កាលពីដំបូងឡើយ ក្រសួងមហាផ្ទៃបានប្រកាសមិនទទួលស្គាល់ក្បាលម៉ាស៊ីនដឹកនាំថ្មីទាំងអស់របស់គណបក្សសង្រ្គោះជាតិ ដែលមានលោក កឹម សុខា ជាប្រធានបក្ស និងមានអនុប្រធាន៣រូបទៀត រួមមាន លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ។
ប៉ុន្តែក្រោយពីមានការជួបជជែកផ្ទាល់មាត់រវាងមន្រ្តីគណបក្សសង្រ្គោះជាតិជាមួយមន្រ្តីជំនាញនៃក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន នៅសប្តាហ៍នេះរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានយល់ព្រមទទួលស្គាល់ លោក កឹម សុខា ថាជាប្រធានគណបក្សសង្រ្គោះជាតិហើយ។ ប៉ុន្តែក្រសួងមហាផ្ទៃដដែល បានទាត់ចោលសមាសភាព អនុប្រធាន៣រូបទៀត ដោយថាខុសនឹងលក្ខន្ដិកៈថ្មី របស់គណបក្សប្រឆាំងត្រង់ប្រការ៤៧ថ្មី។ ក្រសួងថា ការជ្រើសរើសនេះ បានហួសរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃលោក សម រង្ស៊ី លាលែងពីតំណែង។
សម្រាប់មន្រ្តីគណបក្សសង្រ្គោះជាតិ បានបកស្រាយថា អ្វីដែលគណបក្សនេះបានរើសមេដឹកនាំថ្មីគឺធ្វើឡើងស្របតាមលក្ខន្តិកៈដែលបានធ្វើវិសោធនកម្មរួចនៅពេលធ្វើសមាជ។
បើនិយាយឲ្យងាយយល់ លក្ខន្តិកៈរបស់គណបក្សគឺជារឿងផ្ទៃក្នុងរបស់គណបក្សដែលបានតាក់តែងឡើង ហើយក្រសួងមហាផ្ទៃគ្រាន់តែមានតួនាទីពិនិត្យមើលថា តើគណបក្សនោះ បានអនុវត្តតាមលក្ខខណ្ឌដែលខ្លួនបានតម្កល់ទុកនោះឬអត់? បើក្រសួងអះអាងថា គណបក្សនោះ មិនបានអនុវត្តតាមលក្ខន្តិកៈ ក្រសួងត្រូវចង្អុលបង្ហាញចំណុចខ្វះខាតនោះ។ប៉ុន្តែបញ្ហានៅត្រង់ថា គណបក្សសង្រ្គោះជាតិ អះអាងថា ខ្លួនធ្វើការជ្រើសរើសក្បាលម៉ាស៊ីនថ្មីស្របតាមលក្ខន្តិកៈហើយ តែក្រសួងថាខុស ដោយមិនបានប្រាប់ពីចំណុចដែលត្រូវកែតម្រូវទេ។
អ្នកវិភាគ ឆ្ងល់ថា ប្រសិនទទួលស្គាល់ថា សមាជរបស់គណបក្សប្រឆាំងធ្វើឡើងស្របច្បាប់ ហើយការរើសប្រធានថ្មីក៏ស្របច្បាប់ទៀតនោះ ហេតុអ្វីអនុប្រធានគណបក្សដែលប្រៀបបាននឹងកូនដែលកើតចេញពីចំណងអាពាហ៌ពិពាហ៌នោះ បែរជាខុសច្បាប់ទៅវិញ?
ការបង្ករផលលំបាកក្នុងការរៀបចំក្បាលម៉ាស៊ីនដឹកនាំបក្សប្រឆាំងនៅពេលនេះ ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិកំពុងផ្តោតការយកចិត្តទុកដាក់ខណៈការបោះឆ្នោតខិតជិតមកដល់។
សមាជិកសភាអ៊ឺរ៉ុប និងសមាជិកអន្តរសភា IPU បាននាំគ្នាចាប់អារម្មណ៍នឹងស្ថានការណ៍ប្រឈមរបស់គណបក្សប្រឆាំង ដោយពួកគេបានបន្ទោសទៅលើរដ្ឋាភិបាលកម្ពុជាថា មិនចង់ឲ្យគណបក្សសង្រ្គោះជាតិចូលរួមការបោះឆ្នោត។
ក្នុងសេចក្តីថ្លែងការណ៍មួយនៅសប្តាហ៍នេះ សមាជិកសភាទាំងនោះ កត់សំគាល់ថា ការធ្វើទុក្ខបុកម្នេញទៅបក្សប្រឆាំងនៅកម្ពុជា បានកើតឡើងរាប់ចាប់តាំងពីករណីវាយដំតំណាងរាស្ត្រ២រួបនៅមុខរដ្ឋសភា ការចាប់តំណាងរាស្ត្រ២រូប និងសកម្មជនជិត២០នាក់ទៀតដាក់ពន្ធនាគារ។
បន្ថែមពីនេះទៀត ពួកគេ ក៏បានលើកយកការធ្វើវិសោធនកម្មដោយគណបក្សកាន់អំណាច ស្តីពីច្បាប់គណបក្សនយោយនោះថា ជាចេតនាមួយចង់ទៅរំលាយគណបក្សប្រឆាំងមិនឲ្យចូលរួមការបោះឆ្នោត។
ខណៈដែលច្បាប់ថ្មីដ៍ចម្រោងចម្រាស់ត្រូវបានកែប្រែ លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធានគណបក្សប្រឆាំងដែលអ្នកវិភាគមើលឃើញថា មកពីលោក មិនចង់ឲ្យគេរំលាយគណបក្សសង្រ្គោះជាតិ។
បើទោះជា លោក សម រង្ស៊ី ដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាអ្នកមានទោស បានលាឈប់ពីគណបក្សប្រឆាំងក៏ដោយ ប៉ុន្តែការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់គណបក្សនេះ ត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនទៀតដែលក្រសួងមហាផ្ទៃមិនទទួលស្គាល់ទាំងស្រុងនៅឡើយ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា បើពិនិត្យលើទិដ្ឋភាពច្បាប់ ការបដិសេធជាបន្ដបន្ទាប់របស់ក្រសួងមហាផ្ទៃ អាចមានភាពត្រឹមត្រូវខ្លះដែរ។ ប៉ុន្ដែលោកថា ក្រសួងមហាផ្ទៃហាក់កំពុងអនុវត្តហួសដែនសមត្ថកិច្ចហើយ ដោយថា ពេលនេះក្រសួងថែមទាំងអាចបញ្ជា និងគ្រប់គ្រងរចនាសម្ព័ន្ធរបស់គណបក្សនយោបាយទៀតផង។
លោក សន ជ័យ ក៏បានរិះគន់ច្បាប់ស្ដីពីគណបក្សនយោបាយផងដែរ ដោយថា ច្បាប់នេះបានផ្ដល់សិទ្ធិអំណាចដល់ក្រសួងមហាផ្ទៃច្រើនពេក រហូតអាចជំទាស់នឹងរឿងផ្ទៃក្នុងរបស់គណបក្សទៅទៀត។ លោកបន្ដថា ក្រសួងមហាផ្ទៃគួរបើកចិត្តឲ្យទូលាយ និងមិនគួរទទួលរងឥទ្ធិពលពីគណបក្សណាមួយនោះទេ ក្នុងនាមក្រសួងជាស្ថាប័នអនុវត្តច្បាប់នោះ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី វិភាគថា ទោះបីក្រសួងមហាផ្ទៃហាក់បង្ហាញថា ខ្លួនកំពុងជួយណែនាំ ឬអន្ដរាគមន៍ផ្នែកច្បាប់ដល់បក្សសង្គ្រោះជាតិក៏ដោយ ប៉ុន្ដែក្នុងនោះ លោកថា ទំនងជាមានហេតុផលនយោបាយនៅពីក្រោយ។
លោកបន្ដថា ក្រសួងមហាផ្ទៃហាក់កំពុងយកយន្ដការច្បាប់ ដើម្បីយកមកយីយា និងរារាំងគណបក្សប្រឆាំង មុនការបោះឆ្នោត ដោយថា សមាសភាពដឹកនាំរបស់គណបក្សសង្គ្រោះជាតិ តាមរូបមន្ដប្រធានមួយ និងអនុប្រធាន៣ មានភាពរឹងមាំ មិនងាយបំបែកបាន។ ចំណែក រូបមន្ដមានប្រធានមួយ និងអនុប្រធានមួយនោះ លោកថា អាចធ្វើឲ្យរង្គោះរង្គើរគណបក្សទាំងមូលយ៉ាងងាយ។ នេះហើយជាអ្វីដែលលោកថាជាការចង់បានរបស់បក្សកាន់អំណាច។
លោកថា៖ «ឃើញពីមុនៗមក ក្បាល់ម៉ាស៊ីនរបស់ [សង្គ្រោះជាតិ] ដែលមានតែមួយ បើសិនជាមានតែមួយ តែមួយ មានប្រធាន និងអនុប្រធាន យើងឃើញថា ក្បាលម៉ាស៊ីនបែបហ្នឹង ត្រូវទទួលរងនូវសំពាធ ឬការវាយប្រហារ ដូចយើងបានឃើញកន្លងមកហើយ។ អញ្ចឹងពេលដែលសង្គ្រោះជាតិចាប់ផ្ដើមរៀបចំឲ្យទៅជាមានក្រុមការងារមួយ ដែលធ្វើការជាក្រុម អាហ្នឹងបើសិនជាមានការព្យាយាមដាក់សំពាធ ឬយាយីពីខាងក្រៅមក គឺមានការពិបាក។ ខ្ញុំឃើញថា អ្វីដែលចេញសេចក្ដីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃនេះ ហាក់បីដូចទំនងចង់ឃើញសង្គ្រោះជាតិហ្នឹង គឺមានមេដឹកនាំតែមួយបានហើយ»។
សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត លោក យង់ គិមអេង យល់ថា រឿងមិនទទួលស្គាល់ក្បាលម៉ាស៊ីនដឹកនាំគណបក្សសង្រ្គោះជាតិជារឿងមួយដាច់ដោយឡែកពីការចូលរួមបោះឆ្នោតនៅពេលខាងមុខ។
លោកមានប្រសាសន៍ថា «ដំណើរការបោះឆ្នោតត្រូវទៅមុខហើយព្រោះខ្ញុំក៏ឃើញថាខាងមហាផ្ទៃក៏គេអត់មានទៅរារាំង ទៅរំខានអីសម្រាប់ដំណើរឆ្ពៅទៅរកការបោះឆ្នោតរបស់គណបក្សសង្រ្គោះជាតិហ្នឹងដែរ។អ្វីដែលមិនទាន់ការទទួល អាហ្នឹងគឺព្យាយាមដោះស្រាយបណ្តើរៗទៅ…»។
គណបក្សសង្រ្គោះជាតិ បានដាក់បេក្ខជនរបស់ខ្លួនបានគ្រប់ឃុំ-សង្កាត់នៅទូទាំងប្រទេសដែលលើកទី១ហើយដែលគណបក្សប្រឆាំងមានសមាសភាពស្មើគ្នានឹងគណបក្សកាន់អំណាច។
ទន្ទឹមគ្នា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏បានចាប់លេខរៀងតំណាងគណបក្សនីមួយៗផងដែរនៅតាមឃុំ-សង្កាត់ទូទាំងប្រទេស។នេះបង្ហាញថា គណបក្សប្រឆាំង នៅតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅថ្ងៃទី៤ខែមិថុនាខាងមុខ៕