​​​​សេង កដិកា សរសើរកីឡាករជើងថ្មី​២រូប ​​​​​​​

កាលថ្ងៃសៅរ៍​កន្លងទៅ ​​លោក សេង កដិកា អ្នករៀបចំការប្រកួត​​​​​ប្រចាំនៅប៉ុស្ដិ៍លេខ​៥ បានបង្ហាញការពេញចិត្ត​ពេញថ្លើម​យ៉ាងខ្លាំង ចំពោះការប្រកួតរវាងកីឡាករជើងថ្មី​​២រូប ដែល​បើកការឆាកប្រយុទ្ធដាក់គ្នា​​​នៅលើសង្វៀន ក្រោមការរៀបចំរបស់លោក។

កាលថ្ងៃសៅរ៍​កន្លងទៅ ​​លោក សេង កដិកា អ្នករៀបចំការប្រកួត​​​​​ប្រចាំនៅប៉ុស្ដិ៍លេខ​៥ បានបង្ហាញការពេញចិត្ត​ពេញថ្លើម​យ៉ាងខ្លាំង ចំពោះការប្រកួតរវាងកីឡាករជើងថ្មី​​២រូប ដែល​បើកការឆាកប្រយុទ្ធដាក់គ្នា​​​នៅលើសង្វៀន ក្រោមការរៀបចំរបស់លោក។ ​​លោកបានទាំង​ហៅលទ្ធផល​​ដែលស្ដែងឡើងដោយ​ជើងថ្មីទាំង​២ថា​ជាការប្រកួត​​​ជាគំរូ ដែល​​កីឡាករល្បីឈ្មោះ​​ខ្លះមិនអាច​​​ដូរបាននោះផង ជាពិសេស​នៅពេលដែល​​​​អ្នកទាំងពីរ​​​​មិនសំចៃដៃដាក់ គ្នា​ក្នុងការវាយលុក។

លោក សេង កដិកា និយាយថា លោកមានការរំភើបចិត្ត​យ៉ាង​ខ្លាំង បន្ទាប់ពីឃើញកីឡាករ​​​​វ័យក្មេង​​២រូបគឺ​​បង្គោល​​ក្រហម​ លីន វិរៈ និង បង្គោលក្រហម តាំង សីហា ត្រូវបាន​លោក​ដាក់​អោយ​ប្រកួត ហើយ​​​​​​​​​អ្នកទាំងពីរប្រកួត​គ្នា​​​​ពេញទំហឹង​។ ធៀបនឹងការប្រកួតរបស់កីឡាករជើងខ្លាំងចាស់វស្សានៅលើសង្វៀនដែលបានធ្វើឡើងក្នុងថ្ងៃដូចគ្នា​កាលពីថ្ងៃទី៥ឧសភានោះ លោកថា​ កីឡាករវ័យក្មេង២រូប គឺ លីន វិរៈ ទទួលបាន​ការចាប់អារម្មណ៍ពេញទំហឹងតែម្ដង បន្ទាប់ពីគេប្រើសមត្ថភាព​​វាយឈ្នះកីឡាករពូកែឌឺ តាំង សីហា ​​ក្នុងពេលបង្គោលខៀវ តាំង សីហា ក៏បញ្ចេញ​ថ្វីដៃមិន​ធម្មតា​ទម្រាំចាញ់​ដោយពិន្ទុ។

ដ្បិតថាពួកគេឡើងប្រកួតគ្នា មិនមែនក្នុងនាមជាគូអន្តរជាតិ ឬជាគូប៉ះជាមួយកីឡាករល្បី តែលោកបញ្ជាក់ថាអាច​​​​និយាយបានថា​មិនមានអ្នកទស្សនាផ្ទាល់ណាម្នាក់ មិនសរសើរចំពោះមួយគូនេះទេ ដោយ​​សម្រែកហ៊ោកញ្ជ្រៀវ និងការអបអរសាទរក្នុងពេលពួកគេ​​វាយ​​តប់ដាក់គ្នា​​​​​នៅលើសង្វៀននោះ គឺភស្ដុតាងស្រាប់។ មិនខុសពីលោក​​អះអាង សំឡេងហ៊ោកញ្ជ្រៀវបានកើតមានឡើងឡើងខ្ទរសង្វៀនប្រដាល់នាថ្ងៃនោះតែម្ដង ដែលអាចនិយាយបានកីឡាករមួយគូនេះបាន​ក្លាយជាសមាសភាពដែ​លមាន​កម្រិត​​វាយលុក​ដក់ជាប់អារម្មណ៍មហាជនមិនធម្មតា ដែលផ្ទុយពីកីឡាករ​​ល្បីឈ្មោះ​​មួយចំនួន ​​​​​​​​ឡើងប្រកួត​​មិនអស់ដៃ ហើយទទួលរងនូវការរិះគន់។

កីឡាករ លីន វិរៈ ដែល​​ជាអ្នកឈ្នះបានក្លាយជាកីឡាករ​​កីឡាករ​​លេចធ្លោរ ​​​ព្រោះតែ​​ជ័យជម្នះដែលខ្លួន​​​ទទួលបាន ​គឺបានដោយលំបាក។ ​​ស្ទើរតែគ្រប់​អ្នកអង្គុយទស្សនាសុទ្ធតែដកកចំហរមាត់មិនតិចនាក់ទេ ក្នុងពេលសកម្មភាពប្រកួត​​របស់អ្នកទាំងពីរមានភាពស្វិតស្វាញពេញរយៈ៥ទឹក ជាពិសេសក្នុងទឹកទី​​៤ ដែល​អ្នកឈ្នះក៏​​​​​លេងចាស់ដៃ ហើយអ្នកចាញ់ក៏វាយ​​​​​​មិនខ្លាច​​​គ្រោះថ្នាក់។

លោក ​សេង កដិកា និយាយថា អ្នកទាំងពីរមិនទាន់ប្រកួតបានច្រើនលើកផង តែទទួលបានការចាប់អារម្មណ៍បានច្រើនដល់ម្លឹងទៅហើយ ចុះទម្រាំមានឱកាសឡើងប្រកួតគ្នាបានច្រើនជាងនេះ តើនឹងល្អយ៉ាងណា។

អ្នកទាំងពីរក៏ស្ថិតក្នុងវ័យដែលអាច​​បណ្ដុះអោយក្លាយជា​​ធនធាន​​​​​របស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍​​​ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​​ក្នុងឆ្នាំ​​២០២៣ផងដែរ ទើបលោកយល់ថា​​​​​វត្តមានកីឡាករ​ថ្មីៗតែវាយខ្លាំង​​​គឺជារឿងល្អបំផុត​សម្រាប់​​វិស័យប្រដាល់ ​ដែលលោកនឹង​យកមកលើកស្ទួយ។ លោកថា​​​​​​ មកទល់សព្វថ្ងៃដ្បិតថា សង្វៀនប្រដាល់មានការ​រីកចំរើន ប៉ុន្តែ​​​​​ធនធាន​ថ្មី ដែលមានសមត្ថភាពមាន​មិនសូវច្រើន​ទេ ខណៈដែល​​​កីឡាករជើងចាស់​ក៏ចាប់​ផ្ដើមបាត់មុខ​ម្ដង​ម្នាក់ៗ ហើយអ្នកដែលនៅ​​​​​​ក៏​​មានសមត្ថភាព​​​​​ធ្លាក់ដៃមិនសូវ​​​ខ្លាំង​​ក្លាបាន​យូរ។

យ៉ាងណាមិញ លោកក៏សម្ដែងការបារម្ភខ្លាច​កីឡាករ​ល្អៗដូច លីន វិរៈ និង​​​តាំង សីហា លេចមុខនៅក្នុងពិភពប្រដាល់​បានតែមួយរយៈ ហើយ​មិន​​រង់ចាំរហូតទាល់តែបានល្បីឈ្មោះ​សិនដែរ បើទោះជាកីឡាករទាំងពីរបានប្រកាសនៅក្រោយការប្រកួតថានឹង​តស៊ូនៅក្នុងវិស័យប្រដាល់មិនដកថយ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។