គ.ជ.ប ថាកុំឲ្យជឿបណ្ដាញព័ត៌មានមួយចំនួន ដែលផ្សាយលទ្ធផលបោះឆ្នោតខុស

លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវកុំឲ្យសាធារណជនភាន់ច្រឡំ បន្ទាប់ពីសង្កេតឃើញថា មានបណ្ដាញសារព័ត៌មានមួយចំនួនចុះផ្សាយពីចំនួនអាសនៈឃុំ សង្កាត់ ដោយខ្លួនឯង ហើយបែរជាថាយកប្រភពពី គ.ជ.ប ទៅវិញ។​

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃពុធនេះ គ.ជ.ប បំភ្លឺថា មានបណ្ដាញព័ត៌មានក្នុងស្រុកមួយចំនួន បានផ្សាយខុសពីការពិត ដោយពួកគេបានចុះផ្សាយពីចំនួនអាសនៈ ដែលបណ្ដាគណបក្សទទួលបាន។

គ.ជ.ប ប្រកាសបដិសេធរាល់ការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានទាំងនោះ ដោយថា នេះដំណាក់កាលដែលគណៈកម្មការរាជធានីខេត្ត ធ្វើការដោះស្រាយបណ្ដឹង ពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតឃុំសង្កាត់ ហើយថា គ.ជ.ប​ ក៏កំពុងត្រៀងដោះស្រាយបណ្ដឹងទាំងនោះ ក្នុងករណីភាគីណាមួយជំទាស់ ឬមិនពេញចិត្ត។

បើតាមសេចក្ដីប្រកាស គ.ជ.ប ថាខ្លួនត្រឹមតែបានផ្សាយលទ្ធផលបោះឆ្នោតបឋម តាមទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងគេហទំព័រ គ.ជ.ប ប៉ុណ្ណោះ។

ចំពោះលទ្ធបោះឆ្នោតឃុំសង្កាត់ផ្លូវការពីចំនួនអាសនៈ និងបេក្ខជនមកពីគណបក្សជាប់ឆ្នោតនោះ គ.ជ.ប ថា នឹងប្រកាសយ៉ាងយូរត្រឹមថ្ងៃទី២៥មិថុនា ក្រោយផ្ទៀងផ្ទាត់ និងដោះស្រាយបណ្ដឹងចប់សព្វគ្រប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ