បទយកការណ៍៖ ពល​រដ្ឋ​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​ពាមមាន​អារម្មណ៍​ថា​ ពួកគេ​ត្រូវ​បាន​រដ្ឋាភិបាលបំភ្លេច​ចោល

ពល​រដ្ឋ​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​ពាម

គេ​ឲ្យ​មិន​ឲ្យ​ស្រេច​តែ​គេ​ទៅ យើង​រក​និយាយ​មិន​កើត​សុំ​គេ​ក៏​សុំមិន​កើត ស្រេច​តែជំនួយ​គេ​ជួយ គេ​នឹក​ឃើញ​គេ​ជួយ​មក គេ​នឹក​មិន​ឃើញ​ទេ​ក៏​ហី​ទៅ។ ធ្វើ​សោ​ហ៊ុយ​ទៅពេទ្យ​ទៅ​អី​ទៅ​លុយ​ខ្លួន​ឯង​ទៅ។ នេះ​ជា​ការ​រៀប​រាប់​ពី​ទុក្ខ​លំ​បាក​របស់​ពលរដ្ឋ​មួយ​ចំនួន នៅ​ក្នុង​...

«គេ​ឲ្យ​មិន​ឲ្យ​ស្រេច​តែ​គេ​ទៅ យើង​រក​និយាយ​មិន​កើត​សុំ​គេ​ក៏​សុំមិន​កើត ស្រេច​តែជំនួយ​គេ​ជួយ គេ​នឹក​ឃើញ​គេ​ជួយ​មក គេ​នឹក​មិន​ឃើញ​ទេ​ក៏​ហី​ទៅ។ ធ្វើ​សោ​ហ៊ុយ​ទៅពេទ្យ​ទៅ​អី​ទៅ​លុយ​ខ្លួន​ឯង​ទៅ»។

ផ្លូវទៅកាន់ភូមិ​ពាម ស្ថិត​ក្នុង​ឃុំ​សំបួរមាស ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល

នេះ​ជា​ការ​រៀប​រាប់​ពី​ទុក្ខ​លំ​បាក​របស់​ពលរដ្ឋ​មួយ​ចំនួន នៅ​ក្នុង​ចំណោម​ពលរដ្ឋ ១៨​នាក់ ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍ នៅ​ក្នុង​ភូមិ​ពាម ស្ថិត​ក្នុង​ឃុំ​សំបួរមាស ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល។

ភូមិ​ដែល​មាន​ចម្ងាយ​​ជិត ​២០​គីឡូ​ម៉ែត្រ​ពី​រាជ​ធានីភ្នំពេញ​ បាន​ផ្ទុះ​ភាព​ភ្ញាក់​ផ្អើល​កាលពី​ដើម​ឆ្នាំ​២០១៦ បន្ទាប់ពី​អង្គការ​មួយ​បាន​ចុះ​ទៅ​ពិនិត្យ​ឈាម​ក្នុង​ភូមិ​នោះ​ ហើយ​​បាន​រកឃើញ​ថា អ្នក​​ភូមិ​ជាច្រើន​នាក់​​មាន​ផ្ទុក​មេរោគ​​អេដស៍​ក្នុង​ខ្លួន ដែល​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា ​អាច​ជា​ការ​ផ្ទុះ​ជំងឺ​អេដស៍​ដូច​ករណី​នៅ​ឃុំ​រការ​នៅ​ឯ​​​ខេត្ត​បាត់​ដំបង​ដែរ​ឬទេ ប៉ុន្តែ ​​ក្រសួង​សុខាភិបាល​ចុះ​ទៅ​ពិនិត្យ​ និង​​បាន​ច្រាន​ចោល​ការ​សង្ស័យ​នេះ​ទៅ​វិញ។

រហូត​មក​ដល់​ពេល​នេះមាន​រយៈពេល​២ឆ្នាំ​ហើយ​ដែល​អ្នក​​ភូមិ​ ១៨​នាក់​ក្នុង​ភូមិនេះ​ ដែលភាគ​ច្រើន​ជា​មនុស្ស​ចាស់​រស់​នៅ​ជា​មួយ​​មេរោគ​​អេដស៍​នៅ​ក្នុង​ខ្លួន។ ពួកគាត់​ថា ​ពួកគាត់​ទទួ​ល​បាន​ការ​គាំទ្រ​ច្រើន​តែ​ពី​ដំបូង​ ប៉ុន្តែ ​សព្វថ្ងៃ​នេះ ​រាល់​ការ​គាំទ្រ​ពីមុន​ទាំង​ប៉ុន្មាន​ បាន​បាត់​បង់​បន្តិច​ម្តងៗ។

អង្គុយ​នៅ​រាន​ហាល​​មុខ​ផ្ទះ​ជិត​ផ្លូវ​ក្នុង​ភូមិ​ចាក់​បេតុង​មួយ ស្ថិត​នៅ​​ប្រប​នឹង​មាត់​ទន្លេ​សាប ស្រ្តី​​វ័យ​ចំណាស់​ ២នាក់ និង​បុរស​វ័យ​ចំណាស់​​ម្នាក់ដែល​ពួកគេ​មាន​អាយុ​មិន​តិច​ជាង ៦៥​ឆ្នាំ​​ហើយ​នោះ កំពុង​តែ​ជំនុំ​គ្នា និង​អះ​អាង​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ​ពួកគាត់​​ផ្ទុក​មេរោគ​អេដស៍ក្នុង​ខ្លួន។ ពួកគាត់​បាន​អនុញ្ញាត្តិ​ឲ្យ​អ្នក​សារព័ត៌មាន​​យើង​សំណេះ​សំណាល និង​សម្ភាស​ជុំ​វិញ​បញ្ហា​ប្រឈម​របស់​ពួកគាត់​។

កញ្ញា គឺ​ជា​នាម​ដែល​អ្នក​សារព័ត៌មាន​យើង​បាន​ដាក់​ឲ្យ​ស្ត្រី​ម្នាក់​​ដែល​អះ​អាង​មាន​អាយុ ៦៨​ឆ្នាំ​នោះ​។ អ្នកស្រី​កញ្ញា បាន​រៀបរាប់​ថា មក​ដល់​បច្ចុប្បន្ន​នេះ ​អ្នក​ស្រី​ទទួល​បាន​ការ​គាំទ្រថ្នាំ​ពេទ្យពី​រដ្ឋាភិបាល​ប៉ុណ្ណោះ ខណៈ​ដែល​អ្នកស្រី​ត្រូវ​ចំណាយ​ប្រាក់ ៤​ម៉ឺន​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ទទួល​ថ្នាំ​ពេទ្យ​ក្នុង​មួយ​ជើង ប៉ុន្តែ អ្នកស្រី​ថា អ្នក​ស្រី​ពុំ​ទទួល​បាន​ការ​គាំ​ពារ​ផ្នែក​ស្មារតី​អ្វី​នោះ​ទេ។

អ្នក​ស្រី​ កញ្ញា រៀប​រាប់​ថា៖ «បាន​ជួយ​បន្ថែម​ហ្នឹង​អរ​ហើយ​ ខ្លាចតែ​គេ​អត់​ជួយ បាន​គេ​ជួយ​មក​ក៏​អរ​ទៅ។ ខ្ញុំ​អត់​មាន​ធ្វើ​ការ​អី​បាន​ទេ ត្រូវ​ក្ដៅ គឺ​អត់​បាន​សោះ រួច​ក្តៅ​ក្នុង​ខ្លួន​ ក្នុង​ពោះ​ហ្នឹង​ក្តៅ​ហ្មង អត់​ខ្ចី​ធ្វើ​អី​សព្វថ្ងៃ ​មិន​ខ្ចី​ធ្វើ ​ដេក​លក់​ហ្នឹង​តែ​ម្តង ធ្វើ​ទៅ​ត្រូវ​ក្តៅ​អត់​បាន ​វិល​ខ្ញាល់​ដូចកន្តេះ​ឡង់»។

នៅ​ជិត​កញ្ញា គឺ​ជា​ស្ត្រី​ម្នាក់​ទៀត​ដែល​អះ​អាង​ថា មាន​វ័យ ៧០​ឆ្នាំ​ហើយ។ ស្ត្រី​ម្នាក់​នេះ ត្រូវ​អ្នក​សារព័ត៌មាន​យើង​ហៅ​ថា កុមារី។ អ្នកស្រី កុមារី អះ​អាង​ថា រហូត​មក​ដល់ពេល​នេះ គាត់​​ទទួល​បានអំណោយ​ជា​ថវិកា ​និង​គ្រឿង​បរិភោគ​​ពី​​រដ្ឋាភិបា​ល​ចំនួន ២​លើក​​​​ប៉ុណ្ណោះ ប៉ុន្តែ អ្នកស្រី​ថា គ្មាន​នរណា​ជា​មន្ត្រី​រដ្ឋាភិបាល​ចុះ​ទៅ​ផ្ដល់ការ​លើក​ទឹក​ចិត្ត​ដល់​គាត់​នោះ​ឡើយ។ អ្នក​​ស្រី​ថា ​អ្នក​ស្រី​ត្រូវ​ទៅ​បើ​កថ្នាំ​​ម្ដង​នៅ​ក្នុង​រយៈ​ពេល ៣​ខែ នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​មាន​ចម្ងាយ​ប្រហែល ១០​គីឡូម៉ែត្រ​ពី​ភូមិ​ពាម។

អ្នក​ស្រី​ កុមារី ប្រាប់​ថា៖ «ខាង​អង្គការ​ទេដែល​ជួយ​ហ្នឹងនោះ អង្គការ​គេ​ចុះ​មក​ជួយ​យើង​នោះ​ណា! ដូច​បី​ខែ​ហ្នឹង​បាន​ពីរម៉ឺន​អញ្ចឹង​​ទៅ។ ឥឡូវ​ឮថា លែង​បាន​ទៀត​ហើយ អង្គការ​គេ​លែង​ជំនួយ​ហើយ​»។  ​

អ្នក​ស្រី​បន្ថែម​ថា អ្នក​ស្រី​មិន​អាច​ប្រកប​របរ​អ្វី​​ដើម្បី​រក​ចំណូល​បាន​នោះ​ទេ ដោយ​បន្ទុក​គ្រួសារ​បាន​ធ្លាក់លើកូន​អ្នក​ស្រី​ ខណៈ​ដែ​ល​អ្នក​ស្រី​ជា​ស្រ្តី​មេម៉ាយ។​

អនុប្រធាន​ភូមិ​ពាម​ លោក ប៉ិច សាលឿត បាន​ទទួល​ស្គាល់​ថា រាល់​ជំនួយ​ដល់​អ្នក​ភូមិដែល​ផ្ទុក​មេរោគ​អេដស៍​នោះ ​ត្រូវ​បាន​កាត់​បន្ថយ​បន្តិ​ចម្តងៗ​រហូត​មក​ទល់​នឹង​ពេលនេះ ខណៈ​លោក​ថា ​នៅ​ថ្នាក់​ភូមិ​បាន​ត្រឹម​តែជួយ​ពង្រឹងស្មារតី​របស់​ប្រជា​ពល​រដ្ឋ​តែ​ប៉ុណ្ណោះ។

លោក​ថា៖ «តាំ​ងពីមាន​មក ​ខាង​អាជ្ញាធរ​មូ​ល​ដ្ឋាន ខាង​ក្រសួង​សុខាភិបាល​ គេ​យកចិត្ត​ទុក​ដែរ​ណា! គ្រាន់​តែ​ថា ​ពេល​ក្រោយ​មក​ វា​រាង​រយាល​បន្តិច​ដែរ យើង​និយាយ​ចេះ​ទៅ។ បើ​ដំបូង​ៗ​ ខាង​រាជ​រដ្ឋាភិបាល​ ក្រសួង​សុខាភិបាល​ គេ​បាន​ចុះ​មក​មើល​ពិនិត្យ​អី តែ​រាង​យូរ​ឆ្នាំ​ទៅ​ វា​រាង​រយាល​ ប៉ុន្តែ​ គ្រាន់​តែ​ថា គាត់​បាន​ថ្នាំ​ពន្យារ បាន​លេប​ថ្នាំ​​ទៅ វា​រាង​រយាល​អញ្ចឹង​ទៅ។ … កាល​ដំបូង​ គេ​បាន​មក​ជួយ​ជា​កម្លាំង​ចិត្ត ខាង​ក្រសួង​សុខាភិបាល គេ​បាន​ជួយ​ជ្រោម​ជ្រែង​ជា​ស្មារតី​អី​ទៅ ទើប​តែ​ឆ្នាំ​នេះ​ទេ ​ឃើញ​ថា ស្ងាត់​តែ​ម្តង»។

មាត្រា​២៦ នៃ​ច្បាប់​ស្តីពីពី​ការ​បង្ការ និង​ការ​ប្រយុទ្ធទប់​ស្កាត់​ការ​រីក​រាល​ដាល​មេរោ​គ​អេដស៍ និង​ជំងឺ​អេដស៍​ បាន​ចែង​ថា រដ្ឋ​ត្រូវ​ធានា​ឲ្យ​អ្នក​ដែល​ផ្ទុក​​មេរោគ​អេដស៍ និង​អ្នក​ជំងឺ​អេស៍​ ទទួល​បាន​នូវសេវា​ថែ​ទាំ​​សុខភាព​បឋម​ដោយ​ឥត​បង់​ថ្លៃ​ នៅ​តាម​បណ្តាញ​សុខាភិបាល​ទាំង​អស់​របស់​រដ្ឋ និង​ត្រូវ​លើក​ទឹក​ចិត្ត ឲ្យ​មាន​ការ​ចូល​រួ​ម​ពីផ្នែក​ឯក​ជន។

មាត្រា ២៧ នៃ​ច្បា់​នេះ បាន​ចែង​ថា រដ្ឋត្រូវចលនា​ពង្រឹង​​ការ​ចូល​រួម​របស់​ប្រជា​ពល​រដ្ឋ គ្រួសារ អង្គការ​នានា ព្រះ​សង្ឃ ក្រុម​បុព្វជិត​សាសនា និង​ក្រុម​អ្នក​ដែល​ប្រឈម​​នឹង​គ្រោះ​ថ្នាក់​បំផុត សំដៅ​ឧបត្ថម្ភ ថែ​ទាំ និងព្យា​បាល​អ្នក​មាន​មេរោគ​អេដស៍ និង​ជំ​ងឺ​អេដស៍​នៅ​គ្រប់​លំ​ដាប់​ថ្នាក់​ ទូទាំងប្រទេស។

ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិត លី ពេញ​ស៊ុន មាន​ប្រសាសន៍​​ថា ករណីនៅ​ភូមិ​ពាម ក៏​ដូច​ជា​ករណី​អ្នក​ផ្ទុក​មេរោគ​អេដស៍​ផ្សេង​ទៀត មជ្ឈមណ្ឌល​អាច​ត្រឹម​តែ​ជួយពួកគាត់​ឲ្យ​មាន​ថ្នាំពន្យា ការ​ថែ​រក្សា​សុខភាព​ និង​មធ្យោបាយសម្រាប់​ទៅ​បើក​ថ្នាំមួយ​ចំនួន​​ប៉ុណ្ណោះ ខណៈ​ការ​ជួយ​​ទំនុក​បម្រុងសង្គម​កិច្ច​ផ្សេង​ទៀត មិន​មែន​ជា​ភារកិច្ច​របស់​មជ្ឈមណ្ឌល​នោះ​ទេ។

លោក​ថា៖ «កាល​ណា​យើង​ព្យាបាល​ទៅ​ឲ្យ​មាន​សុខភាព​ល្អ គាត់​នឹង​មាន​លទ្ធភាព​ជួយ​ខ្លួន​ឯងបាន​ហើយ។ ជំងឺ​ទាំង​អស់ ​យើង​មិន​អាច​អង្គុយ​ចាំ​ទទួល​ទេ។ អញ្ចឹង ​អ្នក​ជំងឺ ​៦​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​ អញ្ចឹង​យើង​ត្រូវការឧបត្ថម្ភ​ទាំង​អស់ ​វា​ទៅ​អត់​រួច! អញ្ចឹងកាល​ណា​យើង​ជួយ​គាត់​ឲ្យ​មាន​សុខភាព​ល្អ​ហើយ​ គាត់​អាច​មាន​លទ្ធភាព​ទៅ​ប្រកប​ការងារ​អី​ឡើង​វិញ។ ហ្នឹង​ជា​ការ​ជួយ​របស់យើង​ហើយ ហើយពី​ដំបូង​ៗ​ហ្នឹង​ អង្គការ​នានា គាត់​ជួយឲ្យ​សុខភាព​ល្អ​ហ្នឹង​ឯង​ ហើយ​យើង​មិន​មានអ្នក​ជំងឺ​អេដស៍​មួយ​ យើង​ជួយទាំង​អស់​រហូត​ មិន​អាច​ទៅរួច​ទេ»។

ប្រធាន​អង្គការ​ SIT លោក​ ឈុន រឿន បាន​អះ​អាង​ថា ​អង្គការ​របស់​លោក​បាន​​តាម​ដាន​ និង​ធ្លាប់​ជួយ​គាំទ្រ​ដល់​អ្នក​ដែល​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ភូមិនេះ​។ លោកបាន​បង្ហាញ​ក្តី​បារម្ភថា នៅពេល​ដែល​ពល​រដ្ឋ​បាត់​បង់​អ្នក​ជួយ​លើក​ទឹក​ចិត្ត អ្នក​យក​ចិត្ត​ទុក​ដាក់ និង​ការ​ទំនុក​បំរុង​ ​អាច​ធ្វើ​ឲ្យ​អ្នកផ្ទុក​មេរោគ​អេដស៍​មួយ​ចំនួន​ ព្យាយាម​លាក់​បាំង​នូវ​សវតា​ពិត​របស់​ខ្លួន ដែល​អាច​ធ្វើ​ឲ្យ​ពិបាក​គ្រប់​គ្រង និង​តាម​ដាន​ជំងឺ​នេះ​។

លោក​ស្នើទៅ​​រដ្ឋាភិបាល និង​អាជ្ញា​ធរ​មូល​ដ្ឋាន ព្រម​ទាំង​​ប្រជា​ពល​រដ្ឋ ​​ធ្វើ​យ៉ាង​ណា​រក្សា​ទំនាក់​ទំនង និងបង្កើន​ទំនុកចិត្ត​រវាង​គ្នា​នឹង​គ្នា​​​បន្ថែម​ទៀត ​ដើម្បី​ឲ្យ​ពល​រដ្ឋ​ដែល​មា​ន​ផ្ទុក​មេរោគ​ទាំង​នោះ អាច​បើក​ចំហរ​ព័ត៌​មាន និងការ​ពិត​របស់​ពួកគេ​ដល់​រដ្ឋាភិបាល​បាន។

លោក​ថា៖ «រដ្ឋាភិបាល​អញ្ចើញ​គាត់​ទៅ​បើ​ក​អំណោយ​ម្តងៗ​គាត់​ចូល​រួម តែ​គ្រាន់​តែ​ថា​ រដ្ឋាភិបាល​ជួយគាត់​មិន​បាន​គ្រប់ជ្រុង​ជ្រោយ ព្រោះ​គាត់​មាន​កិច្ច​ការ​ច្រើន មិន​មែន​តែ​មួយ​ផ្នែក​សម្រាប់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ហ្នឹង​ទេ។ អញ្ចឹង​ អង្គការ​យើង​ធ្វើ​ការ​ផ្តោ​តទៅ​លើអ្នក​ផ្ទុក​មេរោគ​អេដស៍​ហ្នឹង​តែ​ម្តង។ អញ្ចឹង ខ្ញុំ​គិត​ថា វា​អាស្រ័យ​លើការ​ទំនាក់​ទំនង​ទេ!​ បើ​គាត់​ព្យាយាម​ចេញ​មុខ​ហើយ​ ជួប​ជា​មួយ​រដ្ឋាភិបាល ជួប​ជា​មួយ​មេភូមិ មេឃុំឲ្យ​គេ​ជួយ​ អាហ្នឹង​ខ្ញុំ​គិត​ថា​ គេ​នឹង​ជួយ ប៉ុន្តែ ​ខ្លាច​តែ​គាត់​ថា ​គាត់​ខ្ចិល​ពឹង​ពាក់​ ចាំ​តែ​អង្គការក៏​ពិបាក​ដែរ ព្រោះ​យើង​ឃើញ​ថា​ទៅ​អនាគត​ទៅយើង​ឃើញ​ស្រាប់​ហើយ​ថា ​មូលនិ​ធិ​កាន់​តែ​ចុះ​ថយ»។

ដោយ​អះ​អាង​ថា មាន​បញ្ហា​ប្រឈម​មិន​ខុស​នឹង​ស្ត្រី ២​នាក់​ទៀត​នោះ បុរស​វ័យ​ ​៦៩​ឆ្នាំ ​បាន​សំណូម​ពរ​ដល់​រដ្ឋាភិបាល​ កុំ​ឲ្យ​ទុក​ពួក​គាត់​​ចោល បន្ទាប់​ពី​អង្គការ​ SIT ដែល​គាំទ្រពួកគាត់​នៅ​​ក្នុង​ភូមិ ​បាន​បញ្ចប់​គម្រោង​របស់​ខ្លួន​ទៅ​ហើយ​​នោះ​។

លោក​ថា៖ «ដូច​ថា ខាង​រដ្ឋាភិបាល​ ឬ​ក៏​អង្គការ​សុំ​មក​ជួយ​ផង​ មក​លើក​ទឹក​ចិត្តអ្នក​កើត​ជំងឺ​អេដស៍​ កុំ​ឲ្យ​ថា​ បាន​ថ្នាំ​ផឹក​ហើយ​ ទុក​យើង​ចោលចឹង។ គេ​មក​ជួយ​ជា​សម្ភារៈ​ជា​អី​ចឹង​ទៅ អាហ្នឹង​តាម​គាត់​ទៅ។ មិន​ដឹង​រក​អី​កូន​អើយ រក​ស៊ី​តែ​កូន​ហ្នឹង មិន​ដឹង​ទៅ​ធ្វើ​ស្អី គ្រាន់​តែ​ដើរ​ចុះ​ដើរ​ឡើងនៅ​តែ​ចង្ក្រាន​បន្តិច​ហ្នឹង​ មក​ដេក​ស្តឹក​ទៅ​ហើយ​»។

គ្មាន​បុគ្គល​ណា​ម្នាក់ ត្រូវ​បាន​ដាក់​ឲ្យ​ទទួល​ខុស​ត្រូវ​សម្រាប់​ករណី​ផ្ទុះ​មេរោគ​អេដស៍​ក្នុង​ចំនួន​ច្រើន​បែប​នេះ​នៅ​ភូមិ​ពាម ដូច​​ករណី​នៅ​ឃុំ​រការ ក្នុង​ខេត្ត​បាត់ដំបង​នោះ​ឡើយ។

នៅ​ឯ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង អ្នក​ភូមិ​ដល់​ទៅ ២៩០​នាក់ ត្រូវ​បាន​ធ្វើ​តេស្ត និង​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេសដ៍។ គ្រូ​ពេទ្យ​ក្នុង​ភូមិ​ឈ្មោះ ញ៉ែម ជ្រិន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និងចោទ​ប្រកាន់​​ថា បាន​ព្យាបាល​អ្នក​ភូមិ​ដោយ​ធ្វេស​ប្រហែស បង្ក​ឲ្យ​ឆ្លង​មេរោគ​អេដស៍។

មជ្ឈមណ្ឌល​ជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បាន​ឲ្យ​ដឹង​ថារហូត​មក​ដល់​ឆ្នាំ​២០១៧នេះ​ អ្នក​ផ្ទុក​មេរោគ​​អេដស៍​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​ជាង ៧ម៉ឺន​នាក់៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។