អង្គការថាពលករខ្មែរនៅថៃមកបោះឆ្នោតមានចំនួនតិច

អង្គការមួយ ដែលធ្វើការលើកកម្ពស់សិទ្ធិពលករចំណាកស្រុកអះអាងថា ពលរដ្ឋដែលចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃ បានចូលរួមការបោះឆ្នោតមានចំនួនតិចតួច ពោលគឺមានប្រមាណ១% ប៉ុណ្ណោះ។

មន្រ្តីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុក នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឌី ថេហូយ៉ា ឲ្យដឹងថា តាមការសង្កេត និងចុះធ្វើការងារផ្ទាល់ ជាមួយពលកររកឃើញថា ពលករខ្មែរនៅប្រទេសថៃ គឺបានមកបោះឆ្នោតប្រមាណ១%ប៉ុណ្ណោះ។

លោកថា មូលហេតុដែលនាំឲ្យពលករទាំងនោះមកបោះឆ្នោតបានតិចបែបនេះ ដោយសារពួកគេមិនមានពេលវេលាគ្រប់គ្រាន់ ខ្វះថវិកាសម្រាប់ធ្វើដំណើរ និងត្រូវថៅកែមិនអនុញ្ញាតច្បាប់ជាដើម។

លោកបន្ថែមថា មុនពេលបោះឆ្នោត មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បានដាក់លិខិតមួយស្នើសុំ គ.ជ.ប សហការជាមួយក្រសួងការបរទេសឲ្យជួយសម្រួលដល់ពលករខ្មែរនៅប្រទេសថៃ ដើម្បីបានមកបោះឆ្នោត ដោយធ្វើយ៉ាងណា ឲ្យថៅកែថៃផ្តល់ពេលវេលាឈប់សម្រាកគ្រប់គ្រាន់ ដោយមិនកាត់លុយ និងជួយសម្រួលពិសេសនៅតាមច្រកព្រំដែនឲ្យពលករទាំងនោះចូលមកដោយយកលុយជាដើម ប៉ុន្តែលោកថា ទាំង គ.ជ.ប និងក្រសួងមិនបានឆ្លើយតបឡើយ។

កាលពីឆ្នាំ​២០១៦​ ក្រសួងការបរទេស​បានឲ្យដឹងថា ​ក្រសួង​បាន​ជួយ​សម្រួល​​ទិដ្ឋាការ​ជូន​ពលករ​-ពល​ការិនី​​​កម្ពុជាទៅ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​​ចំនួន​ជិត១០ម៉ឺននាក់ (៩៧ ១០២នាក់) បើធៀប​នឹង​​​​ឆ្នាំ​២០១៥ ​មាន​ចំនួន​​ជិត​៧​ម៉ឺន​នាក់។ ចំណែក​​របាយការណ៍ក្រសួងការងារថៃបាន​បង្ហាញថា បច្ចុប្បន្ន​ពល​​រដ្ឋ​ខ្មែរ​ជាង១លាននាក់​កំពុង​ស៊ីឈ្នួល​នៅ​ក្នុង​ប្រទេសរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ