វិភាគ៖ តើជម្លោះនយោបាយនឹងឈានទៅកែច្បាប់បង្ខំពលរដ្ឋឲ្យទៅបោះឆ្នោតឬទេ?

ការកែច្បាប់តាមការចង់បានរបស់អ្នកនយោបាយដែលមានសំឡេងភាគច្រើនក្នុងសភាស្ទើរក្លាយជាទម្លាប់នៅ​អាណត្តិទី​៥​នេះ ដោ​យ​សា​​រ​តែបក្សកា​ន់អំ​ណាច មានតំណាងរាស្ត្រអនៅរដ្ឋសភាលើសពី៥០ភាគរយបូក១សម្រាប់​ធ្វើវិសោ​ធ​ន​កម្ម។

ការកែច្បាប់តាមការចង់បានរបស់អ្នកនយោបាយដែលមានសំឡេងភាគច្រើនក្នុងសភាស្ទើរក្លាយជាទម្លាប់នៅ​អាណត្តិទី​៥​នេះ ដោ​យ​សា​​រ​តែបក្សកា​ន់អំ​ណាច មានតំណាងរាស្ត្រអនៅរដ្ឋសភាលើសពី៥០ភាគរយបូក១សម្រាប់​ធ្វើវិសោ​ធ​ន​កម្ម។

ទ​​ម្លាប់​​​បែបនេះជំរុញឲ្យក្បាលម៉ាស៊ីនដឹកនាំរដ្ឋមួយហាក់ដំណើរការទៅក្រោមឥទ្ធិពលអ្នកន​យោបាយតែ​មួយក្រុមដូ​ចរបៀបដឹ​ក​នាំ​របស់បណ្តា​​ប្រ​​​ទេ​​​​​​ស​​​ប្រកាន់របប​​​កុ​ម្មុយនីស្តដែរ បើទោះបីកម្ពុជាអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស។

ជ្រុងមួយនៃឥទ្ធិពនេះ សមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២​០១៧ បា​នអនុម័ត​យ​​ល់​ព្រម​​កែច្បា​ប់គណបក្សនយោបាយ ក្រោយពីមានបញ្ជាផ្ទាល់មាត់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន។

ច្បា​ប់​នោះ រដ្ឋសភាបានបើកផ្លូវឲ្យតុលាការកំពូលអាចរំលាយគណបក្សនយោបាយណាមួយចោលបាន បើ​​ស្ថាប័ន​នេះ​​រក​ឃើ​ញ ថាមានកំហុស ខណៈបក្សកាន់អំណាចបានថយចុះអាសនៈ ជាបន្តបន្ទាប់ ទាំងនៅក្នុងសភា និងនៅថ្នាក់ឃុំសង្កាត់ សម្រា​ប់​កា​រ​បោះ​ឆ្នោ​ត​ជាតិឆ្នាំ២០១៣ និងបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។

វិសោធនកម្មច្បាប់មួយទៀត នៅខែតុលាឆ្នាំ២០១៧ តំណាងរាស្ត្របក្សកាន់អំណាច បានធ្វើវិសោធ​នកម្មច្បា​ប់ស្តីពី​គណ​​បក្ស​​នយោ​បា​យ។ ច្បា​​ប់នោះ​ប្រកា​ស​ជាការប្រញាប់ តាមការស្នើរបស់នាយករដ្ឋមន្ត្រី សំដៅ​មិន​​ឲ្យអ្នកនយោ​​បាយ​ឃុបឃិត​​ជាមួយ​ទ​​ណ្ឌិ​​ត ​ខណៈ​​​អតី​​តមេដឹ​កនាំប​ក្ស​ប្រ​ឆាំង លោក សម រង្ស៊ី ឡោ​ម​​​ព័​ទ្ធ​​ដោយ​​បណ្តឹង ។

ជាងនេះទៅទៀត វិសោធនកម្មច្បាប់៤ទៀត ដែលបើកផ្លូវឲ្យរឹបអូសអាសនៈរបស់គណបក្សណាមួយ ទាំងនៅក្នុងរដ្ឋសភា និងឃុំសង្កាត់ ទៅចែកគណបក្សដទៃ ដែលពលរដ្ឋមិនបោះឆ្នោតឲ្យ ខណៈរដ្ឋាភិបាលបញ្ជាឲ្យចាប់ឃុំខ្លួន អតីតមេដឹក​នាំប​ក្ស​​ប្រឆាំ​ង​ លោ​ក កឹម សុខា ដាក់ពន្ធនាគារចោទថា «ក្បត់ជាតិ» បើទោះបីសហគមន៍អន្តរជាតិ ចាត់ទុកថាចំណាត់ការនេះ ជាចេ​តនានយោ​បាយ​រ​បស់បក្សកាន់អំណាចក៏ដោយ។

ក្រោយពីមានច្បាប់ទាំងនេះ តុលាការកំពូលបានប្រកាសរំលាយបក្សប្រឆំាង ដែលមានអ្ន​កគាំទ្រជិ​​ត​ពា​​​ក់​កណ្តា​​លប្រទេសចោល កាលពីចុងឆ្នាំមុន តាមបណ្តឹងរបស់បក្សកាន់អំណាច។

កម្តៅនយោបាយនេះ លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួន បានអំពាវនាវម្តងហើយម្តងទៀតកុំឲ្យពលរដ្ឋទៅបោះឆ្នោតដោ​យ​ថា បើបក្សកាន់អំណាច មិនបើកផ្លូវឲ្យគណបក្សខ្លួន បានចូលរួមប្រកួតការបោះឆ្នោតជ្រើ​សតាំងតំណា​ងរាស្ត្រអា​ណ​ត្តិទី​៦​​នេះ​ ឡើងវិញ។

ចំណែ​​កលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេបក្សកាន់អំណាចផងនោះ បានប្រតិកម្មដោយប្រយោល សរសេ​រលើ​​​ទំព័​​​​ទហ្វេ​សប៊ុករបស់លោកចាត់ទុកការអំពាវនាវរបស់លោក សម រង្ស៊ី នេះថា ជាការ​បំពាន់ច្បា​ប់​។

​ចំ​ណែ​ក​​ប្រ​ធាន គ.ជ.ប កូតាមកពីបក្សកាន់អំណាច លោក ស៊ិក ប៊ុនហុក វិញអះអាងថា ទោះបីមានពល​រដ្ឋតែ​៣០ភា​គរយ​​​ចេញទៅ​បោះឆ្នោ​​ត លោ​ក​​ថា​ក៏ការបោះឆ្នោត យកជាការបានដែរ។

តើជម្លោះនយោបាយនេះនឹងជំរុញឲ្យរដ្ឋាភិបាលកែច្បាប់បង្ខំពលរដ្ឋឲ្យទៅបោះ​​ឆ្នោតឬក៏យ៉ាងណា?

រដ្ឋធម្មនុញ្ញមាត្រា៣៤ចែងថា «ពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំមានសិ​ទ្ធិបោះឆ្នោត»។ ប៉ុន្តែច្បាប់កំពូ​ល​​នេះ​​មិ​នបានចែ​ងថាពលរដ្ឋខ្មែរទាំងពីភេទត្រូវតែទៅបោះឆ្នោតនោះទេ។

អ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា គណបក្សកាន់អំណាចពេលនេះ កំពុងលេងសន្លឹកបៀដ៏​គ្រោះថ្នាក់មួ​យ ដើម្បី​បាន​​ប​ន្ត​​គ្រ​ប់គ្រងអំណាច។ លោកវិភាគថា បើពលរដ្ឋចេញទៅបោះឆ្នោតតិច ជារូបភាពមិនល្អសម្រាប់មុខមាត់រដ្ឋាភិបាលថ្មី លោក​ថាដូច​​នេះ ​បក្សកាន់អំណាចអាចនឹងស្នើឲ្យកែច្បាប់ បើពួ​កគេ​គិតថាជាការចាំបាច់។

លោកថា៖ «សម្រាប់គណបក្សប្រជាជនកម្ពុជា គាត់លេងបៀមួយសន្លឹកនេះជាបៀមួយប្រថុយប្រថាន ហើយគ្រោះថ្នាក់មែនទែម្រាប់គណបក្សប្រជាជនកម្ពុជាជាពិសេសបើសិនជាពិចារណាឲ្យបានវែងឆ្ងាយ អាចខូចឈ្មោះក្នុងរយៈពេលវែង នេះលទ្ធ​​​ផលដែលគាត់បានប្រើប្រាស់នូវមួយស្នៀតហ្នឹងវាអាចប៉ះពាល់ជាអវិជ្ជមាន ក្នុងរយៈពេលវែង»

ប៉ុន្តែលោកហង្ស វិទូ រំឭកថា អ្នកនយោបាយខ្មែរ គួរលេងសន្លឹកបៀណាដែលនាំជាតិទៅរកភាពរីកចម្រើន ជាជាងជំរុញឲ្យជា​តិបែក​បាក់​ ព្រោះតែមហិច្ឆតាអំណាច និងប្រយោជន៍បក្ខពួក។

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង វិភាគថា រដ្ឋាភិបាលនឹងមិនកែច្បាប់ ដើ​​​ម្បី​ដាក់កំហិតឲ្យពលរដ្ឋត្រូវតែទៅបោះឆ្នោតទេ ដោយលោកសំអាងថា បើធ្វើដូច្នោះមែន រដ្ឋាភិបាលខ្លួនឯង ត្រូវបន្ថែមបន្ទុក ដោយ​ត្រូវរកទីតាំងឲ្យពលរដ្ឋនៅក្រៅប្រទេសបានបោះឆ្នោតនៅតាមស្ថានទូតនានាដែលពួកគេរស់នៅដែរ។

ប៉ុន្តែលោក យង់ គិមអេង ជំរុញឲ្យអ្នកនយោបាយតាំងចិត្តជាអ្នកកីឡា រៀបចំទីលានប្រកួតមួយឲ្យអ្នកឈ្នះៗដោយកិត្តិយស រីឯអ្នកចាញ់ៗដោយអស់ចិត្ត គ្មានជម្លោះផ្ទៃក្នុង និងមានការគាំទ្រពីអន្តរជាតិ។

លោកថា៖ «យើងគិតទៅដល់ភាពសុខដុមរមនារបស់ជាតិទៅវិញ។ បើសិ ជាមានការសម្របសម្រួលផ្នែកនយោបាយគឺធ្វើឲ្យជាតិសុខដុមរមនា ប៉ុន្តែបើសិនជាអត់មានការសម្របសម្រួលផ្នែកនយោបាយទេ វាអាចធ្វើឲ្យបញ្ហាជាតិហ្នឹងវាចេះតែរកាំរកូសអាចនឹងធ្វើឲ្យយើងខាតបង់ សម្រាប់ឱកាសនៃការអភិវឌ្ឍប្រទេស ដោយសារតែយើងជាប់ជំពាក់រឿងនយោបាយហ្នឹងវាច្រើនពេក»

បើតា​មរបាយការណ៍នានា ការ​បោះឆ្នោត​ឆ្នាំ១៩៩៨ ​អ្នក​ទៅ​បោះឆ្នោត ​មាន​រហូត​ជាង​៩៣​ភាគរយ ​ឆ្នាំ​២០០៣ ​មាន​ជាង​៨៣​ភាគរយ ​ឆ្នាំ​២០០៨​ មាន​ជាង​៧៥​ភាគរយ ឆ្នាំ២០១៣ មាន​ជាង​៦៩ភាគរយ សម្រាប់​ការបោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០១៧ មាន​អ្នកទៅ​បោះឆ្នោត​រហូ​​ត​ដល់​ជាង​៩០​ភាគរយ​។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅ​កាត់​ថា ​ខុមហ្វ្រែល លោក ​គល់ បញ្ញា បានបង្ហាញទ​​ស្សនៈផ្ទាល់​ខ្លួនលើ​ប​​​ណ្តា​ញសង្គម របស់លោកកាលពីខែមុនថា ប្រទេសមួយចំនួនលើពិភពលោក ដូចជាកូរ៉េខាងជើង និងអ៊ារ៉ាក់ជាដើម ពួកគេ​បាន​​ធ្វើ​ច្បា​​​ប់​បង្ខំពលរដ្ឋឲ្យទៅបោះឆ្នោត រហូតមានអ្នកចេញទៅបោះឆ្នោតស្ទើរ១០០​ភាគរយ​។ ប៉ុន្តែលោក​ថា ការបោះឆ្នោ​ត នោះ​មិន​ឆ្លុះ​​បញ្ចាំងពីឆន្ទះពលរដ្ឋទេ។

បើតាមលោក គល់ បញ្ញា វិភាគទៀតថា ការដែលពលរដ្ឋ​ចេញទៅ​បោះឆ្នោត​មាន​ចំនួន​ក្រោម៥០ភាគរយ នឹងបង្កើតជា​បញ្ហា ខ្វះ​ភាព​ស្របច្បា​ប់​ជា​តំណាង​។ លោកជំរុញឲ្យអ្នកនយោបាយខ្មែរគួររៀបចំការបោះឆ្នោតមួយ បន្តដើលើគន្លង​ប្រជាធិតេយ្យឆ្លុះ​ប​ញ្ចាំ​ង​​ពី​​​​ឆន្ទៈពលរដ្ឋ និងដើម្បីគេចចេញពីសម្ពាធអន្តរជាតិ។

លោកថា៖ «យើងគិតថា អាចជាបញ្ហាទំនាស់ខាងនយោបាយ ហើយនិងវិបត្តិនយោបាយនៃការមិនទទួលស្គាល់លទ្ធផលបោះ​​​​ឆ្នោតហ្នឹងកាន់តែជ្រាលជ្រៅថែមទៀត។ យើងមិនដឹងថា តើការវិវដ្តនឹងទៅដូចម៉េចទេ?  ហើយសហគមន៍អន្តរជាតិក៏គេមិ​​​ដែលមានពិសោធន៍ដូចប្រទេសយើងដែរ ដែលយើងបានទៅដកសិទ្ធិគណបក្សធំមួយមិនឲ្យចូលរួមប្រកួតប្រជែងបែបនេះ។ឥឡូ​​វនេះ​​​​ គេចេះតែទាមទារធ្វើម៉េចឲ្យមានការត្រឡប់មកវិញនៃស្ថានភាពនៃដំណើរការរបស់បក្សប្រឆាំង ឲ្យចូលរួមការបោះឆ្នោ​»

សរុបជារួម អ្នកវិភាគថា អ្វីៗក៏អាចកើតឡើងបានដែរនៅកម្ពុជា ឲ្យតែអ្នកនយោបាយចង់ធ្វើ។ ប៉ុន្តែថា ដោយសារតែការបោះ​ឆ្នោត​នៅ​ស​​ល់តែជាង២ខែទៀត ហើយថា ពេលនេះបក្សកាន់អំណាចកំពុងតែមានប្រៀប លើបក្សប្រឆាំងផងនោះ ពួកគេថា បក្ស​​​កា​ន់អំ​ណា​​ចទំនងជាមិ​នតម្រូវឲ្យតំណាងរាស្ត្ររបស់ខ្លួនប្រើពេលកែច្បាប់ បង្ខំពលរដ្ឋឲ្យទៅបោះឆ្នោត ដូចប្រទេ​​សមួយ​​​ចំ​នួន ប្រកាន់របបផ្តាច់ការនោះទេ។

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។