អាមេរិក​ចង់ឃើញអ្នកនយោបាយកម្ពុជា ផ្សះផ្សាជាតិមុនការបោះឆ្នោត

លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

មន្ត្រីជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិចប្រចាំនៅកម្ពុជា ឲ្យដឹងថា លោកចង់ឃើញអ្នក​នយោបាយ​ទាំង​អស់​​ក្នុងប្រទេសកម្ពុជា ទាំងមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ធ្វើការផ្សះផ្សាជាតិ ឲ្យបានមុនការបោះឆ្នោតនាពេលខាងមុខ។

កាលពីសប្តាហ៍មុន មជ្ឈដ្ឋានទូទៅយល់ថា នយោបាយនៅកម្ពុជា បានឡើងកម្តៅខ្លាំង បន្ទាប់​ពីមាន​ការគំរាម​កំហែង​សារ​ជាថ្មី ដោយគណបក្សកាន់អំណាច តាមរយៈ​សំណើរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធ្វើ​វិសោធនកម្ម​ច្បាប់គណបក្សនយោបាយ ដែលទំនង​ជា​អាច​ឈាន​ទៅ​ដល់​រំលាយ​តំណែង​​​លោក សម រង្ស៊ី ចេញពីប្រធានគណបក្សប្រឆាំង។

ថ្លែងដោយឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មានវីអូឌី នៅក្នុងជំនួបជជែកពិភាក្សាតុមូលដ៏កម្រកាលពី​ព្រឹកថ្ងៃទី៣ខែមករាកន្លងទៅនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William A. Heidt មានប្រសាសន៍ថា ក្នុងកាលៈទេសៈបច្ចុប្បន្ន អ្នកនយោបាយកម្ពុជា គួរតែវិលរកវប្បធម៍សន្ទនានិងរួបរួមគ្នា ដើម្បីអ្វី​​ដែល​លោកថា គឺតបតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលចង់បាន។

លោកថា៖ «[…] ខ្ញុំចង់ត្រឡប់ទៅប្រធានបទផ្សះផ្សាជាតិ។ ជាងចុងបញ្ចប់ ផ្សះផ្សារជាតិ មានន័យថា វាដូចជាកម្លាំងនយោបាយធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា អីញ្ចឹង! ហើយការ​បំបែកមនុស្ស​ចេញ​ពីការប្រកួត ការដកគណបក្ស ការចេញសេចក្តីថ្លែងការណ៍ប្រឆាំងឬជំទាស់ ជាជាងវិលមក រកការសន្ទនាគ្នា […] ការធ្វើបែបនេះ ខ្ញុំមិនគិតថាជាអ្វីដែលប្រជាជន​កម្ពុជាចង់បាន​នោះទេ​!»

លោក William A. Heidt មានប្រសាសន៍បន្តថា ការបន្តប្រើប្រាស់យន្តការបែបនេះ គឺមិនអាច​ជួយ​ អភិវឌ្ឍ​ដំណើរការលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជាបានទេ។

ងាកមករកការបោះឆ្នោតនៅពេលខាងមុខ នៅពេលអ្នកសារព័ត៌មានសួរថា តើកម្ពុជា​អាចនឹងមានបោះឆ្នោត​ដោយសេរីនិងត្រឹម​ត្រូវដែរ ឬទេ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានបង្ហាញគំនិតសុទិដ្ឋិនិយមច្រើន ដោយយល់ថា ដំណើរការចុះឈ្មោះបោះឆ្នោតកាលពីពេលកន្លងទៅ បានប្រព្រឹត្តិទៅយ៉ាងរលូន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ