ខុសពីតារាជើងចាស់ល្បីឈ្មោះភាគច្រើន ដែលមានជីវភាពល្អប្រសើរនៅពីក្រោយសិល្បៈ តារាសម្ដែងជើងចាស់អ្នកនាង ប៉ែន សុផានី បានអះអាងថា អ្នកនាងអត់មានទ្រព្យសម្បត្តិអ្វី សេសសល់ជាដុំកំភួននោះទេ ក្រៅតែផ្ទះកំណើត ដែលមានស្រាប់នៅខាងក្រោយក្រសួងមហាផ្ទៃ។ អ្នកនាង បានទាំងសារភាពមិនមានលុយសម្រាប់ទិញផ្ទះទិញដី ដើម្បីទៅរស់នៅជួបជុំជាមួយកូនប្រុស នៅខេត្តព្រះវិហារក្រោយពីចប់ការងារសិល្បៈនោះផង។
អ្នកនាងបានថ្លែងក្នុងពិធីខួបកំណើតកាលពីថ្ងៃទី១ខែកញ្ញា ថាអ្នកនាងក្រោយចប់សិល្បៈ គឺមានបំណងទៅរស់នៅទីរួមខេត្តព្រះវិហារ ដោយសារតែនៅទីនោះកូនប្រុសតែមួយរបស់អ្នកនាងគេមានប្រពន្ធ និងកូនមួយហើយរស់នៅ និងធ្វើការនៅទីនោះដែលមិនខុសពីចាកគ្រឹះនៅខេត្តព្រះវិហារផងដែរ។
យ៉ាងណាមិញ អ្នកនាងបញ្ជាក់ថាកូនប្រុស និងភរិយា មិនមានដីធ្លី និងផ្ទះសម្បែងនៅឯខេត្តព្រះវិហារនោះទេគឺកូន និងកូនប្រសារស្រីរបស់អ្នកនាងនៅធ្វើការទីនោះដោយការជួលផ្ទះគេប៉ុណ្ណោះ។ អ្នកនាងថា កូនប្រុសរបស់អ្នកនាងអត់ចេះរស់នៅភ្នំពេញនោះទេ ហើយដោយសារតែលោកទម្លាប់ធ្វើការនៅទីនោះយូរឆ្នាំមកហើយ ទើបលោក និងភរិយារឹតតែរវីរវល់មករស់នៅភ្នំពេញជួបជុំជាមួយអ្នកនាង បើទោះជាអ្នកនាងមានផ្ទះកេរ្តិ៍ ដើម្បីអោយរស់នៅបានដោយមិនបាច់ជួលគេ។
អ្នកនាងថា កូនប្រុសរបស់អ្នកនាងមិនចង់រស់នៅពឹងពាក់អ្នកនាងជាម្ដាយទាល់តែសោះ ជាពិសេសក្រោយពីលោកមានភរិយា និងកូនប្រុសតូចម្នាក់ គឺកាន់តែចង់មានផ្ទះមានសម្បែងរស់នៅឯខេត្តព្រះវិហារខ្លាំងឡើង។ អ្នកនាងបានសារភាពថាមានមធ្យោបាយតែមួយគត់ដែលអាចអោយអ្នកនាងមានលុយជួយដល់កូនប្រុសអោយមានផ្ទះមានសម្បែងនៅខេត្តព្រះវិហារ គឺមានតែប្រកាសលក់ផ្ទះកេរ្តិ៍នៅខាងក្រោយក្រសួងមហាផ្ទៃប៉ុណ្ណោះ ប៉ុន្តែមកពីអ្នកនាងប្រកាន់ជំហរមិនអាចលក់ផ្ទះនឹងចោលបាន ទើបអ្នកនាងយល់ថាខ្លួនឯងប្រហែលជាខ្វះលទ្ធភាពច្រើនជាងទៅរួចសម្រាប់គម្រោងក្រោយពេលបោះបង់សិល្បៈ។ អ្នកនាងបញ្ជាក់ថា សិល្បៈរាល់ថ្ងៃដ្បិតថាថតច្រើនរឿងហើយទទួលបានលុយច្រើនក៏ពិតមែនប៉ុន្តែប្រើសម្រាប់តែទប់តម្រូវការ និងការចំណាយដែលកើតមានឡើងមិនយប់នៅក្នុងវិស័យសិល្បៈប៉ុណ្ណោះ ជាពិសេសការចំណាយលើកម្មវិធីបុណ្យការ និងជប់លៀង ដែលមានវិលជុំស្ទើររាល់ថ្ងៃនៅក្នុងវិថីសិល្បៈ។
ក្នុងនោះអ្នកនាងមិនទាំងហ៊ានហ៊ឺហារដោយសំលៀកបំពាក់ថ្លៃៗផ្លាស់ម៉ូដនោះផង ដោយអ្នកនាងបញ្ជាក់ថាការលម្អកាយដោយគ្រឿងអលង្ការហ៊ឺហារស៊ីវិល័យក៏មិនសូវហានលេងដូចគ្នានោះដែរ។ អ្នកនាងថាខ្លួនបានបម្រើសិល្បៈជិត៣០ឆ្នាំមកហើយ គឺប្រហាក់ប្រហែលនឹង៣ទសវត្សរ៍តែសម្រាប់ទ្រព្យធនគឺមិនសូវស្ដុកស្ដម្ភដូចគ្នា។ អ្នកនាងនៅតែអះអាងថាចំណូលដែលបានទទួលពីការងារសិល្បៈ មិនអាចធ្វើជាទ្រព្យមានបានកើតទេ បើគ្មានជីវភាពមួយល្អប្រសើរនៅពីក្រោយខ្នង ជាពិសេសសម្រាប់អ្នកមិនមានមុខរបរធំដុំបន្ថែមពីលើសិល្បៈនោះផង។
ក្នុងនោះអ្នកនាងក៏បានប្រកាសថានឹងមិនអាចបន្តគម្រោងទទួលការសម្ដែងរហូតទាល់តែវ័យជរាដូចគ្នា ដោយអ្នកនាងបញ្ជាក់ថាទោះជាមានការគាំទ្រពីក្រុមផលិតករក៏អ្នកនាងមិនអាចត្រាំត្រែងក្នុងសិល្បៈ ដោយបន្តការសម្ដែងរហូតដល់វ័យជ្រេខ្លាំង ដែលធ្លាក់ដល់តួយាយ ឬដល់ថ្នាក់សម្ដែងជាតួម្ដាយលែងសមនោះទេ។ អ្នកនាងប្រកាសថាដល់ពេលចាស់ទៅគឺត្រូវតែទៅរស់នៅជុំកូនជុំចៅនៅខេត្តព្រះវិហារ តែអ្នកនាងមិនដឹងថាខ្លួននឹងមានលុយកាក់ទិញផ្ទះទិញសម្បែងរស់នៅទីនោះអោយបានសមរម្យនោះទេ ដោយសារតែលុយកាក់ម៉ឺនៗដុល្លារគឺអ្នកនាងប្រកាសថាមិនមានលទ្ធភាពតែម្ដង។
អ្នកនាងនិយាយថា៖ «បើខ្ញុំឈប់ពីសិល្បៈ គឺមានតែរស់នៅជាមួយកូន និងកូនប្រសារទេ ហើយខ្ញុំសារភាពត្រង់គឺអត់មានគម្រោងទៅធ្វើភូមិគ្រឹះអីនៅខេត្តព្រះវិហារអីទេគឺតែលុយទិញផ្ទះ និងដីនៅទីរួមខេត្តហ្នុង (ព្រះវិហារ) ក៏មិនដឹងថាមានលុយអត់ផង ព្រោះខ្ញុំរាល់ថ្ងៃតារាជើងចាស់ហើយល្បីឈ្មោះអីមែន តែសម្រាប់រឿងលទ្ធភាពចឹងៗគឺអត់មានតែម្ដង!»។
អ្នកនាង ប៉ែន សុផានី បានប្រកាសទៀតថា អត់មានគម្រោងលក់ចោលផ្ទះសំណប់នៅខាងក្រោយក្រសួងមហាផ្ទៃដូចគ្នា ដោយសារតែអ្នកនាងគិតថាផ្ទះនោះអាចទុកជួលដើម្បីបានប្រាក់គ្រាន់ចិញ្ចឹមខ្លួនពេលចាស់កុំអោយពិបាកកូន និងកូនប្រសារ។ អ្នកនាងខ្លួនកំពុងសន្សំលុយបណ្ដើរដើម្បីអោយពេលខាងមុខគឺមានត្រឹមលទ្ធភាពជួលដីទំនេរ ឬជួលផ្ទះគេបើកហាងរកស៊ីនៅខេត្តព្រះវិហារ ដោយមិនទាន់មានគម្រោងទៅទិញផ្ទះ ទិញដីនៅខេត្តព្រះវិហារនោះទេ។ អ្នកនាងថាបើលុយទិញផ្ទះទិញដី គឺពិតជាពិបាក ប៉ុន្តែបើត្រឹមដើមទុនបើកហាងហូបចុកលក់គ្រឿងក្លែមអី គឺអ្នកនាងទៅរួច ដោយអ្នកនាងនឹងចាប់ផ្ដើមសន្សំតាំងពីពេលនេះទៅ។
អ្នកនាងថាខ្លួនមានមិត្តភ័ក្រ្តស្និទ្ធស្នាលម្នាក់រស់នៅទីរួមខេត្តព្រះវិហារ ហើយមិត្តរបស់អ្នកនាងជាអ្នកជំនួញមានផ្ទះសល់ទំនេរ២រមែងហៅអ្នកនាងអោយរស់នៅទីទេ ទើបអ្នកនាងយល់ថាបើក្រោយបោះបង់សិល្បៈគឺអ្នកនាងនឹងរស់នៅផ្ទះនោះ ហើយអាចរកស៊ីតិចតួចនៅពេលនោះដោយពឹងមួយផ្នែកនឹងចំណូលផ្ទះជួលនៅភ្នំពេញ។ អ្នកនាងថាទោះមិនមានប្រាក់កាសសល់ជាដុំកំភួន ប៉ុន្តែអ្នកនាងក៏ពិបាកសម្រាប់ការរៀបចំជីវិតថ្មីនៅខេត្តព្រះវិហារនោះដែរ ដោយអ្នកនាងថាមិនមានលុយកាក់ទិញផ្ទះសម្បែងអោយធំដុំនៅទីនោះក៏ពិតមែន តែក៏អាចអោយអ្នកនាងបានរស់នៅជួបជុំកូនប្រុស កូនប្រសារស្រី និងចៅជាទីស្រឡាញ់នោះផងដែរ៕