បទពិព័ណ៌នា៖ ថ្ងៃ៨មីនាម្តាយអ្នកស្រី ទេព វន្នី សម្រក់ទឹកភ្នែក​នឹកកូនក្នុងពន្ធនាគារ

សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី

សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី

វ័យ៦៩ឆ្នាំ អង្គុយក្នុងផ្ទះម្តុំផ្សារដេប៉ូរាជធានីភ្នំពេញអ្នកស្រី ស៊ី ហៀប​ ​ត្រូវ​ជាម្តាយបង្កើតរបស់សកម្មជនការពារដីធ្លីតំបន់បឹងកក់អ្នកស្រី ទេព វន្នី បាន​រៀប​រាប់ថា គាត់កំពុងមានជំងឺប្រចាំកាយ ចំណែក ផ្លូវចិត្ត ក៏មានបញ្ហា ដោយសារកូនស្រីជាទីពឹងបានជាប់ពន្ធនាគារជាង១ឆ្នាំ៧ខែហើយ។​

វ័យ៦៩ឆ្នាំ អង្គុយក្នុងផ្ទះម្តុំផ្សារដេប៉ូរាជធានីភ្នំពេញអ្នកស្រី ស៊ី ហៀប​ ​ត្រូវ​ជាម្តាយបង្កើតរបស់សកម្មជនការពារដីធ្លីតំបន់បឹងកក់អ្នកស្រី ទេព វន្នី បាន​រៀប​រាប់ថា គាត់កំពុងមានជំងឺប្រចាំកាយ ចំណែក ផ្លូវចិត្ត ក៏មានបញ្ហា ដោយសារកូនស្រីជាទីពឹងបានជាប់ពន្ធនាគារជាង១ឆ្នាំ៧ខែហើយ។​

ស្ត្រីវ័យចំណាស់រូបនោះ បានឲ្យដឹងទៀតថា ច្រើនឆ្នាំកន្លងមក​នេះ កូនស្រីគាត់បានចេញមុខ​​តស៊ូមតិ​យ៉ាងសកម្ម ដើម្បី​ជួយ​ការពារដីធ្លីជូន​ប្រជាពល​រដ្ឋដែល​រងការបណ្តេញ​ចេញនៅតំបន់បឹងកក់។ អ្នកស្រីថា កូនស្រីរបស់គាត់ហ៊ានប្រឈមគ្រោះថ្នាក់ លះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារប្រយោជន៍ឲ្យពលរដ្ឋនៅតំបន់បឹងកក់។ ស្រ្តីចំណាស់នេះ រំឭកទៀតថា កូនស្រីរបស់គាត់បានលែងលះជាមួយក្តីដោយសារ តែមិនសូវបានរស់នៅជួបជុំគ្រួសារ។​

បន្ទាប់ពីលែងលះគ្នា អ្នកស្រី ទេព វន្នី បានបន្សល់ទុកកូន​ពីរ​នាក់​ គឺកញ្ញា​ អ៊ូ គង់បញ្ញា មានជំងឺប្រចាំកាយ​ និង​កុមារ៉ា អ៊ូ គង់នាគរាជ្យ​ ដែលបច្ចុប្បន្ននេះ​ ត្រូវបាន​ឪពុក​បង្កើត​​​យក​ទៅចិញ្ចឹម ខណៈម្តាយអ្នកស្រី វន្នី មិន​មាន​​​លទ្ធ​ភាពចិញ្ចឹមចៅ​ៗ។

កំពុង​រៀបរាប់ពីទុក្ខលំបាក ភ្នែករបស់​អ្នកស្រី ហៀប រលីងរលោងហើយ​និយាយ​ថា ប្រហែលជា២ឆ្នាំមុន គ្រួសារ​គាត់ធ្លាប់តែជួបជុំគ្រួសារសប្បាយរីករាយ ជាពិសេសនៅថ្ងៃ៨មីនា ដែលជាថ្ងៃទិវាសិទ្ធិនារី។ ប៉ុន្តែស្នាមញញឹមកាលពីពីរឆ្នាំមុនមិនមានទៀតទេ សម្រាប់គ្រួសារមួយនេះ គឺសល់តែភាពអាប់អួរ ងងឹតរកមើលថ្ងៃអនាគតមិនឃើញ។​

អ្វីដែលគួឲ្យកត់សំគាល់​ស្ត្រីរូបនោះ ឲ្យដឹងទៀតថា ចៅៗរបស់គាត់តែងតែ​សួរ​រក​ម្តាយ​នៅពេល​ដែលគាត់​នាំទៅ​ពេទ្យ​ព្យា​បាលជំងឺយ៉ាងហោចណាស់៤ដងក្នុងមួយខែ។ករណីនេះ អ្នកស្រី បង្ហាញ​ការសោកស្តាយ ដោយឮចៅ​ៗសួរ​រក​ម្តាយបែបនេះ ​ខណៈអ្នកស្រីថា កូនគាត់ជាប់ពន្ធនាគារទាំងអយុត្តិ​។

អ្នកស្រីនិយាយថា «គេចោទកូនខ្ញុំថា បានវៃសន្តិសុខ​បែកក្បាល​ម្នាក់ សន្លប់ម្នាក់​ កូនខ្ញុំអត់បានវាយទេ​អត់​បានធ្វើដូចការចោទប្រកាន់ទេ អយុត្តិធម៌លើកូនខ្ញុំខ្លាំងណាស់»។

លើសពីនេះទៀត អ្នកស្រី ហៀប បញ្ជាក់ថា បើអាជ្ញាធរមិនដោះលែងកូនស្រីគាត់ឲ្យមានសេរីភាពវិញទេ គាត់ថា ព្រួយបារម្ភពីសុខភាពខ្លួនឯង សុខភាពចៅ និង​កូនស្រីនៅក្នុងពន្ធនាគារ ដោយថា អ្នកស្រី ទេព វន្នី ក៏​មាន​​​ជំងឺស្រ្តេស ឬជំងឺផ្លូវចិត្ត ថប់ៗ អស់កម្លាំងផង​ដែរ។

ទាក់ទិនករណីនេះ អ្នកស្រី ហៀប បានអំពាវនាវទៅរដ្ឋាភិបាលជួយអន្តរាគមន៍ដោះលែង កូនរបស់គាត់​ឲ្យមានសេរីភាពវិញ ដោយថាដើម្បីបានជួបជុំគ្រួសារ ខណៈដីធ្លីតំបន់បឹងកក់ត្រូវ​បានសាលារាជធានីភ្នំពេញ ដោះ​ស្រាយជូនប្រជាពលរដ្ឋរងគ្រោះជិតអស់ហើយ​។

 

អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធររាជធានីចាប់ខ្លួនម្តងទៀត កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅពេល​ស្ត្រីរូ​ប​​នោះ​​​​ចូ​លរួមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ទាមទារ​ឲ្យដោះ​លែង​មន្ត្រីអា​ដ​ហុក​៤រូប និងមន្ត្រី គ.ជ.ប រួមទាំ​ង​​​ជំរុ​ញឲ្យរ​ដ្ឋាភិបា​ល​​​វែ​​ក​​មុខរកអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។

ប៉ុន្តែនៅថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០១៧ សា​លា​ដំបូងរាជធានីភ្នំពេញ បានសើរើសំណុំរឿ​ងចាស់កាលពីឆ្នាំ​​២០១៣ មក​ចោទប្រកាន់អ្នកស្រី ទេព វន្នី ពីបទ​ប្រព្រឹត្តអំពើហិង្សាដោយចេតនា មាន​ស្ថា​ន​​ទម្ង​ន់ទោស និង​ផ្ត​​​​​ន្ទាទោស​ដាក់ពន្ធ​នាគា​រ២​ឆ្នាំ​កន្លះ​(៣០ខែ)ពិន័យ​ប្រាក់៥លានរៀល និងបង្កា​ប់ឲ្យ​បង់​​ទៅ​​​​ដើ​មបណ្តឹ​ងជាស​ន្តិខ​ណ្ឌដូន​​ពេ​ញ​​ចំនួ​ន​៩​​លានរៀល។

ក្រោយមក​នៅដើមខែកុម្ភៈ ឆ្នាំ២០១៨នេះ តុលាការកំពូល សម្រេចរក្សាបទចោទលើសកម្មជនដីធ្លីរូបនោះ ពីបទ​ប្រើ​​អំពើ​ហិង្សា​​លើ​សន្តិសុខខណ្ឌដូនពេញ​ដោយចេតនា និង​មាន​ស្ថា​ន​​ទម្ង​ន់ទោសដដែល។

រាល់​ពេលធ្វើដំណើរដល់តុលាការ អ្នកស្រី ទេព វន្នី តែងថ្លែងថា រូបគាត់មិនបានវាយលើសមត្ថកិច្ចនោះទេ គឺថា រូបគាត់​ និងសកម្មជនផ្សេងទៀតជាអ្នករងគ្រោះ រង​ការវាយ​ដំពី​សមត្ថ​កិច្ចទៅវិញ។

ងាកអ្នកស្រី ហៀប ក្រៅពីជំងឺប្រចាំកាយផ្សេងៗ បញ្ហាភ្នែករបស់គាត់កាន់តែធ្វើទុក្ខខ្លាំងពីមួយថ្ងៃទៅមួយ ត្រូវទៅជួបគ្រូពេទ្យជាប្រចាំ។ បច្ចុប្បន្នអ្នកស្រីរស់នៅជាមួយកូនស្រីម្នាក់ទៀត បងអ្នកស្រីទេព វន្នីដែលមានជីវភាពមិនសូវជាធូរធាប៉ុន្មានទេ។​

សុខភាពកាន់តែចុះខ្សោយ ជំងឺផ្សេងៗកាន់តែរោមរឹត ភ្នែកមើលថយចុះពីមួយថ្ងៃទៅមួយថ្ងៃ មិនដឹងថា អាចសំឡឹងមើលពិភពលោក​បានរយៈពេលប៉ុន្មានទៀតទេ។​

ផ្ទុយពីសុខភាពកាន់តែចុះខ្សោយប៉ុន្តែអ្នកស្រីហៀបថា ក្តីបារម្ភរបស់គាត់​កើនឡើងទ្វេរពីមួយថ្ងៃទៅមួយ ពេលខ្លះត្រូវសម្រក់ទឹកភ្នែកម្នាក់ឯង មិនដឹងរៀបរាប់ទុក្ខលំបាកប្រាប់អ្នកណា ដោយអារម្មណ៍ជួនកាលនៅក្នុងពន្ធនាការជាមួយកូនស្រី ជួនកាលនៅក្នុងមន្ទីរពេទ្យជាមួយចៅៗ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។