តុលាការសៀមរាប​ដោះលែងព្រះរាជអាជ្ញារងដែលស្រវឹងបើកឡានបុកពលរដ្ឋស្លាប់

ព្រះរាជអាជ្ញារង នៅតុលាការខេត្តសៀមរាប ដែលរងការចោទថា បានបើករថយន្ដបុកពលរដ្ឋឲ្យស្លាប់ ខណៈស្ថិតក្នុងភាពស្រវឹងផងនោះ ត្រូវបានដោះលែងវិញ។

ព្រះរាជអាជ្ញារង នៅតុលាការខេត្តសៀមរាប ដែលរងការចោទថា បានបើករថយន្ដបុកពលរដ្ឋឲ្យស្លាប់ ខណៈស្ថិតក្នុងភាពស្រវឹងផងនោះ ត្រូវបានដោះលែងវិញ។

ព្រះរាជអាជ្ញារង នៅតុលាការខេត្តសៀមរាប ដែលរងការចោទថា បានបើករថយន្ដបុកពលរដ្ឋឲ្យស្លាប់ ខណៈស្ថិតក្នុងភាពស្រវឹងផងនោះ ត្រូវបានដោះលែងវិញ។

ប្រធាននគរបាលចរាចរណ៍ក្រុងសៀមរាប លោក ជឹម សុវណ្ណ ឲ្យ VOD ដឹងនៅថ្ងៃអង្គារនេះថា ព្រះរាជអាជ្ញារង នៃតុលាការ ខេត្តសៀមរាប លោក សំរិទ្ធ សុខុន ពិតជាបានបើករថយន្ដម៉ាកឡិចស៊ីស ទាំងស្ថិតក្នុងភាពស្រវឹង ទៅបុកម៉ូតូមួយគ្រឿង កាលពីយប់ថ្ងៃព្រហស្បតិ៍ទី២ខែវិច្ឆិកាកន្លងទៅ និងបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ។

បើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងស្រុក លោក សំរិទ្ធ សុខុន បានព្យាយាមបើករត់គេចខ្លួនពីកន្លែងកើតហេតុនោះ ប៉ុន្ដែត្រូវក្រុមប្រជាពលរដ្ឋ​ ឃាត់រថយន្ដមិនឲ្យបន្ដដំណើរទៅមុខ រហូតដល់កម្លាំងនគរបាល ចុះមកអន្ដរាគមន៍។

យ៉ាងណាក៏ដោយ លោក ជឹម សុវណ្ណ មិនអាចបញ្ជាក់បន្ថែមបានទេ ដោយថា សំណុំរឿងនេះ លោកបានបញ្ជូនទៅតុលាការហើយ។​

លោកថា៖ «បាទ រឿងហ្នឹង ខ្ញុំបញ្ជូនទៅតុលាការអស់ហើយ យើងអត់ដឹងយ៉ាងម៉េចទេ ប៉ុន្ដែ យើងបានបញ្ជូនរបាយការណ៍ទៅតុលាការអស់ហើយ បាទ របាយការណ៍ខ្ញុំមានអស់ហើយ ទាក់ទងទៅខាងតុលាការ»។

ចំណែក ស្នងការនគរបាលក្រុងសៀមរាប លោក ទិត្យ ណារ៉ុង និយាយថា លោកមិនទាន់ដឹងព័ត៌មាននេះនៅឡើយ។

អ្នកនាំពាក្យតុលាការខេត្តសៀមរាប លោក រៀម ចន្ទម្នី ឲ្យដឹងថា បន្ទាប់ពីកើតហេតុគ្រោះថ្នាក់ចរាចរណ៍នោះ សមត្ថកិច្ច មិនបានឃាត់ខ្លួន ឬឃុំខ្លួនលោក សំរិទ្ធ សុខុន នោះទេ។ នៅពេលសួរថា តុលាការនឹងដាក់ការចោទ ឬទម្លាក់ការចោទប្រកាន់យ៉ាងណានោះ លោកថា កំពុងធ្វើតាមនីតិវិធី។

លោកថា៖ «គាត់បញ្ជូនសំណុំរឿង ប៉ុន្ដែ គាត់អត់បានបញ្ជូនមនុស្សមកណា។ យើងកំពុងធ្វើការតាមនីតិវិធី រឿងគេធ្វើការ ចង់ឲ្យគេបង្ហាញពីនីតិវិធីអីទៀតម៉េចកើត ថាគេកំពុងតែចាត់ការ គេមិនដឹងត្រូវធ្វើយ៉ាងម៉េចបន្ដទៀត»។

ប៉ុន្ដែ បើតាមសារព័ត៌មានភ្នំពេញប៉ុស្ដិ៍ ចុះផ្សាយនៅថ្ងៃនេះថា លោក សំរិទ្ធ សុខុន ត្រូវអាជ្ញាធរដោះលែងវិញ​ ក្រោយដឹងថា លោកមានតំណែងជា ព្រះរាជអាជ្ញារង នៅតុលាការខេត្តសៀមរាប និងបានបង់ប្រាក់សំណងជូនទៅជនរងគ្រោះ។

មន្ដ្រីស៊ើបអង្កេត នៃអង្គការអាដហុកប្រចាំនៅខេត្តសៀមរាប លោក សួស ណារិន ស្នើថា អាជ្ញាធរ គួរអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងចៀសវាងកុំឲ្យមានស្ដង់ដារពីរ រវាងអ្នកមានអំណាច និងប្រជាពលរដ្ឋធម្មតា ដោយថា តាមច្បាប់ចរាចរណ៍ថ្មី ជនដែលបង្កឲ្យអ្នកដទៃស្លាប់បាត់បង់ជីវិត ដោយចេតនា ឬអចេតនាក្ដី លោកថា គឺត្រូវតែទទួលទោសព្រហ្មទណ្ឌ និងពុំអាចជួសជុលត្រឹមប្រាក់សំណងបានទេ។

បើតាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចែងថា ជនណា ដែលបើកបរក្នុងស្ថានភាពស្រវឹង និងបណ្ដាលឲ្យមនុស្សស្លាប់ ឬមានចេតនាចង់បើករត់ គេចវេសពីការទទួលខុសត្រូវ អាចនឹងមានទោសជាប់ពន្ធនាគារពី ២ទៅ៥ឆ្នាំ និងពិន័យប្រាក់ពី១០ ទៅ២៥លានរៀល ព្រមទាំងទោសបន្ថែមផ្សេងៗទៀត៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។