ក្រសួង​អប់រំ​លុប​ឈ្មោះ​លោក រ៉ុង​ ឈុន ចេញពី​ក្រប​ខណ្ឌ​មន្ត្រីរាជ​ការ

អតីតសមាជិក គ.ជ.ប. មកពីកូតាគណបក្សសង្គ្រោះជាតិ លោក លោក រ៉ុង ឈុន

ក្រសួង​អប់​រំ​បាន​សម្រេចច្រាន​ចោលពាក្យ​សុំបម្រើ​ការងារ​ និង​​លុប​ឈ្មោះ​​លោក ​រ៉ុង ឈុន ចេញពី​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជការ ដោយ​លើក​​ហេតុ​ផល​ថា ​លោក​អវត្តមាន​ពី​ការ​ងារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ដែល​ការ​សម្រេច​នេះ​ ត្រូវ​​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​លាលែង​ពី​សមាជិក គ.ជ​.ប.។

ក្នុង​សេចក្តី​សម្រេច​ចុះ​ថ្ងៃ​ទី៣០ មករា ឆ្នាំ​២០១៨ រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ លោក ហង់ ជួនណារ៉ុន បាន​សម្រេចលុប​ឈ្មោះ​ លោក រ៉ុង ឈុន ពី​បុគ្គលិក​នៃ​នាយក​ដ្ឋាន​ស្រាវ​ជ្រាវវិទ្យាសាស្ត្រ នៃ​ក្រសួង​អប់​រំ​ពី​ថ្ងៃ​ទី​១ មករា ឆ្នាំ​២០១៨តទៅ ដោយ​លើក​ហេតុផលថា ​លោក​អវត្តមាន​ពី​ការ​ងារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

លោក ​រ៉ុង ឈុន ដែល​បច្ចុប្បន្ន​ជាទីប្រឹក្សា​សមាគមគ្រូ​បង្រៀន​កម្ពុជាឯក​រាជ្យ ​បាន​ប្រាប់​វី​អូ​ឌី​ថា ​លោក​អស់​សំណើច​ទៅ​នឹង​អ្វី​ដែល​រដ្ឋ​មន្ត្រី​សម្រេចបែប​​នេះ ដោយ​ថា ធ្វើ​ឡើង​ហាក់​មិន​សមទំនង ​គ្មាន​ហេតុផលណា​មួយ​ក្នុង​ការ​បញ្ឈប់រូប​លោក។ លោក​យល់​ថា​ ការ​បញ្ឈប់​លោក​ពី​ក្រប​ខ័ណ្ឌ​​នេះ​ គឺ​មក​ពី​ហេតុ​ផល​នយោបាយ​ច្រើន​ជាង។

លោក​ថា៖ «បន្ទាប់ពី​នេះ​ សមាគម​នឹង​ធ្វើ​លិខិតឲ្យ​លោក​រដ្ឋ​មន្ត្រី​បំភ្លឺ​ឡើង​វិញ​ពី​បញ្ហា​ដែល​លោក​បញ្ឈប់​ខ្ញុំ​នេះ ហើយ​ទី​ពីរ​យើង​នឹង​សរសេរ​ទៅ​កាន់​អង្គការ​អប់​រំ​អន្តរជាតិពីព្រោះ​សមាគមគ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យក៏​​ជាសមាជិកអង្គការ​អប់​រំ​អន្តរជាតិ​ដែល​មាន​សមាជិកជាង​ ៣០លាន​នាក់​ជាង​ដែល​មាន​អាជីព​គ្រូ​បង្រៀន​ហ្នឹង ដើម្បី​ឲ្យ​គេ​ដឹង​ថា ​ការ​បញ្ឈប់​ហ្នឹង វា​ត្រឹម​ត្រូវ​ឬ​មួយក៏​មិន​ត្រឹម​ត្រូវ​ ឲ្យ​អន្តរជាតិធ្វើ​ការ​លើ​រឿង​ហ្នឹង​បន្ថែម​ទៀត​»។

លោក លោក រ៉ុង ឈុន គឺ​ជា​អតីតសមាជិក គ.ជ.ប. មកពីកូតាគណបក្សសង្គ្រោះជាតិ ហើយលោកបាន​លាលែងចេញ​ពី​តួនា​ទី​នៅ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ៤​ថ្ងៃ​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ពាក់​ព័ន្ធ​នឹង​​អ្វី​ដែល​រដ្ឋាភិបាល​ចោទ​ថា បាន​ឃុត​ឃិត​ជាមួយ​បរទេស ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ