បន្ទាប់ពីមានការទម្លាយថាតារាចម្រៀង សុគន្ធ និសា នឹងគ្រោងចេញមុខក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kid គេកត់សម្គាល់ថាអ្នកគាំទ្ររបស់នាងមានការអន្ទះសារយ៉ាងខ្លាំង ដោយសារតែកម្មវិធីនេះបានត្រឹមតែប្រកាសថាឆាប់ៗនេះ តែមិនដាក់ពេលវេលាអោយច្បាស់ ដែលធ្វើអោយគេបារម្ភខ្លាចដូចគ្នានឹងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយគឺ Cambodia X-Factor ដែលបានប្រកាសថានឹងមកដល់ឆាប់ៗយូរហើយ តែមិនច្បាស់រឿងដំណើរការនោះ។ យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីហង្សមាសបានថ្លែងប្រាប់ថាកម្មវិធីដែល សុគន្ធ និសា ទទួលធ្វើជាគ្រូបង្វឹកនោះបានដំណើរការហើយ។
លោក កៅ សីហា អ្នកដឹកនាំសម្ដែងនៅផលិតកម្មហង្សមាសបានអះអាងថា កម្មវិធី The Voice Kid បានដំណើរការហើយដោយខាងហង្សមាសបានរៀបចំជើងព្រួលនឹងក្រុមការងារអស់ហើយ គឺមិនមែនគ្រាន់តែប្រកាសថាឆាប់ៗ ហើយមិនច្បាស់ពីពេលវេលានោះឡើយ។
លោកថាក្នុងប៉ុន្មានថ្ងៃនេះ ក្រុមការងារកម្មវិធីថ្មីនេះបានដំណើរការថតការផ្សព្វផ្សាយនិងបានកំណត់ជ្រើសបេក្ខជននៅដើមខែក្រោយ គឺបន្ទាប់ពីចូលឆ្នាំចប់ត្រូវបញ្ចប់។ លោកថាកម្មវិធីមិនទាន់ដំណើរការប្រលងជ្រើសបេក្ខជនបេក្ខនារីជាកុមារនៅឡើយមែន ប៉ុន្តែទាំងក្រុមការងារនិងគ្រូបង្វឹករួមមានកញ្ញា សុគន្ធ និសា ផង បានបំពេញការងាររួចហើយ ជាពិសេសគឺការបង្វឹកពីសំណាក់អ្នករៀបចំកម្មវិធីតែម្ដង។
លោកបញ្ជាក់ថាការប្រលងនឹងបើកទទួលពាក្យនៅខែក្រោយ ហើយការប្រលងជម្រុះនឹងធ្វើបន្តបន្ទាប់ដូចគ្នានឹងការប្រលងក្នុងកម្មវិធី The Voice Cambodia ដែរ។ យ៉ាងណាមិញ លោកប៉ាន់ស្មានថារហូតដល់អាច៣ខែក្រោយទើបកម្មវិធីមួយនេះអាចដំណើរការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍បាន ដោយសារតែត្រូវប្រើពេលជ្រើសរើសបេក្ខជនប្រលងតាមខេត្តក្រុងផងនិងត្រូវការជម្រុះតាមដំណាក់កាលផង។
លោកថាមិនថា សុគន្ធ និសា និងតារាចម្រៀងផ្សេងទៀតដែលជាប់តំណែងជាគ្រូបង្វឹកនោះទេ គឺសុទ្ធតែជាប់កុងត្រាទាំងអស់ ដោយតាមការប៉ាន់ស្មានអាចដល់កៀកចុងឆ្នាំនោះផងទម្រាំបញ្ចប់។ លោកថា សុគន្ធ និសា នៅតែមានបទចម្រៀងសម្រុកចេញលក់មិនដកដៃនោះទេ បើទោះជានាងត្រូវដកខ្លួនងាកមកធ្វើជាគណៈកម្មការកម្មវិធី The Voice Kid ដែលលោកប្រកាសថាបានដំណើរការហើយនោះ។ លោកថាកម្មវិធីលំដាប់ថ្នាក់ពិភពលោកថ្មីនេះ នឹងមិនប៉ះពាល់ដល់ដំណើរការកម្មវិធី The Voice Cambodia និងកម្មវិធី Cambodian Idol នោះទេ ដោយសារតែនៅហង្សមាស មានប៉ុស្ដិ៍ផ្សេងគ្នា ដែលលោកបញ្ជាក់ថាកម្មវិធីទាំងអស់នឹងដំណើរការវិលជុំហើយស្ថិតនៅលើកញ្ចក់ទូរទស្សន៍ផ្សេងគ្នារបស់ក្រុមហ៊ុនហង្សមាស។
លោកមិនច្បាស់ថាកម្មវិធី The Voice Kid នឹងបញ្ចប់ទាំងស្រុងត្រឹមប៉ុន្មានខែក្រោយចេញដំណើរការនោះទេដោយគ្រាន់តែអះអាងថាទម្រាំបានចប់សព្វគ្រប់ គឺប្រើពេលច្រើនជាង៣ខែ។
លោកនិយាយថា «កម្មវិធីហ្នឹងដំណើរការហើយតើ តែខែក្រោយ(ដើមខែឧសភា)គេប្រកាសទទួលពាក្យហើយ ចឹង និសា គាត់រវល់ច្រើនក្នុងកម្មវិធីហ្នឹង!»។
យ៉ាងណាមិញលោកថាខ្លួនមិនមែនជាអ្នកកាន់កាប់កម្មវិធីទូរទស្សន៍នៅហង្សមាសនោះទេ ដោយសូម្បីតែកម្មវិធីដែល សុគន្ធ និសា ទើបទទួលកាន់នេះ ក៏លោកមិនបានចូលប្រជុំដឹងពីផែនការលម្អិតនោះដែរ ដោយគ្រាន់តែបានដឹងថាកម្មវិធីនោះបានដំណើរការហើយប៉ុណ្ណោះ។
សុគន្ធ និសា មិនអាចសុំការបញ្ជាក់ពីអារម្មណ៍ក្រោយមានដំណឹងទទួលបានតំណែងក្នុងកម្មវិធីនេះទេ តែនាងធ្លាប់បញ្ជាក់ថាហេតុផលដែលនាងត្រលប់ចូលទូរទស្សន៍ហង្សមាស គឺដោយសារតែថ្នាក់ដឹកនាំស្ថាប័ននេះបានហៅអោយនាងមកធ្វើជាអ្នកចម្រៀងវិញ ព្រមជាមួយនឹងការសន្យាថាអោយនាងចេញមុខក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយដូចគ្នានឹងលោក ព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា ដែលត្រូវបានហង្សមាសលើកស្ទួយ។
មិនខុសពីការលើកឡើង នាងក៏ត្រូវហង្សមាសលើកមុខអោយមានបទល្អរាប់មិនអស់ បើទោះជាបទទាំងនោះបុកមិនទាន់ត្រូវអារម្មណ៍យុវវ័យអោយច្រើននៅឡើយ។ អ៊ីចឹងហើយទើបអ្នកណាក៏ជឿជាក់ថានាងពិតជាសប្បាយចិត្តដែលបានបង្ហាញខ្លួនក្នុងកម្មវិធី The Voice Kid ដែលត្រូវមន្ត្រីហង្សមាសប្រកាសថានឹងដំណើរការជ្រើសរើសបេក្ខភាពប្រលងនៅអំឡុងខែក្រោយ ដោយមិនមែនដំអក់យូរនោះ៕