នៅទីបំផុត តារាសម្ដែងចាស់វស្សាអ្នកនាង កែវ ស្រីនាង បានត្រលប់មកកាន់ការសម្ដែងជាថ្មីវិញហើយ បន្ទាប់ពីតារាស្រីរូបនេះបាត់មុខពីការសម្ដែងស្ងាត់សូន្យ ដោយសារតែហេតុផលអ្នកនាងស៊ីថ្លៃពិបាកអោយផលិតករហ៊ានថ្លៃផង និងដោយសារតែហេតុផលអ្នកនាងបានក្លាយជាភរិយាអ្នកមានជាជនបរទេស មិនសូវចង់ថតរឿងផង។ អ្នកនាងត្រូវបានគេឃើញត្រលប់មកថតជាថ្មី ដោយការបង្ហាញមុខលើកនេះ ក៏សារភាពថាបានទទួលថតរឿងទាំងឈឺតែម្ដង។
អ្នកនាង កែវ ស្រីនាង បានថ្លែងក្នុងពិធីក្រុងពាលីថតរឿង«កាំបិតមុខ២»ថាអ្នកនាងទទួលថតក្នុងភាពយន្តដែលជាគម្រោងរបស់ផលិតកម្មមហាហង្ស និងគ្រោងដាក់បញ្ចាំងនៅ PNN មួយនេះ គឺដោយសារតែមានមនោសញ្ចេតនាជាមួយលោក អ៊ិន សុភិន ជាថៅកែមហាហង្សសុទ្ធសាធ ដោយសារតែក្នុងរយៈពេលនេះ ជំងឺឈាមសស៊ីឈាមក្រហមរបស់អ្នកនាងក៏មានអាការៈធ្វើទុក្ខ។
អ្នកនាងថាខ្លួនមានសភាពសម្រាកមិនបាន ហើយការលេបថ្នាំជាប្រចាំក៏ធ្វើអោយសុខភាពរបស់ទ្រុឌទ្រមជាងមុនផងដែរ ខណៈដែលខាងវេជ្ជបណ្ឌិត្យ ក៏ដាក់បម្រាមមិនអោយនាងទទួលការងារហត់នឿយ ដែលនាងយល់ថាការទទួលថតមួយរឿងថ្មីអោយមហាហង្សលើកនេះ ពិតជាជៀសមិនផុតពីរឿងប្រើកម្លាំងលើសកម្រិត ហើយមិនបានសម្រាកទៀងទាត់។
អ្នកនាងបន្តថា បើនិយាយពីភាពចង់ល្បី អ្នកនាងលែងចង់ទៀតហើយ ប៉ុន្តែបណ្ដាលមកពីនៅមិនចង់បាត់ឈ្មោះពីការងារសិល្បៈ ទើបមានមិត្តភ័ក្រ្តហៅថតបទចម្រៀង ថតម៉ូដ ឬការងារសិល្បៈមួយចំនួន នាងនៅតែទទួល។ យ៉ាងណាមិញ អ្នកនាងថាបានដាក់ចិត្តលែងទទួលការងារសម្ដែងរឿងអស់មួយរយៈធំមកហើយ ដោយសារតែនាងដឹងថាការទទួលការងារបែបនេះ នឹងធ្វើអោយអ្នកនាងធ្វើទុក្ខពីជំងឺដែលមានសភាពធ្វើទុក្ខនោះទៀត។
អ្នកនាងបន្តថា ជំងឺរាល់ថ្ងៃ បានទាំងធ្វើអោយអ្នកនាងពិបាកក្នុងខ្លួនម្ដងៗ និងឈានទៅកាត់សក់ខ្លីអោយស្រឡះៗក្បាលនោះផង ទើបអ្នកនាងមិនទុកសក់វែង ហើយត្រូវនឹងការចង់បានរបស់ផលិតកររឿង«កាំបិតមុខ២»ដែលទាក់ទងអោយអ្នកនាងចេញថតតួឯកនោះតែម្ដង។ អ្នកនាងមិនយល់ថាការសម្ដែងដែលនាងទទួលក្ដៅៗនេះ គឺជាស្រវាស្រទេញរកប្រាក់ចំណូលនោះទេ ដោយនាងបញ្ជាក់ថាអោយតែពេលនាងថតមួយរឿងៗ គ្រាន់តែចំណាយលុយកាត់ខោអាវ និងការចុះឡើងៗពីសៀមរាបមកភ្នំពេញ និងទិសដៅត្រូវថតក្នុងរឿង សុទ្ធតែធ្វើអោយអ្នកនាងចមណាយលើសពីតម្លៃខ្លួនដែលត្រូវបាន។
ស្របគ្នាដែលភាពយន្តនោះ គឺជារឿងភាគទូរទស្សន៍ដែលត្រូវចំណាយពេលថតច្រើនខែផង រឹតតែធ្វើអោយអ្នកនាងនឹងចំណាយលុយច្រើនបន្ថែមពីលើ ទម្រាំបញ្ចប់ការងារ។
អ្នកនាង កែវ ស្រីនាង បញ្ជាក់យ៉ាងខ្លីថា អ្នកនាងទទួលថតរឿងថ្មី មិនមែនហេតុផលចុងល្បី និងចង់បានលុយពីការងារសិល្បៈដូចអំឡុងពេលមុនទេ ប៉ុន្តែបណ្ដាលមកពីអ្នកនាងមិនចង់អោយស្នាដៃសិល្បៈដែលខំសាងឡើងរលាយបាត់ឈឹងបើអ្នកនាងឈប់សម្ដែង និងមិនមានស្នាដៃសិល្បៈបន្តបន្ទាប់លេចឡើង។
អ្នកនាងប្រកាសថាមិនបោះបង់សិល្បៈនោះទេ ប៉ុន្តែបើភាពយន្តមួយអ្នកនាងមិនបានអានស៊ីជម្រៅពីសាច់រឿងអោយត្រូវនឹងចំណូលចិត្តទេ ក៏អ្នកនាងមិនសម្ដែងនោះដែរ។ អ្នកនាងមិនទាន់ដឹងថាភាពយន្តទើបទទួលនេះ នឹងបញ្ចប់ការថតនៅពេលណាទេ ក្នុងពេលដែលការចេញថតនៅមិនទាន់បានប្លង់នៅឡើយ គិតត្រឹមល្ងាចថ្ងៃទី៤ឧសភានោះ៕