ពលរដ្ឋនៅស្រុកមួយក្នុងខេត្តបន្ទាយមានជ័យស្នើរដ្ឋាភិបាលធ្វើផ្លូវថ្មី

ពលរដ្ឋនៅស្រុកមួយ ក្នុងខេត្តបន្ទាយមានជ័យ អំពាវនាវឲ្យរដ្ឋាភិបាល ចាក់គ្រោះក្រហមក្រាលផ្លូវលំមួយខ្សែ ដោយពួកគាត់អះអាងថាបច្ចុប្បន្នផ្លូវនោះ ពិបាកធ្វើដំណើរនៅរដូវវស្សា​បង្កការលំបាកដល់សិស្សានុសិស្សនិងពលរដ្ឋមួយចំនួន។

ស្ត្រីម្នាក់ឈ្មោះ ហឿង ឆវី រស់ភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បាននិយាយថា ពូកគាត់ពិបាកធ្វើដំណើរ​ នៅពេលទៅស្រែចម្ការ និងទៅផ្សារម្តងៗ ព្រោះផ្លូវរអិលខ្លាំងពេក បន្ទាប់ពីមានភ្លៀងធ្លាក់ ហើយសិស្សសាលាក៏ពិបាកធ្វើដំណើរទៅរៀនដែរ។

អ្នកស្រីថា៖ «សិស្សសាលាគ្នាដើរទៅរៀន គ្នាដើររអឹលដួលប្រឡាក់ខោអាវ ប្រឡាក់អីអស់ ទម្រាំដល់សាលា គ្នាជិះកង់ជិះអីអត់កើត»។

អ្នកស្រីបន្ថែមទៀតថា នេះជាផ្លូវចាស់យូណាស់មកហើយ ក៏ប៉ុន្តែមិនដែលឃើញមានអាជ្ញាធរណា​មកអើពើសោះ។ អ្នកស្រីស្នើឲ្យរដ្ឋាភិបាល ជួយចាក់គ្រោះក្រហមដើម្បី កាត់បន្ថយផលលំបាកសម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្សពេលបានទៅសាលារៀន។

ពលរដ្ឋម្នាក់ទៀតលោក សឿន កុសល្យ បាននិយាយថា ផ្លូវនោះពិបាកធ្វើខ្លាំងនៅពេលមានភ្លៀងធ្លាក់។ លោកបញ្ជាក់ថា៖ «​រអិលហើយជាប់ជើង ជាប់ជើងម៉ូតូជាប់ជើងកង់ ពេលណាដែលមានភ្លៀងរលឹមម្តងៗ តាំងគោយន្តតាំងម៉ូតូតាំងឡាន តាំងអីនិងឯងជាប់ពេញតានេះឯង គឺវារអឹលប៉ាដោយ រអឹលធ្លាក់ផ្ឡូវ»។

លោកបន្ថែមទៀតថា ផ្លូវនេះមានប្រវែងប្រមាណ២០០០ទៅ៣០០០ម៉ែត្រដែលខូចខាត ហើយគ្មានផ្លូវផ្សេងសម្រាប់ធ្វើដំណើរជំនួសទេ បើសិនជាមានភ្លៀងធ្លាក់សិស្សសាលាចំនួនបីភូមិ ​គឺភូមិបន្ទាយឆ្មារខាងលិច ភូមិក្បាលទន្សោង និងភូមិត្រពាំងខ្លោក ត្រូវខកខានទៅរៀន។

លោក ហេង សុភ័ក្រ ដែលជាមេឃុំទើបចូលកាន់តំណែងថ្មី បានទទួលស្គាល់ថា ផ្លូវនេះពិតជាបង្កផលលំបាក និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋពិតមែន។ លោកប្តេជ្ញាថា ក្រោយពេលលោកចូកកាន់តំណែង លោកនឹងអភិវឌ្ឍន៍ផ្លូវនេះមុនគេ បន្ទាប់ពីទទួលបានកញ្ចប់ថវិ​កាពីរដ្ឋាភិបាល៕

ម៉ាប់ ស៊ុយ៖ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ