ក្រសួងកសិកម្មបានប្រកាសថា ក្រសួងបានសហការជាមួយសហព័ន្ធស្រូវអង្ករ ដើម្បីពិសោធន៍រកអង្ករប្លាស្ទិចដែលមានការផ្សព្វផ្សាយជាបន្តបន្ទាប់តាមបណ្តាញសង្គមហ្វេសបុកនោះ ប៉ុន្តែលទ្ធផលរកមិនឃើញនោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា បានបញ្ជាក់ថា ក្រសួងនិងសហព័ន្ធស្រូវអង្ករ បានពិសោធន៍អង្ករដែលសង្ស័យ ដើម្បីបញ្ជាក់ថានោះជាអង្កប្លាស្ទិចឬមិនមែន តាមតាមបីដំណាក់កាល គឺទី១ ការវិភាគលក្ខណៈរូប តាមរយៈការវាស់ដង់ស៊ីតេអង្ករ និងការវាស់ដង់ស៊ីតេម្សៅអង្ករ ទី២ ការវិភាគលក្ខណៈគីមី ដើម្បីស្រាវជ្រាវរកកម្រិតប្រូតេអ៊ីនក្នុងអង្ករ និងទី៣ ការរំលាយអង្ករ ដោយប្រើប្រាស់អាស៊ីតខ្លាំង។
សេចក្តីប្រកាសបានបញ្ជាក់ថា តាមលទ្ធផលនៃការវិភាគនេះ គឺបញ្ជាក់ថាកម្ពុជាមិនមានអង្ករប្លាស្ទិចនោះទេ។ ក្រសួងក៏បានអំពាវនាវដល់អ្នកដែលបានឃើញឬសង្ស័យថាមានអង្ករប្លាស្ទិច អាចរាយការណ៍ទៅសមត្ថកិច្ចជំនាញតាមលេខ ០២៣ ២១៣ ១០៧, ០៧៨ ៦៧៣ ២២៥ និង ០១២ ២២២ ២៦១៕