បទយកការណ៍៖ ស្នាដៃលោក កែម ឡី ត្រូវបានចែកចាយតាមគ្រឹះស្ថានសិក្សា

ស្នាដៃលោក កែម ឡី

រយៈពេលជិត៤ខែហើយ ដែលអ្នកវិភាគបញ្ហាសង្គមដ៏ល្បីម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ខណៈយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះក៏មានភាពស្រពេចស្រពិលនៅឡើយ។

លោក កែម ឡី ជាអ្នកស្រាវជ្រាវនិងវិភាគបញ្ហាសង្គម ត្រូវបានខ្មាន់កំាភ្លើងបាញ់ប្រហារចំនួន៣គ្រាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ ខណៈរូបលោកអង្គុយនៅក្នុងស្តាម៉ាត ក្បែរស្តុបបូកគោ កណ្ដាលទីក្រុងភ្នំពេញ។ ក្រោយករណីឃាតកម្ម អាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ដែលចោទថាជាជនដៃដល់ឈ្មោះ “អឿត អាង” ហៅក្រៅ “ជួប សម្លាប់” និងកំពុងចាត់ការបន្ដតាមនីតិវិធីច្បាប់។

ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងរយៈពេល២ថ្ងៃបន្ទាប់ពីលោក កែម ឡី បានបកស្រាយជាចំហអំពីរបាយការណ៍ស៊ើបអង្កេតរបស់អង្គការអន្ដរជាតិ Global Witness ដែលបានលាតត្រដាងអំពីការប្រើប្រាស់អំណាចរបស់គ្រួសារត្រកូលហ៊ុន ដើម្បីក្ដោបក្ដាប់ជំនួញសេដ្ឋកិច្ចកម្ពុជាអស់រាប់លានដុល្លារអាមេរិក។ ក្រៅពីនេះ លោក កែម ឡី ក៏បានរិះគន់រដ្ឋាភិបាលលើបញ្ហារសើបមួយចំនួនទៀត ដូចជា ការដឹកនាំមានការរំលោភសិទ្ធិមនុស្ស បញ្ហាព្រំដែន ការកាប់បំផ្លាញព្រៃឈើ និងអន្តោប្រវេសន៍ខុសច្បាប់ជាដើម។

ជាងនេះទៅទៀតមុនករណីឃាតកម្ម លោក កែម ឡី បានមានប្រសាសន៍ជាមួយវិទ្យុអាស៊ីអាសេរីដូច្នេះថា៖ «នៅពេលយើងវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ។ ខ្ញុំចង់និយាយថានៅក្នុងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើន ដែលមានឆ្លាមច្រើន  នៅពេលដែលយើងវិភាគម្តងៗ យើងមិនដែលគិតថាយើងមានជីវិតទេ។ ប៉ុន្តែបើសិនជាយើងនាំគ្នាខ្លាច យើងនាំគ្នាខ្លាចទាំងអស់គ្នា យើងអត់មានលទ្ធភាពផ្តល់គំរូដល់យុវជនទេ យើងអត់មានលទ្ធភាពកែប្រែប្រទេសយើងទេ អញ្ចឹងហើយបានខ្ញុំហ៊ាននិយាយបែបនេះ»។

លោក កែម ឡី ត្រូវឃាតករផ្ដាច់ផ្ដិលជីវិតដោយបន្សល់ទុកនូវការងារជាច្រើនពុំទាន់បញ្ចប់ ដូចជា កិច្ចការព្រំដែន ការការពារព្រៃឡង់ ដីធ្លី សិទ្ធិលំនៅឋាន សិទ្ធិមនុស្ស បញ្ហាសេដ្ឋកិច្ច និងសង្គមកិច្ចជាដើម។

ទោះយ៉ាងនេះក្ដី ក្រុមអ្នកវិភាគវ័យក្មេង ដែលជាសិស្សរបស់លោក កែម ឡី បានប្តេជ្ញាចិត្ដបន្តបេសកកម្មការងារស្រាវជ្រាវនិងវិភាគសង្គមពីលោក ដោយពួកគេអះអាងថានឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីយកការពិតមកផ្សព្វផ្សាយ ដោយមិនខ្លាចសេចក្ដីស្លាប់ឬការគំរាមកំហែងឡើយ។

ក្រុមអ្នកវិភាគវ័យក្មេង សហការជាមួយសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បាននាំគ្នាប្រមែប្រមូលគំនិតទស្សនៈ និងស្នាដៃល្អៗ របស់លោក កែម ឡី ដែលនៅរប៉ាត់រប៉ាយលើបណ្ដាញសង្គមមកចងក្រងធ្វើជាសៀវភៅសម្រាប់ឲ្យយុវជនជំនាន់ក្រោយបានយល់ដឹង។

លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេងបានបញ្ជាក់ថា សៀវភៅទស្សនទានបណ្ឌិត កែម ឡី ត្រូវបានចងក្រងឡើងដោយបែងចែកជា២ភាគ មួយភាគៗមានកម្រាស់ជាង២០០ទំព័រ។ បើតាមលោក ហង្ស វិទូ សៀវភៅក្បាលទី១ មានចំណងជើងថា «អ្នករួតវាំងននសង្គម» បង្កប់អត្ថន័យសំខាន់បី គឺជារឿងកំប្លែងឆ្លុះបញ្ចាំងពីតថភាពសង្គម តម្លៃអប់រំ និងការរិះគន់ដើម្បីស្ថាបនា។ ចំណែកក្បាលទី២ «កម្រងទស្សនសង្គម និងនយោបាយ» គឺជាទស្សនៈផ្ទាល់របស់លោក កែម ឡី ក្នុងការដោះស្រាយបញ្ហាសង្គមនិងនយោបាយ។

នៅក្នុងសៀវភៅ «អ្នករួតវាំងននសង្គម» ត្រង់រឿងទី២ ដែលដាក់ចំណងជើងថា «តើមន្ដ្រីស្អាតស្អំមានរាងបែបណា» បានលើកយកសាច់រឿងកំប្លែងមួយអំពីបុរសជាមន្ដ្រី៣នាក់ពិភាក្សាគ្នា ថាតើធ្វើម៉េចទើបអាចឡើងកាំប្រាក់ខែនិងតំណែងលឿន។

នៅក្នុងរឿងនោះ មន្ដ្រីឈ្មោះ “ស្អាត ស្អំ” មានប្រាក់ខែទាបជាងគេ និងបានស្ដាប់មតិយោបល់របស់មន្ដ្រី២នាក់ ដោយមន្ដ្រីម្នាក់បានប្រាប់ឲ្យគាត់រៀនមុខវិជ្ជា “នយោបាយ” បន្ថែម គឺត្រូវចេះឱនលំទោន លូនក្រាប ពូកែអេបអប យកចិត្ត យកថ្លើមចៅហ្វាយនាយ ដើម្បីឆាប់បានឡើងបុណ្យសក្ដិ។ មន្ដ្រីម្នាក់បន្ថែមថា ទាល់តែចេះជំនាញ “សេដ្ឋកិច្ច” មួយមុខទៀត គឺត្រូវចេះកិបកេងលួចលក់ទ្រព្យសម្បត្តិជាតិ លក់សម្ភារៈក្នុងស្ថាប័ន ចេះរត់ការសុំលិខិតស្នាម សូកប៉ាន់មេ និងចេះរកលុយតាមតំណែងដែលខ្លួនកំពុងកាន់។

រឿងកំប្លែងមួយទៀតមានចំណងជើងថា «បុរសពាក់អាវសតែចិត្តខ្មៅ» ជារឿងដែលលោក កែម ឡី តែងនិយាយលេងកាលលោកនៅរស់។ ខ្លឹមសារក្នុងរឿងនេះ បានរៀបរាប់អំពីបុគ្គលិកលក្ខណៈរបស់បុរសពាក់អាវស ដែលជាតួអង្គសំខាន់ថា ជាមនុស្សរៀនសូត្រចេះដឹងបានតិចតួច ហើយមានអត្តចរិតឆេវឆាវ ឆាប់ខឹង និងកាចសាហាវ គ្មានមេត្តា។ ប៉ុន្ដែបុរសអាវសមានចំណុចពិសេសត្រង់ជាមនុស្សឆ្លាតវាងវៃ ហ្មត់ចត់ ល្អិតល្អន់ និងមានឧបាយកលច្រើនក្នុងការបោកបញ្ឆោតនិងវាយប្រហារលើគូសត្រូវ តាមរយៈការប្រើប្រាស់ឧបករណ៍ថតសំឡេង។

បុរសអាវសមានប្រពន្ធ២នាក់ ដែលប្រពន្ធទី១ ជាជនជាតិយួន មានជីវភាពក្រីក្រ និងប្រពន្ធទី២ ជាស្រ្ដីចំណាស់ជនជាតិចិនមានទ្រព្យនិងធនធានច្រើន។ ប្រពន្ធទី១ ជានារីក្មេងស្អាត និងតែងតែចង់បានទ្រព្យធន ផ្ទះសម្បែង ទឹកដី ឥតឈប់ឈរ រហូតដល់បុរសអាវសធ្លាក់ខ្លួនក្រ ហើយបងប្អូនកូនចៅរបស់អាវស ក៏ក្លាយជាទាសករនៅលើទឹកដីខ្លួនឯង។ ចំណែកប្រពន្ធចិនមិនសូវស្អាតទេ ប៉ុន្តែមានប្រាក់ច្រើន និងតែងតែផ្គត់ផ្គង់បុរសជាប្ដី ដោយតែងប្រើល្បិចកល ហុតទឹកសំឡឹងកាក ឬមើលឃើញមរតករបស់បុរសអាវស។ ទីបំផុត បុរសអាវសបានបាត់បង់មរតកមានតម្លៃដែលដូនតាបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ ដោយសារប្រពន្ធចាស់ជញ្ជក់យកអស់ទ្រព្យកេរ្តិ៍ដូនតាគ្មានសល់។ វាសនាបុរសអាវសក៏ត្រូវបានបំផ្លិចបំផ្លាញបន្ដិចម្ដងៗ ដោយបន្សល់ទុកកេរ្តិ៍ឈ្មោះអាសោច មិនខុសពីមេទ័ពបាក់ទឹកចិត្ត ឬធ្វើស្រែគ្មានទឹក ធ្វើសឹកនឹងវីឡានោះទេ។

រឿងទី១ បានទាញអារម្មណ៍អ្នកអានឲ្យឃើញការពិតក្នុងសង្គមខ្មែរ ដែលបុគ្គលិក ឬមន្ដ្រីរាជការក្នុងស្ថាប័នរដ្ឋតែងធ្វើដើម្បីបានឡើងបុណ្យសក្ដិ។ ចំណែករឿងទី២ ឆ្លុះបញ្ចាំងពីទំនោរងាកទៅរកវៀតណាម និងចិនរបស់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ដោយថាការចងមិត្តជាមួយប្រទេស២នេះនាំមកនូវតែក្ដីវិនាសប៉ុណ្ណោះ។

សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរនិងក្រុមចងក្រងបាន និងកំពុងចែកចាយសៀវភៅទាំងពីរខាងលើនេះចំនួន១ពាន់ក្បាលបន្ថែមទៀត ជូនដល់សាធារណជន និងនិសិ្សតបញ្ញាវ័ន្ដដែលចង់ដឹងអំពីទស្សនៈរបស់លោក កែម ឡី។

លោក ហង្ស វិទូ បានឲ្យដឹងថា «យុទ្ធនាការចែកចាយសៀវភៅលោកបណ្ឌិត កែម ឡី» នឹងប្រពឹត្តទៅក្នុងរយៈពេលមួយសប្ដាហ៍ពេញ គឺចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកថា៖ «និយាយទៅ ដូចជាលោកបណ្ឌិត កែម ឡី ដែលគាត់នៅរស់ដែរ គាត់ធ្វើការងារអត់បានប្រកាន់បក្សពួក ប្រកាន់ក្រុម ប្រកាន់និន្នាការនយោបាយណាទេ គឺយើងចែកទាំងអស់»។

បើតាមលោក ហង្ស វិទូ ក្រុមចងក្រងនឹងបន្ដ «យុទ្ធនាការចែកសៀវភៅលោកបណ្ឌិត កែម ឡី» ដល់ទីតាំង៩កន្លែង ជុំវិញរាជធានីភ្នំពេញ ដូចជា តាមបណ្ណាល័យជាតិនានា ស្ថានទូត សាកលវិទ្យាល័យសុខាភិបាល សកលវិទ្យាល័យជាតិគ្រប់គ្រង សកលវិទ្យាល័យបញ្ញាសាស្ដ្រ សកលវិទ្យាល័យបៀលប្រាយ ជាដើម។

លោកបន្ថែមថាការដាក់តម្កល់សៀវភៅតាមបណ្ណាល័យ គឺដើម្បីបំពេញតាមសេចក្ដីត្រូវការបស់មិត្តអ្នកអាន ពិសេសដើម្បីរក្សាទុកស្នាដៃរបស់លោក កែម ឡី ឲ្យបានគង់វង្ស។

លោកថា៖ «សិស្សឬសាធារណជនមួយចំនួន ជាពិសេសអ្នកដែលទើបឡើងមកទីក្រុងភ្នំពេញ គាត់បានសួររកច្រើនមែនទែន យើងគិតថាយើងនឹងចែកចាយតាមសកលវិទ្យាល័យ ឬបណ្ណាល័យជាតិសំបូរគេមកអាចច្រើន។ នៅពេលយើងដាក់តម្កល់នៅបណ្ណាល័យ ច្បាស់ជាមានអ្នករកអានច្រើន ទោះបីជាគាត់រកកន្លែងណាមិនឃើញ គាត់អាចរកនៅបណ្ណាល័យឃើញ។ ទី២ ដើម្បីជាការតម្កល់ទុកស្នាដៃនៅបណ្ណាល័យ ដែលគេនឹងតម្កល់ទុក មានន័យថាអាចគេអាចរក្សាទុកបានយូរ»។

ខណៈមេឃក៏រកបង្អុរទឹកភ្លៀងមកដែរនោះ ក្រុមការងារចងក្រងបានសម្រេចឈប់រថយន្ដនៅក្បែរវត្តភ្នំ និងដើរតម្រង់ទៅរកបណ្ណាជាតិ ដោយក្ដីសង្ឃឹមក្នុងចិត្តថានឹងអាចដាក់តម្កល់សៀវភៅលោកបណ្ឌិត កែម ឡី នៅទីនោះ។

លោក ហង្ស វិទូ និងក្រុមការងារបានបរិច្ចាគសៀវភៅលោក កែម ឡី ចំនួន២០ឈុត ឬ៤០ក្បាល នៅបណ្ណាល័យជាតិ ដោយមានស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំបណ្ណាល័យនេះផងដែរ។

អ្នកស្រី ផុន សុខា ជាបណ្ណារ័ក្សម្នាក់ បានឲ្យយើងដឹងដោយទឹកមុខស្រស់បំព្រងថាបណ្ណាល័យជាតិស្វាគមន៍ការបរិច្ចាគសៀវភៅទាំងអស់ ដោយថាក្ដីរីករាយ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អ្នកអាន។

អ្នកស្រីថា៖ «ខ្ញុំសប្បាយចិត្តតើ មានការត្រេកអរ ព្រោះអីដូចថាបានឯកសារ ខ្លឹមសារថ្មីៗ ផ្លាស់ប្ដូរសម្រាប់ប្អូនៗ សិស្ស និសិត្ស មកស្រាវជ្រាវ រៀនសូត្រ។ សៀវភៅបោះពុម្ភនិយាយពីបណ្ឌិត កែម ឡី ខ្ញុំយល់ថានឹងអាចមានចំណេះដឹងកើនសម្រាបប្អូនសិស្ស និសិត្ស ដែលគាត់មករៀនសូត្រ ស្រាវជ្រាវនៅទីនេះ ជាឯកសាររបស់គាត់»។

បន្ទាប់ពីតម្កល់សៀវភៅនៅបណ្ណាជាតិ ក្រុមការងារបានបន្ដដំណើរទៅសកលវិទ្យាល័យជាតិគ្រប់គ្រងម្ដងវិញ ដោយបានដាក់សៀវភៅនៅទីនោះចំនួន៥ឈុត ឬស្មើនឹង១០ក្បាល។

អ្នកស្រី សុខ ទូច ជាអនុប្រធានបណ្ណាល័យនៅសកលវិទ្យាល័យនេះបានអរគុណចំពោះការបរិច្ចាគសៀវភៅប៉ុន្ដែមិនបាននិយាយអ្វីច្រើនឡើយនោះទេ។ អ្នកស្រីថា៖ «ខ្ញុំមានតែអរគុណ ដែលអូនបានយកសៀវភៅមកជូនឲ្យក្នុងបណ្ណាល័យទុកឲ្យអានសម្រាប់ទៅថ្ងៃក្រោយទៅ វាដឹងអត្ថន័យក្នុងសៀវភៅហ្នឹង»។

បើតាមលោក ហង្ស វិទូ មានស្ថាប័នមួយចំនួនមិនព្រមទទួលសៀវភៅនេះទេ ដោយលោកថាមានការប្រកាន់និន្នាការនយោបាយ ដូចជា វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ សាកលវិទ្យាល័យសុខាភិបាល សាកលវិទ្យាល័យ អាយ.អាយ.ស៊ី (ឧកញ៉ា ទ្រី ភាព) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យឯកទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ