របាយការណ៍មួយបង្ហាញថា ទំហំកម្ចីឥណទាននៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ នៅតែមានកំណើនល្អ ខណៈដែលកម្ចីសម្រាប់វិស័យអចលនទ្រព្យបន្តឈានមុខដដែល។
របាយការណ៍ចេញដោយការិយាល័យឥណទានកម្ពុជា (CBC) សម្រាប់ត្រីមាសចុងក្រោយឆ្នាំ២០១៧កន្លងមក បង្ហាញថា ទំហំកម្ចីឥណទានបានកើនឡើងក្នុងកម្រិត ១៩ភាគរយ ធៀបទៅសន្ទុះកំណើន ១០ភាគរយ នៅក្នុងត្រីមាសទី៣កន្លងមក។
របាយការណ៍ដដែលនេះបញ្ជាក់ថា កំណើនទំហំកម្ចីឥណទានក្នុងទិសដៅវិជ្ជមានបែបនេះ កើតចេញពីកំណើននៃការស្នើសុំកម្ចីហិរញ្ញវត្ថុផ្ទាល់ក្នុងកម្រិត ១៥ភាគរយ កំណើននៃការស្នើសុំប័ណ្ណឥណទានក្នុងកម្រិត ៩៤ភាគរយ និងសន្ទុះកំណើនដ៏ខ្លាំងក្លានៃទំហំកម្ចីអចលនទ្រព្យក្នុងកម្រិតដល់ទៅ ៦២ភាគរយ។
របាយការណ៍ដដែលនេះ បង្ហាញផងដែរថា ខណៈដែលទំហំនៃការស្នើសុំប័ណ្ណឥណទាននៅតំបន់ទំនាបកណ្ដាលមានកំណើនក្នុងកម្រិត ១០៩ភាគរយ ហើយតំបន់ទន្លេសាបមានកំណើន ៣៥ភាគរយនោះ តំបន់ឆ្នេរសមុទ្រ និងតំបន់ខ្ពង់រាប បានធ្លាក់ចុះក្នុងកម្រិត ៣១ភាគរយ និង ៤ភាគរយរៀងៗខ្លួន។
របាយការណ៍ដដែលនេះ បានបង្ហាញថា ទំហំនៃកម្ចីឥណទាននៅតាមតំបន់ទាំង ៤នៃប្រទេសកម្ពុជា សុទ្ធតែទទួលបានកំណើនជាមធ្យមចន្លោះពី ៤.៧ភាគរយនៅតំបន់ទំនាបកណ្ដាល រហូតដល់ទៅ ៨.២ភាគរយនៅតំបន់បឹងទន្លេសាប៕