​ក្រុមហ៊ុន​​ រ៉ូយ៉ាល់ រេលវេ ថាគ្រោះ​ថ្នាក់​លើ​ផ្លូវ​រថភ្លើង​បណ្ដាល​ពី​អ្នក​បើកបរ​មិន​គោរព​ច្បាប់

រូបភាព៖ ទំព័រហ្វេសប៊ុក កម្ពុជាថ្មីប្រចាំថ្ងៃ

នាយកប្រតិបត្តិក្រុមហ៊ុនរថភ្លើង រ៉ូយ៉ាល់ រេលវេ​ បាន​អំពាវ​នាវ​ទៅ​ដល់​អ្នក​បើក​បរ​យាន​យន្ត​ទាំង​អស់​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ ដោយ​ថា គ្រោះថ្នាក់លើផ្លូវរថភ្លើងបណ្ដាលមកពីអ្នកបើករថយន្ដមិនគោរពច្បាប់។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ​  លោក ចន គែរី (John Guiry) ស្នើរសុំឲ្យអ្នកដំណើរទាំងអស់គោរពច្បាប់ចរាចរណ៍ ព្រមទាំងបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួន ជាពិសេសពេលកំពុងឆ្លងកាត់ផ្លូវរថភ្លើង ក្រោយមានករណីគ្រោះថ្នាក់រវាងរថភ្លើងជាមួយនឹងរថយន្ដកើនឡើង។

លោក ចន គែរី អះ​អាង​ថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និង​រថយន្តទាំងអស់ សុទ្ធតែកើតឡើងដោយសារអ្នកបើកបររថយន្ដមិនគោរពច្បាប់ចរាចរណ៍ បើ​ទោះបី​ជា​ក្រុមហ៊ុន បានចាត់វិធានការណ៍ជាច្រើនមកហើយ ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងពីសុវត្ថិភាពចរាចរណ៍ តែប្រជាជនមួយចំនួនធំនៅតែមិនទាន់យល់ដឹងពីរឿងនេះ។

លោក ចន គែរី ពន្យល់ថា៖ «អ្នកបើកបរត្រូវជិះរថយន្ដលើផ្លូវថ្នល់ មិនមែនលើផ្លូវរថភ្លើងនោះទេ។ បើអ្នកប្រឹងឡើងជិះតាមផ្លូវរថភ្លើង ឡានរបស់អ្នកនឹងជាប់នៅលើផ្លូវនោះ ហើយវានឹងបណ្ដាលឲ្យមានគ្រោះថ្នាក់។ ពួកយើងបានដាក់ផ្លាកសញ្ញា របាំងការពារ ភ្លើងសញ្ញា ចែកចាយសៀវភៅព័ត៌មាន ព្រមទាំងធ្វើការផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ និងកាសែតទៀតផង តែករណីដដែលៗនៅតែកើតឡើង»

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេលោក ចន គែរី បន្ថែមថា ករណីគ្រោះថ្នាក់កាលពីម្សិលមិញ ដែលបណ្ដាលមកពីរថយន្ដ Highlander ព្យាយាមបើកឆ្លងផ្លូវរថភ្លើង នៅសង្កាត់ភំ្នពេញថ្មី ខណ្ឌសែនសុខ មិនបណ្ដាលឲ្យមានការរងរបួសនោះទេ គ្រាន់តែមានការខូចខាតរថយន្ដតែប៉ុណ្ណោះ។

គ្រោះថ្នាក់​រវាង​រថយន្ត និង​រថភ្លើង បាន​កើត​ឡើង​យ៉ាង​តិច ៤​លើក​រួច​មក​ហើយ ចាប់​តាំង​ពី​ដើម​ខែ​មេសា​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ