នាយករដ្ឋមន្ត្រី៖ ឥឡូវនេះ ប្រទេសយើងកំពុងរងផលអាក្រក់ពីគ្រោះថ្នាក់ចរាចរណ៍

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

នាយករដ្ឋមន្ត្រី អះអាងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបន្ទុកធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាល ដោយថា មនុស្សមួយ​ចំនួ​ននៅ​តែ​បើ​​​ក​ប​រ​មិ​ន​គោ​រ​​ពច្បា​ប់ និងថា ខ្លះទៀតបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

ក្នុងពិធីប្រារព្ធខួបកាកបាទក្រហមកម្ពុជា នៅរាជធានីភ្នំពេញ នាថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសរសើរ ក្រុ​​ម​យុ​​វ​​ជន​កាកបាទប្រហមកម្ពុជា ដែលក្រុមយុវជនទាំងនោះតែងតែចំណាយពេលឈរនៅតាមភ្លើងស្តុបនានា ក្នុងរាជ​​ធានីភ្នំ​​ពេ​ញ ដើម្បី​ពន្យល់ដល់អ្នកបើ​កបរ​ឲ្យ​​គោ​​រ​ពច្បា​ប់ និងប្រកាសប្រាប់ពីផលប៉ះពាល់ដែលកើតចេញពីគ្រោះថ្នាក់ចរាចរណ៍នេះ។

លោកថា៖ «ខ្ញុំយល់ថា អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងអ្នកបើកបរទាំងបំពានច្បាប់ គួរតែមានការខ្មាស់អៀនយុវជនកាកបាទក្រហមកម្ពុជា ដែលឈរនៅតាមដងផ្លូវ ហើយអប់រំចំពោះអ្នកដែលបើកបរខុសច្បាប់។ ឥឡូវនេះ ប្រទេសរបស់យើង​កំ​​ពុងទទួលផលអាក្រក់អំពីគ្រោះថ្នាក់ចរាចរណ៍»

លោក ហ៊ុន សែន អះអាងទៀតថា ការចំណាយពេលរបស់ក្រុម​យុវជនកាកបាទក្រហ​មកម្ពុជា បាន​ជួយកាត់ប​ន្ថយបន្ទុក​រដ្ឋាភិ​បា​ល។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក ប៉ា ចន្ទរឿន លើកឡើងថា ដើមចមនៃបញ្ហាគ្រោះថ្នាក់​ចរាចរណ៍ អាចមកពី​កា​រអនុ​​វត្ត​ច្បា​​ប់មិនស្មើភាព និងអ្នកបើកបរខ្លះមិនយល់ពីច្បាប់។

លោកថា៖ «ប៉ូលិសចរាចរ មានប៉ូលិសល្អ មានប៉ូលិសអាក្រក់ ប៉ុន្តែ ជាទូទៅ ពួកគាត់ចាប់ផាកពិន័យតែពលរដ្ឋស៊ីវិលធម្មតា អ្នកបើម៉ូតូ ឬអ្នកបើកឡានសេរីទាបៗ ដោយឡែកអ្នកបើកឡានសេរីខ្ពស់ៗ ឬអ្នកមានស្លាក .ម. ឬកាន់អំណាចអី មិនគោរពច្បាប់ ពួកគាត់​​​​បិទភ្នែកឲ្យទៅ។ អាហ្នឹង វាបង្ហាញពីភាពអយុត្តិធម៌មួយនៅក្នុងសង្គម»

នាយករងវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ លើកឡើងថា ការដែលនាយករដ្ឋមន្ត្រី​ស្នើឲ្យកែច្បាប់មិនតម្រូវ​ឲ្យ​អ្ន​ក​​​បើ​​ក​​​ប​​រម៉ូតូ​កម្លាំង ១២៥CC ចុះក្រោមមិនចាំបាច់ទៅរៀនបើកបរ លោកថា នោះក៏​ជាជ្រុងមួយជំរុញ​ឲ្យមានគ្រោះថ្នាក់​​ច​រា​​​​​ចរ​ណ៍​​ដែ​រ ​ដោ​​យ​​​ថា អ្នកទាំងនោះមិនយល់ពីច្បាប់ចរាចរណ៍។

លោក គង់ រតនៈ លើកឡើងថា ដើម្បីកាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ រដ្ឋាភិបាលត្រូវជំរុញមន្ត្រីជំនាញ ឲ្យបង្កើនការ​ផ្សព្វផ្សាយ​​ពី​​ច្បា​ប់ច​រាចរណ៍ឲ្យពលរដ្ឋយល់ដឹង ក្រើនរំឭកអ្នកប្រើប្រាស់ផ្លូវ ឲ្យចេះ​បារម្ភពីសុ​វត្ថិភាពផ្ទា​ល់ខ្លួន និងងជីវិត​អ្នកដទៃ។

របាយការណ៍​របស់​នគរបាលជាតិ បាន​បង្ហាញ​ថា មនុស្ស​ដល់​ទៅ ១៧៨០​នាក់ បាន​ស្លាប់ ហើយ​មនុស្ស​ដល់​ទៅ ៥៥៣៩​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក​នេះ។ របាយការណ៍​ដដែល​នេះ បាន​បន្ទោស​ទៅ​លើ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់ និង​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង គឺ​ជា​ដើម​ចម​នៃ​គ្រោះ​ថ្នាក់ចរាចរណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ