កម្ពុជាថានឹងបោសសំអាតគ្រាប់មីនឲ្យអស់នៅឆ្នាំ២០២៥

គ្រាប់មីន

មន្ដ្រីរដ្ឋាភិបាលឲ្យដឹងថា ប្រទេសកម្ពុជាមានផែនការបោសសំអាតមីនឲ្យអស់នៅឆ្នាំ២០២៥ខាងមុខ ខណៈផ្ទៃដីដែលមាន​គ្រាប់មីន​មិនទាន់ផ្ទុះ នៅសល់ជិត​២​ពាន់​គីឡូ​​ម៉ែត្រក្រឡាទៀត។

រដ្ឋមន្ដ្រីក្រសួងការពារជាតិ​លោក ទៀ បាញ់ ថ្លែងនៅក្នុងពិធី​ទទួលសម្ភារៈបច្ចេកទេស​កំទេចមីនពីរដ្ឋាភិបាលជប៉ុន ដែលធ្វើឡើងនៅខេត្ដសៀមរាប នាព្រឹកថ្ងៃព្រហស្បត្ដិ៍ទី៦ខែកក្កដានេះថា រយៈពេលជាង២០ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុ​ជា តាមរយៈស៊ីម៉ាក់ កងយុទ្ធពលខេមរៈភូមិន្ទ អង្គការអន្ដរជាតិដោះមីនជាច្រើនទៀត បានធ្វើការរុករកឃើញ​និងកំទេចចោលគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ បានប្រមាណ៤លានគ្រាប់ ដែលស្មើនឹងផ្ទៃដីជាងមួយពាន់បួនរយគីឡូ​ម៉ែត្រក្រឡា។ លោកបន្ដថា តាមការវាយតម្លៃរបស់អាជ្ញាធរមីន គ្រាប់មីនដែលនៅសល់នៅលើផ្ទៃដីជិត២ពាន់គីឡូម៉ែត្រ​ក្រឡាទៀតកម្ពុជា នឹងបោសសំអាត់ឲ្យអស់ នៅឆ្នាំ២០២៥ខាងមុខ ដើម្បីធានាដល់សុវត្ថិភាពនិងភ័យខ្លាចដល់ប្រជាពលរដ្ឋ។

លោកបន្ដថា៖ «កម្ពុជាបានបន្ដការធានាយ៉ាងច្រើនថែមទៀត ដើម្បី​ធ្វើឲ្យទស្សនៈវិស័យឆ្នាំ​២០២៥ កម្ពុជាអស់ ការគំរាមកំហែងដោយសារគ្រាប់មីន ដែលប្រឆាំងមនុស្ស​ដោយ​ជោគ​ជ័យ»។

ប្រធានមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា CMAC លោក ហេង រតនា មានប្រសាសន៍ថា អាជ្ញាធរមីនកម្ពុជា ស៊ីម៉ាក់កំពុងបង្កើនកំលាំងស្រាវជ្រាវនៅមូលដ្ឋាន ដើម្បីកំណត់ពីស្ថានភាពចំការមីននីមួយៗ អោយបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការពង្រាយកម្លាំងនិងប្រើប្រាស់ឧបករណ៍បោសសំអាតមីនអោយចំគោលដៅ ធ្វើយ៉ាងណាឲ្យអនុវត្ដបានសម្រេចកំទេចគ្រាប់យុទ្ធភ័ណ្ឌបានតាមផែនការណ៍។ លោកបន្ដថា បើគិតពីឆ្នាំ១៩៩២ ដល់ខែឧសភាឆ្នាំ២០១៧កន្លងទៅនេះ CMAC សម្រេចលទ្ធផលនៃការរុករកកំទេចចោលគ្រាប់មីនប្រឆាំងមនុស្ស ​បានជាង៥០ម៉ឺនគ្រាប់ មីនប្រឆាំងរថក្រោះ បានជាងមួយម៉ឺនគ្រាប់ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានជាង២លាន​មួយសែនគ្រាប់ ដែលលោកថា ទាំងគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះបានជិត៣លានគ្រាប់ ខណៈបោសសំអាតផ្ទៃដីមានគ្រាប់មីនបានជាង​៨៥៨គីឡូម៉ែត្រក្រឡា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ