រដ្ឋាភិបាលឲ្យអាជ្ញាធរខេត្តឧបត្ថម្ភពលករខ្មែរដែលថៃបញ្ជួនមកវិញ

រដ្ឋាភិបាលអំពាវនាវឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ យកចិត្តទុកដាក់ចំពោះពលករខ្មែរដែលអាជ្ញាធរចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ។

កាលពីចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ ពលករខ្មែររាប់ពាន់នាក់ត្រូវបានតម្រួតថៃ ចាប់បញ្ជូន​ត្រឡប់​មក​វិញ តាម​ច្រក​ព្រំ​ដែន​អន្តរជាតិ​ប៉ោយប៉ែត ខណៈ​ដែល​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​បន្ទាយមានជ័យ សង្កេត​ឃើញ​ថា ពលករ​ខ្មែរ​មិន​ក្រោម ៦០០​នាក់​នោះ​ឡើយ​ក្នុង​មួយ​ថ្ងៃៗត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​វិញនៅ​តាម​ច្រក​ព្រំដែន​មួយ​នេះ។

ក្នុងលិខិតចុះថ្ងៃទី៤កក្តដាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានបញ្ជាទៅអភិបាលខេត្តទាំងអស់នៅជាប់ព្រំប្រទល់ប្រទេសថៃឲ្យធ្វើការសហការជាមួយភាគីថៃដោយ ធ្វើយ៉ាងណាសុំឲ្យអាជ្ញាធរថៃយកចិត្តទុកដាក់លើការដឹកជញ្ជូនពលករខ្មែរត្រឡប់មកវិញ ប្រកបដោយការគោរពសិទ្ធិ សុវត្ថិភាព និងផ្តល់ស្បៀងអាហារឲ្យសមស្របផងដែរ។

ជាមួយគ្នានេះដែរក្រសួងមហាផ្ទៃក៍បញ្ជាឲ្យអាជ្ញាធរជាប់ព្រំដែនថៃទាំងនោះជួយឧបត្ថម្ភ និង ដឹកជញ្ជូនពលករដែលមានស្រុកកំណើតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពីព្រំដែនទៅលំនៅ ឋានរបស់ពួកគេដោយយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាព សុខភាព និងត្រូវរៀបចំជម្រកបណ្តោះ អាសន្នជូនពលករជាដើម។

ក្រសួងមហាផ្ទៃក៏បានអំពាវនាវសប្បុរជនឲ្យជួយ​ឧបត្ថម្ភដោយស័្មគ្រចិត្ត​នូវថវិកា សម្ភារ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ទីជម្រកបណ្ដោះអាសន្ន និងមធ្យោបាយដឹកជញ្ជូន ដើម្បីចូលរួមចំណែកដោះស្រាយការលំបាកនានារបស់ពលរដ្ឋខ្មែរនេះដែរ។

វិអូឌីមិនអាចសុំការឆ្លើយតបពីអភិបាលខេត្តនីមួយៗជាប់ព្រំដែនថៃបានទេដោយអភិបាលខេត្ត ខ្លះទូរសព្ទមិនចូលខណៈអភិបាលខេត្តបាត់ដំបងលោក ច័ន្ទ សុផល ថារវល់ប្រជុំមិនអាចនិយាយបាន។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្សសមាគមអាដហុកប្រចំាខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា បាន គាំទ្រចំពោះការអំពាវនាវរបស់ក្រសួងមហាផ្ទៃនេះ ប៉ុន្តែលោកសុំឲ្យរដ្ឋាភិបាលសហការ ជាមួយ​ភាគីថៃកុំឲ្យបញ្ជូនពលករខ្មែរមកវិញយ៉ាងគំហុកដោយឲ្យពួកគេមកតាមសម្រួល។

លោកបន្តថា ដើម្បីទប់ស្កាត់ពលករចំណាកស្រុកឲ្យមានប្រសិទ្ធភាពបាន រដ្ឋាភិ​បាល​​​ត្រូវបង្កើតការងារក្នុងស្រុកឲ្យបានច្រើន និងរកទីផ្សារសម្រាប់កសិផលដែលប្រមូលបានស្រប តាមសេដ្ឋ​កិច្ច​ជាក់ស្តែង និងត្រូវបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែនដើម។

លោកបន្ថែមថា «ខ្ញុំយល់ថារដ្ឋាភិបាលគួរតែបង្កើតការងារក្នុងស្រុកឲ្យបានច្រើនដល់ពលករទី១ ទី២ជួយធ្វើយ៉ាងម៉េចឲ្យទីផ្សារកសិផលរបស់កសិករហ្នឹងឲ្យបានមានតម្លៃដែលអាចជួយជីវភាពពួកគាត់បាននោះនឹងជៀសវាងការចាក់ចេញចំណាកស្រុកនេះមិនខាន មួយទៀតរដ្ឋាភិបាលត្រូវត្រូវពិចារណាវិញចំពោះរយៈនៃការធ្វើលិខិតឆ្លងដែននិងត្រូវបញ្ជុះតម្លៃបន្ថែមទៀត ដើម្បីពលករក្រីក្រគាត់មានលទ្ធិភាពបានដែរ»

កាលពីខែមិថុនាឆ្នាំ២០១៤ អាជ្ញាធរថៃបានចាប់បញ្ជូនពលករ​ខ្មែរជាង២២ម៉ឺន​នាក់មក​ប្រទេស​កម្ពុជា​វិញក្រោយពីរកឃើញថាពួកគេចូលធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់។ ក្រោយមកអាជ្ញាធរ​ថៃ​បាន​ទទួល​​យកពលករខ្មែរវិញដោយឲ្យបំពេញបែបបទតាមផ្លូវច្បាប់។

ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ២០១៧នេះ រដ្ឋាភិបាល​យោធា​ថៃបានអនុវត្តវិធានការថ្មីមួយទៀត ដោយបាន​ចាប់​​បញ្ជូន​ពលករ​បរទេស​ទៅ​ប្រទេស​​កំណើត​របស់​ពួក​គេ​​វិញ ដោយថា ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​ច្បាប់​គ្រប់​​គ្រង​​ពលករ​បរទេស​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​មួយ​នេះ។

បើតាមសេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន​ថៃបាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​ការ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ ពលករ​បរទេស​ខុស​ច្បាប់​ប្រហែល ៦​ម៉ឺន​នាក់ មិន​ថា​ជា​ពលករ​ខ្មែរ ឬ​ពលករ​ភូមា​ទេ បាន​រត់​គេច​ចេញ​ពី​ប្រទេស​ថៃ នៅ​ចន្លោះ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៨ ខែ​មិថុនា ដោយ​បារម្ភ​អំពី​ការប្រឈម​មុខ​នឹង​ការ​ផាក​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​រហូត​ដល់​រាប់​ម៉ឺន​បាត ហើយ​ថៅកែ​ដែល​ជួល​ពលករ​បរទេស​ដោយ​ខុស​ច្បាប់ ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផាក​ពិន័យ​ដល់​ ៨​​សែន​បាត ឬ​ជាង ២​ម៉ឺន ៣​ពាន់​ដុល្លារ​ឯណោះ។

បន្ទាប់​ពី​ចលនា​ពលករ​បរទេស​គេច​ខ្លួន​ដ៏​ច្រើន​បែប​នេះ រដ្ឋាភិបាល​ថៃ​ក៏​បាន​ផ្អាក​អនុវត្តផ្នែក​ខ្លះ​នៃ​ច្បាប់​ថ្មី​នេះ​ក្នុង​រយៈ​ពេល ១២០​ថ្ងៃ ឬ​ ៤ខែ​ ក្នុង​នោះក៏​ផ្អាក​អនុវត្ត​ប្រការ​ផាក​ពិន័យ​ទៅលើ​ថៅកែ​ជួល​ពលករ​បរទេស​ខុស​ច្បាប់​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ការងារ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ