបតេយ្យមានអ្នកគាំទ្រច្រើនហ្នឹងក៏ត្រូវគោរពនៅសិទ្ធិនយោបាយរបស់ពួកខ្ញុំដែលគណបក្ស ថ្មីថ្មោងដែលយើងចង់ចូលរួមចំណែក ក្នុងការជំរុញឲ្យប្រសើរឡើងវិញនូវលទ្ធិប្រជាធិបតេយ្យផងដែរ។ដូច្នេះ ក្នុងនាមជាអ្នប្រជាធិបតេយ្យដូចគ្នាខ្ញុំគិតគណបក្សសង្គ្រោះជាតិជាពិសេសថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគួរតែ ចូលរួមលើកទឹកចិត្តដល់គណបក្សថ្មីថ្មោងនេះដើម្បីឈានទៅការផ្លាស់ប្តូរតាមបែបផែនប្រជាធិបតេយ្យដែរ»

ក្នុងលិខិតមួយចុះថ្ងៃទី៣ ខែឧសភានេះ គណបក្សឆន្ទៈខ្មែរ ដែលទើបបង្កើតឡើងដោយអតីតសមាជិកគណ បក្សសង្គ្រោះជាតិ ក៏បានថ្កោលចលនាសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ី ផងដែរ ដែលបានអំ ពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត ដោយថា សកម្មភាពនេះជាគំនិតអាត្មានិយមជ្រុលរបស់ក្រុមល្មោភអំណាច ដែលធ្វើឲ្យប្រជាពលរដ្ឋរងហិង្សា និងជាប់គុកជាបន្តបន្ទាប់ពេលកន្លងមក។

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណរ៉ា កាលពីចុងខែមេសាវិភាគថា ការបង្កើតបក្សថ្មីរបស់កូនប្រុសលោក គង់ គាំ នេះអាចគ្រាន់តែជាការលម្អប្រជាធិបតេយ្យនៅកម្ពុជា​តែប៉ុណ្ណោះ ដោយថា កាលណាគណបក្សប្រឆាំងបែកសំឡេងកាន់តែច្រើន គឺលទ្ធភាពប្រកួតប្រជែងដណ្តើមយកជ័យជំនះពីគណ បក្សកាន់អំណាច​មានតិចតួចណាស់។

កាលពីចុងខែមេសានេះ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យកូនប្រុសអតីតសមាជិកជាន់ខ្ពស់គណបក្សសង្គោះជាតិ បង្កើត​គណ​បក្សនយោបាយថ្មីមួយ ឈ្មោះថា «គណបក្សឆន្ទៈខ្មែរ» ដែលមានទីស្នាក់ការកណ្តាលនៅផ្ទះលេខ៧១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ