គ.ជ.ប. បានប្រកាសកាលពីចុងខែឧសភាថា ថវិកាជាតិប្រមាណជា ៥៣លានដុល្លារ នឹងត្រូវចំណាយសម្រាប់រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ។
បើធៀបទៅនឹងទំហំចំណាយកាលពីអាណត្តិមុនដែលមានចំនួនតែ ១៩,៣លានដុល្លារនោះ ទំហំថវិកាចំណាយសម្រាប់ការបោះឆ្នោតជាតិនាថ្ងៃទី២៩កក្កដាខាងមុខនេះ បានកើនឡើងជាង ៣០លានដុល្លារ។
កំណើនទំហំនៃការចំណាយថវិកាជាតិនេះ ទំនងមិនមែនជារឿងចៃដន្យនោះទេ អាចមកពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផ្អាកផ្តល់ជំនួយដល់ គ.ជ.ប. ទៀតហើយ ក្រោយពីតុលាការកំពូលរបស់កម្ពុជារំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា តាមបណ្តឹងរដ្ឋាភិបាល។
បើគេនិយាយពីកញ្ចប់ថវិកាជាតិ មួយផ្នែកធំជាលុយដែលរដ្ឋាភិបាលប្រមូលពន្ធពីពលរដ្ឋជាកោសិកាសង្គម។ ពន្ធនេះពលរដ្ឋបានចូលរួមបង់ទាំងប្រយោល និងដោយផ្ទាល់។
បង់ពន្ធប្រយោល មានន័យថា ពលរដ្ឋម្នាក់ទិញចំណីអាហារ សម្លៀកបំពាក់ និងចាក់សាំងចាប់ពី១លីត្រឡើងទៅ ពួកគេបានបង់ពន្ធចូលរដ្ឋរួចទៅហើយ ព្រោះថា អ្នកលក់តែងតែបូកបញ្ចូលតម្លៃពន្ធទៅក្នុងតម្លៃទំនិញរបស់គេ មុនលក់ចេញ។
ចំណែកពន្ធមួយទៀត ពេលពលរដ្ឋទិញម៉ូតូ ទិញរថយន្ត ផ្ទះសំបែង សម្ភារៈផ្សេងៗ ឬសុំបើកក្រុមហ៊ុនដើម្បីធ្វើអាជីវកម្ម គឺជាការបង់ពន្ធផ្ទាល់។
បើគេពិនិត្យមើលពីជម្លោះនយោបាយ ដែលឈានទៅចាប់ខ្លួនអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា រំលាយគណបក្សសង្គ្រោះជាតិ បណ្តេញអង្គការរបស់អាមេរិក NDI បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាង៣០ ទាំងអស់នេះ ជំរុញឲ្យសហគមន៍អន្តរជាតិនៃប្រទេសលោកសេរីមួយចំនួនរួមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផង គំរាមពីលទ្ធភាពដាក់ទណ្ឌកម្មកដល់កម្ពុជា។
បើគ្មានអ្វីប្រែប្រួលទេ ដំណើរការបោះឆ្នោតនឹងប្រព្រឹត្តិទៅទាំងគ្មានបក្សប្រឆាំងចូលរួម និងក្រោមការគំរាមដាក់ទណ្ឌកម្មពីប្រទេសលោកសេរី។
ភាពចម្រូងចម្រាសនេះ សួរថា តើការចំណាយថវិកាជាតិលើការបោះឆ្នោតនៅអាណត្តិនេះបានលទ្ធផលបែបណា?
មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅអង្គការខុមហ្វ្រែល លោក កន សាវាង្ស យល់ថា ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាលតែងតែយកថវិកាជាតិទៅចំណាយលើដំណើរការបោះឆ្នោត។ ប៉ុន្តែ លោថា បើការបោះឆ្នោតនោះ ធ្វើឲ្យពលរដ្ឋជិតពាក់កណ្តាលប្រទេស គ្មានជម្រើស លុយដែលពលរដ្ឋបង់ពន្ធនោះ នឹងក្លាយជាឧបករណ៍បង្កឲ្យមានភាពចម្រូងចម្រាសក្នុងសង្គម។
លោកថា៖ «អញ្ចឹងបើឆន្ទះនេះមិនត្រូវបានធានា ហើយការចូលរួមនេះ វាមិនបានពេញលេញ អញ្ចឹង តម្លៃដែលយើងរៀបចំទៅ វាអត់បានគ្រប់ជ្រុងជ្រោយទៅនឹងអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋទេ»។
អ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ វិភាគថា បើដំណើរការបោះឆ្នោតមួយ ពលរដ្ឋគ្រប់និន្នាការចេញទៅបោះឆ្នោតដោយគ្មានការភ័យខ្លាច លោកថា ថវិកាជាតិដែលរដ្ឋប្រើប្រាស់ ជាកត្តាជំរុញយន្តការប្រជាធិបតេយ្យ។ ប៉ុន្តែ លោកថា បើដំណើរការបោះឆ្នោតនោះ បំពេញឆន្ទៈតែមនុស្សមួយក្រុម ថវិកាជាតិដែលជាញើសឈាមពលរដ្ឋ បានក្លាយជាឧបការណ៍បំបែកបំបាក់ជាតិ។
អ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ
លោក ហង្ស វិទូ វិភាគទៀតថា បើក្រោយការបោះឆ្នោតបរទេសផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្ម ពលរដ្ឋដែលជាអ្នកបង់ពន្ធ នឹងក្លាយជាជនរងគ្រោះពីរត្រួត ទី១ លុយដែលពួកគេបង់ពន្ធក្លាយជាឧបករណ៍គំរាមកំហែងពួកគេ និងទី២ ពេលអន្តរជាតិដាក់ទណ្ឌ ពលរដ្ឋអ្នកក្រីក្រជាអ្នករងគ្រោះមុនគេ។
នៅចុងខែឧសភា ឆ្នាំ២០១៨នេះ ប្រទេសវេណេហ្សូអេឡា បានចំណាយថវិកាជាតិច្រើនលានដុល្លារ ដើម្បីរៀបចំដំណើរការបោះឆ្នោតមួយដោយគ្មានការចូលរួមរបស់បក្សប្រឆាំង ហើយការបោះឆ្នោតនោះទៀតសោត ពលរដ្ឋតែជាង ៤៦ភាគរយប៉ុណ្ណោះ ចេញទៅបោះឆ្នោត។
ប៉ុន្តែ ជាការកត់សម្គាល់ ក្រោយប្រកាសលទ្ធផលបោះឆ្នោត សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានរួមគ្នាដាក់ទណ្ឌកម្មដល់មន្ត្រីបក្សកាន់អំណាចដែលទើបជាប់ឆ្នោត ចំណែកប្រទេសជប៉ុនដែលធ្លាប់គាំទ្រការបោះឆ្នោតពីដើមរៀងមក ក៏បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់វេណេហ្សូអេឡានេះដែរ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី វិភាគថា ការធ្លាក់ចុះប្រជាប្រិយភាពជាបន្តបន្ទាប់របស់គណបក្សកាន់អំណាចនៅឆ្នាំ២០១៣ និងឆ្លាំ២០១៧ ជាសញ្ញាភ័យខ្លាចបាត់បង់អំណាចក្រោយការបោះឆ្នោតឆ្នាំ២០១៨មុខ។ លោកបានចោទជាសំណួរថា បើំមេដឹកនាំមួយបារម្ភបែបនេះ អាចប៉ះពាល់ដល់តម្លាភាពនៃការប្រើប្រាស់ថវិកាជាតិផងដែរ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី
សរុបជារួមមក អ្នកវិភាគថា បើអ្នកនយោបាយខ្មែរប្រើថវិកាជាតិ ដើម្បីតែប្រយោជន៍បក្ខពួក សម្រាប់រៀបចំបោះឆ្នោតនៅពេលនេះ ពួកគេថា ជម្លោះផ្ទៃក្នុង និងជម្លោះការទូតជាមួយអន្តរជាតិនៃប្រទេសលោកសេរី អាចនឹងកើតឡើង ហើយថា ផលវិបាកនឹងធ្លាក់លើពលរដ្ឋ និងរដ្ឋាភិបាលខ្លួនឯង៕