ចំនួន​អ្នក​ភូមិស្លាប់​នៅ​ក្រចេះ​​ឡើង​ដល់​១០​នាក់ ខណៈ​អាជ្ញាធរ​មិន​ទាន់​រក​ឃើញ​មូល​ហេតុ

រូបភាព៖ ពលរដ្ឋ​មក​ពី​ស្រុក​ចិត្របុរី សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ក្រចេះ បន្ទាប់​ពី​ធ្លាក់​ខ្លួន​ឈឺ​ ។ រូបថត៖ គេហទំព័រ​នគរបាល​ជាតិ

ពលរដ្ឋ ១០​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ក្រចេះ​បញ្ជាក់​ថា បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃ​ត្រង់​ថ្ងៃ​នេះ ខណៈ​ដែល​ពលរដ្ឋ​ ៦៩​នាក់​បន្ថែម​ទៀត​ ត្រូវ​បាន​បញ្ជូន​ទៅ​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​ពួកគេ​ធ្លាក់​ខ្លួន​ឈឺ។

របាយការណ៍​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ជន​ជាតិ​ភាគ​តិច​ព្នង ៥​នាក់ បាន​ស្លាប់ នៅ​ឃុំ​កន្ទួត ស្ថិត​ក្នុង​ស្រុក​ចិត្របុរី ហើយ​ ៤០​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​សង្ស័យ​ថា ពុល​ថ្នាំ​របស់​ក្រុមហ៊ុន។

នៅ​ក្នុង​របាយការណ៍​ផ្ញើ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេងនោះ ​អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន បាន​រាយការណ៍​ថា ពលរដ្ឋ ៤​នាក់​ទៀត ក្នុង​នោះ​មាន​ស្ត្រី ៣​នាក់ បាន​ស្លាប់​បន្ត​ទៀត ខណៈ​អ្នក​ភូមិ ៦៩​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ក្នុង​នោះ​អ្នក​ភូមិ ៥​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​នៅ​រាជធានី​ភ្នំពេញ។

បើ​តាម​របាយការណ៍​ដដែល​នេះ អ្នក​ភូមិ​ដល់​ទៅ ១២១​នាក់​ហើយ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរ​ពេទ្យ ក្នុង​នោះ​មាន​ស្ត្រី ៦៨​នាក់​ផង​ដែរ។

អភិបាល​ខេត្ត​ក្រចេះ​ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី បាន​ចាត់​ទុក​ថា នេះ​ជា​ករណី​ផ្ទុះ​ជំងឺ ប៉ុន្តែ ពុំ​បាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ផ្ទុះ​ជំងឺ​នេះ​ឡើយ ដោយ​គ្រាន់​តែ​ប្រាប់​ថា អ្នក​ភូមិ​ទាំង​នោះ បាន​ធ្លាក់​ខ្លួន​ឈឺ មាន​អការៈ​ក្អួត​ចង្អោ ឈឺ​ក អស់​កម្លាំង ទន់​ដៃ​ជើង វិល​មុខ និង​ថប់​ដង្ហើម មុន​នឹង​ពួកគេ​ស្លាប់។

ករណី​ពុល​អាហារ​បាន​កើត​ឡើង​ម្ដង​រួច​មក​ហើយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ដោយ​ព្រះ​សង្ឃ​ដល់​ទៅ​ជិត ១០០​អង្គ​នៅ​ក្នុង​វត្ត​សរសរ​ ១០០ ស្ថិត​ក្នុង​ស្រុក​សំបូរ បាន​ធ្លាក់​ខ្លួន​ឈឺ បន្ទាប់​ពី​ឆាន់​ចង្ហាន់។

របាយការណ៍ក្រសួងសុខាភិបាល ឲ្យដឹងថា ករណី​ពុលចំណីអាហារក្នុងឆ្នាំ២០១៧ កើតមានលើមនុស្ស៩៤៧នាក់ ក្នុងនោះមានមនុស្ស ៤នាក់ បានស្លាប់ដោយសារពុលស្រា ដែលចំនួននេះ បានធ្លាក់ចុះជិត ២០ភាគរយ បើធៀបទៅនឹងតួលេខ​ឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ