អ្នក​ភូមិ​ប្រម៉ា​៤៤​នាក់​ត្រូវ​បញ្ជូន​ទៅ​ពេទ្យ​ក្រោយ​ហូប​នំ​អន្សម​ដែល​សង្ស័យ​ថា​ពុល

រូបភាព៖ អធិការដ្ឋាននគរបាលស្រុកឆ្លូង ខេត្តក្រចេះ

មន្ត្រី​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា អ្នកភូមិជាង ៤០​នាក់​ ក្នុង​នោះ​មាន​ទាំង​កុមារ ៣​នាក់​ នៅ​ក្នុង​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​មណ្ឌល​សុខភាព បន្ទាប់​ពី​ពួកគេ​មាន​អការៈ​​វិល​មុខ និង​ក្អួត​ចង្កោ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយ​សង្ស័យ​ថា ពុល​ចំណី​អាហារ​។

អធិការ​នគរបាល​ស្រុក​ឆ្លូង លោក ឆុង សូរ៉ាន់ បាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ពលរដ្ឋ ៤៤​នាក់ រស់​នៅ​ក្នុង​ភូមិ​ប្រម៉ា ស្ថិត​ក្នុង​ឃុំ​កំពង់ដំរី ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខ​កំពង់ដំរី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​ពួកគេ​​មាន​អការៈ​វិល​មុខ​ និង​ក្អួត​ចង្អោ។

មន្ត្រី​នគរបាល​រូប​នេះ បាន​សង្ស័យ​ថា អ្នក​ភូមិ​​ពុល​នំ​អន្សម​ចេក​​អាំង បន្ទាប់​ពី​ពួកគេ​បរិភោគ​នំ​អន្សម​ដែល​ដាក់​លក់​នៅ​ក្នុង​ភូមិ។

ប៉ុន្តែ លោក សូរ៉ាន់ បាន​ប្រាប់​ថា អ្នក​ភូមិ​ទាំង​នោះ បាន​​ធូរ​ស្បើយ​វិញ​ហើយ និង​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ពួកគេ​វិញ បន្ទាប់​ពី​សម្រាក​ព្យាបាល​កាល​ពី​ថ្ងៃ​ម្សិល​មិញ។

លោកមានប្រសាសន៍ថា៖ «វាអត់មានអីគ្រោះថ្នាក់ទេបង! គេដាក់សេរ៉ូមដាក់អីទៅ ឥឡូវគាត់បានវិលត្រឡប់ទៅផ្ទះវិញអស់ហើយ។ ធម្មតាអ្នកចម្ការនៅក្នុងភូមិ ព្រឹកឡើង គាត់ចេញទៅចម្ការ គាត់ទៅទិញម្នាក់មួយម្នាក់ពីរ។ នៅតំបន់ដាច់ស្រយាលពីស្រុកទៅហាហុកសិបគីឡូក្នុងព្រៃ។ មួយភូមិមួយក្រវិចហ្នឹង នៅប្រម៉ាផ្ទះប៉ុន្មានរយខ្នង»

ទោះជាយ៉ាងណា មន្ត្រី​នគរបាល​រូប​នេះ ប្រាប់​ថា លោក​មិនទាន់ដឹងពីមូលហេតុពុលនេះទេ ខណៈ​ដែលក្រុម​មន្ត្រី​សុខាភិបាល​បានយកនំអន្សមទៅធ្វើពិសោធន៍។

ករណីដាច់ដោយឡែកមួយទៀត មានពលរដ្ឋ ១៣នាក់​ នៅ​ឃុំ​កន្ទួត ស្ថិត​ក្នុង​ស្រុក​ចិត្របុរី ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ក្រចេះ​បញ្ជាក់នៅ​ថ្ងៃ​នេះ​​ថា បាន​ស្លាប់​ ខណៈ​ដែល​ពលរដ្ឋ​ ១៥១​នាក់​​ទៀត​ ត្រូវ​បាន​បញ្ជូន​ទៅ​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​ពួកគេ​ធ្លាក់​ខ្លួន​ឈឺ  ដោយ​សង្ស័យ​ថា ពុល​ទឹក។

ប៉ុន្តែ ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ពលរដ្ឋ​ធ្លាក់​ខ្លួន​ឈឺ​ភាគច្រើន សុទ្ធ​តែ​មាន​ប្រវត្តិ​ផឹក​ស្រា ដែល​ក្រសួង​រក​ឃើញ​ថា មាន​សារធាតុ​មេតាណុល​ខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ