លោក ហ៊ុន សែន ថាសេចក្តីថ្លែងការណ៍អាមេរិករឿង លោក កឹម សុខា ដើម្បីការពារអាយ៉ង

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

មេដឹកនំាគណបក្សកាន់អំណាច បានថ្លែង​ថា សេចក្តីថ្លែងការណ៍​របស់​ប្រទេស​មហាអំណាច​មួយ​ ពាក់ព័ន្ធ​ការ​​​​ចាប់​​ខ្លួនលោក កឹម សុខា គឺជាការ​ការពារអាយ៉ងរបស់ខ្លួន។

លោក ហ៊ុន សែន​ ​អះ​អាង​ថា មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិលោក កឹម សុខា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​​ផ្អែក​ទៅ​តាម​វីដេអូ​ ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​ព័ត៌មាន CBN។ ផ្អែក​តាម​វីដេអូ​នោះ លោក​​បាន​ចោទ​​លោក​ កឹម សុខា ថា បាន​ក្បត់​ជាតិ និង​ឃុប​ឃិត​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​។

ក្រោយពីចាប់ខ្លួនលោក កឹម សុខា ក្រសួងការបរទេសអាមេរិក កាលពី​ថ្ងៃទី៣ខែកញ្ញា បាន​បង្ហាញ​ក្ដី​​ព្រួយបារម្ភយ៉ាងខ្លាំង ដោយហៅការចាប់ខ្លួនមេបក្សប្រឆំាង​រូប​នោះ​ថា បង្កប់​ហេតុ​ផល​នយោ​បាយ ដោយ​ថា លោក កឹម សុខា ជាបុគ្គលស្អាតស្អំ មានការទទួលស្គាល់ពីសហគមន៍អន្ដរជាតិ ក្នុ​ង​ការ​គោ​រ​ព​សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយអហិង្សា។

យ៉ាង​ណាក៏ដោយ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិហារឥស្លាមជើមៀក ក្នុង​ខេត្តកំពង់ចាម នៅថ្ងៃទី៤ខែកញ្ញា​នេះ​ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានហៅការលើកឡើងរបស់​អាមេរិកថា គ្រាន់តែធ្វើដើម្បីការងារអាយ៉ងរបស់ខ្លួន។

លោកថ្លែងថា«យើងគ្រាន់តែផ្តំាផ្ញើថា អ្នកដែលធ្វើសេចក្តីថ្លែងការណ៍[អាមេរិក] ដើម្បីការពារនូវជននេះ​[លោក កឹម សុខា]គឺវាគ្រាន់តែជាការការពារអាយ៉ងរបស់ខ្លួនឲ្យរួចផុតពីការចោទប្រកាន់តែប៉ុណ្ណោះ សូមគោរព​​អតិបតេយ្យជាតិកម្ពុជាមិនត្រូវប្រើប្រាស់វិធីផ្តួលរំលំ[រដ្ឋាភិបាល]តាមរយៈរបស់ ដែលហៅថា បដិវត្តន៍​​ពណ៌ទេ»

អ្នក​វិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុង​ហៃ យល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក​ នាំឲ្យកម្ពុជាដើមចេញពីគន្លងប្រជាធិបតេយ្យ​។

លោកនិយាយថា«កន្លែងនេះវិធានការរំលោភសិទ្ធិសេរីភាព ការបញ្ចេញមតិ វិធានការបិទសារព័ត៌មាន វិទ្យុ និងវិធានការប្រឆំាងគណបក្សដទៃទៀតក្រៅពីគណបក្សកាន់អំណាចឬក៏វិធានការធ្វើច្បាប់ប្រឆំាង និងបុគ្គលសម រង្ស៊ី ជាដើមគឺវាចាកឆ្ងាយពីប្រជាធិបតេយ្យហើយ»

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​ម៉ោង ១២ និង ៣៥​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​នេះ នៅ​ឯ​គេ​ហដ្ឋាន​របស់​លោក។ ក្រោយពីចាប់ខ្លួន ស្ថាប័ន​រដ្ឋមួយចំនួនបានចេញសេចក្តីថ្លែងការគំាទ្រនិងចំចាត់ការរបស់រដ្ឋាភិបាលលើលោក កឹម​ សុខា។

ប៉ុន្តែស្របពេលជាមួយគ្នានោះ សង្គមស៊ីវិល​ជាតិ និងសហគមន៍អន្តរជាតិ រួមទំាងគណបក្សប្រឆំាង បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ជា​បន្តបន្ទាប់ ​ថ្កោលទោសចំពោះ​វិធានការ​របស់​រដ្ឋាភិបាលក្នុង​ការចាប់​ខ្លួន​មេ​បក្ស​ប្រឆំាង​​រូប​នោះ ដោយថា​ ធ្វើ​ឡើង​ដោយ​រំលោភ​បំពាន​លើ​អភ័យ​ឯកសិទ្ធិ​សភា ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្ម​នុ​ញ្ញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ