វិភាគ៖ ច្រកចេញសម្រាប់ជម្លោះនយោបាយកម្ពុជាបច្ចុប្បន្ន

ស្ថានភាពនយោបាយនៅកម្ពុជាពេលនេះ បានឡើងដល់​កម្រិតមួយដែល​សហគមន៍អន្តរជាតិ​​ងាក​មកចាប់អារម្មណ៍ច្រើន។ នោះគឺការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សប្រឆាំង​ដែលជាគូប្រកួត​មានទម្ងន់ធ្ងន់ជាមួយគណបក្សកាន់អំណាចនៅកម្ពុជានាឆ្នាំក្រោយនេះ។

វាជាពេលមួយដែលសហគមន៍អន្តរជាតិដែលជាប្រទេសប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ខ្លះ នាំគ្នា​ថ្កោល​ទោសការ​ចាប់​ខ្លួននេះ និង​ខ្លះទៀត​សំដែងការ​សោកស្តាយ​ ដោយ​ជំរុញឲ្យមានការ​ដោះ​លែង​ប្រធានគណបក្សសង្រ្គោះជាតិជាបន្ទាន់។

តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗរួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក ​សហភាព​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ទៀត បាន​សម្តែងការព្រួយបារម្ភជា​ខ្លាំង ជុំវិញ​ការចាប់​ខ្លួន លោក កឹម សុខា ហើយពួកគេជំរុញឲ្យ​រដ្ឋាភិបាលកម្ពុជា បញ្ឈប់​ការគំរា​មកំហែង​លើ​គណ​បក្សប្រឆាំង។

ប៉ុន្តែមានតែប្រទេសកុំមុយនីស្តចិនម្នាក់ឯងប៉ុណ្ណោះដែលឃើញបានថ្លែងគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាទៅលើ លោក កឹម សុខា។

សំណួរត្រូវបានចោទឡើងថា តើកម្ពុជាត្រូវរកច្រកចេញតាមណា ចំពោះស្ថានភាពនេះ?

ក្រុមអ្នកវិភាគបានលើកជាយោបល់យ៉ាងប្រយ័ត្នប្រយែងចំពោះ​ស្ថានភាពនយោបាយនៅកម្ពុជា​ពេលនេះ។

លោកបណ្ឌិត មាស នី អ្នកតាមដានព្រឹត្តិការណ៍នយោបាយ លើកជាសំណួរវិញថា តើ​រដ្ឋធម្មនុញ្ញដែលជា​ច្បាប់​កំពូល ហើយចែងថាកម្ពុជាជារដ្ឋឯករាជ្យនិងអធិបតីនោះ ត្រូវបានគេគោរពឬអត់ ខណៈនៅពេលនេះ​គេឃើញថា ប្រទេសមហាអំណាចចិន និង​អាមេរិក​កំពុងតែ​យក​កម្ពុជាធ្វើទីលានបញ្ចេញសាច់ដុំដាក់គ្នា។

លោកថា «ចិនក៏ជាអ្នកចុះហត្ថលេខានៅក្នុង​សន្និសីទ​ក្រុង​ប៉ារីស ហើយធានាថាកម្ពុជាជាប្រទេសមួយលទ្ធិប្រជាធិបតេយ្យឬគោរពសិទ្ធិមនុស្ស។ ​ដល់​ពេលចិនឃើញ​ស្ថានការណ៍បែបហ្នឹង​ ហើយ​គាត់​គាំទ្រទៀត សំណួរឲ្យឆ្លើយ​វិញថា តើវាមានន័យយ៉ាងម៉េច សម្រាប់ចិនដែល​ជា​ប្រទស​ខំខាន់​ដែល​បាន​ចុះ​ហត្ថលេខា​ក្រុងប៉ារីស»។

លោក មាស នី បានរំលឹកឡើងវិញពីអតីតកាលនៅគ្រាដែល​សម្តេចឪងាកទៅរកចិន​ទាំងស្រុង​​ ហើយ​បណ្តេញស្ថានទូតអាមេរិកចេញពីកម្ពុជានោះ គឺចិនជាអ្នកគាំទ្ររបបខ្មែរ​ក្រហម។

លោកថា «ជំនាន់ ប៉ុល ពត ងាករកចិន ចោលអាមេរិក យើងឃើញហើយ[ស្លាប់]អស់២លាននាក់។ ឥឡូវ​យើង​កំពុងរអិលចូលទៅផ្លូវហ្នឹងដដែលវិញ។ យើងឃើញហើយ ចិនកាន់កាប់​សេដ្ឋកិច្ចធំៗ ចិន​កាន់​កាប់ទាំងអស់ ទាំងវិនិយោគធំៗ ទាំងវារីអគ្គិសនី»។​

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយជើងចាស់ បានបន្ថែមថា ប្រទេសចិន​កំពុង​ឆ្លៀត​ឱកាស​កេង​ចំណេញ​លើ​ជម្លោះនយោបាយកម្ពុជា។ លោកថា «កាលពីមុនឃើញ គេជួយទាំងអាវុធ ជួយទាំងខាងនយោបាយផងហ្នឹង គឺឲ្យមកសម្លាប់ខ្មែរ។ ឥឡូវកំពុងតែគាបសង្កត់ខ្មែរ ចិននោះជាន់​ពីលើ​ថែម​ទៀត»។

នៅពេលរដ្ឋាភិបាលកម្ពុជាចាប់ឃុំខ្លួនមេដឹកនាំគណបក្សប្រឆាំង ចិនបានប្រកាសក្តែងៗថាខ្លួន​គាំទ្រ​សកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ហើយថាចិនត្រៀម​ខ្លួនជួយកម្ពុជាគ្រប់​កាលៈទេសៈ។

ប្រទេសចិនត្រូវបានគេមើលឃើញថា មានក្រុមហ៊ុនធំៗបាន​បណ្តាក់ទុនរកស៊ីច្រើនជាងគេនៅកម្ពុជា ដូចជា​វិស័យរ៉ែ អគ្គិសនី និងផ្នែកកាត់ដេរ។

អ្នកវិភាគយល់ថាបើរដ្ឋាភិបាលកម្ពុជាងាកទៅរកចិនខ្លាំងពេក នឹងធ្វើកម្ពុជាខាតបង់ទាំងសេដ្ឋកិច្ច​និង​នយោបាយ។

យោងតាមទិន្នន័យរបស់ OEC បានបង្ហាញថា ប្រទេស​បី​ដែល​កម្ពុជា​នាំ​​ចេញ​ផលិផលធំ​បំផុត​នោះគឺ ​សហរដ្ឋអាមេរិក​ ​អង់គ្លេស​ និងអាល្លឺម៉ង់​ ដោយមានទឹកប្រាក់​៦,៥​ពាន់លាន​ដុល្លារ​ ប៉ុន្តែប្រទេស​បី​ដែល​កម្ពុជានាំចូល​មកវិញ​ធំ​បំផុតគឺ ចិន ថៃ​ និង​វៀតណាម​ ដែលមានទឹកប្រាក់​៩,៩១​ពាន់លាន​ដុល្លារ​។

នៅចំពោះមុខនាយករដ្ឋមន្រ្តីថៃ កាលពី​ម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងថាកម្ពុជានាំទំនិញទៅលក់នៅថៃតែមួយភាគ ប៉ុន្តែថៃនាំទំនិញរបស់ខ្លួនមកលក់នៅកម្ពុជាចំនួន៥​ដង​។

ចំណែកសហរដ្ឋអាមេរិកដែលទីផ្សារធំមួយជួយទិញសំលៀក​បំពាក់ពីកម្ពុជានោះ មានក្រុម​ហ៊ុន​តិច​តួច​ដែល​ដាក់ទុនរក​ស៊ីនៅកម្ពុជា ដែលអ្នកវិភាគមើលឃើញថា មកពីប្រទេសនេះតម្រូវឲ្យកម្ពុជាមានការ​គោរព្ធ​សិទ្ធិមនុស្សទើបខ្លួនចូលមករកស៊ី។ ប៉ុន្តែចិន អ្នកវិភាគនិយាយថា ប្រទេសកុំមុយនីស្តមួយនេះ មិន​ខ្វល់​ពី​ការ​គោរពសិទ្ធិមនុស្សនោះឡើយ ពោលប្រទេសនេះសំឡឹងឃើញតែផលប្រយោជន៍ប៉ុណ្ណោះ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ ឲ្យជាដំណោះស្រាយថា រដ្ឋាភិបាលកម្ពុជាត្រូវគោរព្ធនូវអ្វី​ដែល​បាន​ព្រម​ព្រៀង​ក្នុង​សន្ធិសញ្ញាក្រុង​ប៉ារីស ២៣តុលា១៩៩១ ដែល​​កម្ពុជាបានសន្យាគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរីពហុបក្ស នោះទើប​បានសុខ និងមានផលប្រយោជន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ